(ភ្នំពេញ)៖ វាគឺជាលក្ខខណ្ឌដែលគ្មានគោលដៅនយោបាយ តែយុត្តិធម៌ និងមនុស្សធម៌ ដូចជាប្រសិនអាមេរិកធានាមកដោះយកគ្រាប់បែកទាំងអស់ ទាំងគីមី និងមិនមែនគីមី ដែលយើងបានរកឃើញ និងកំពុងរកឃើញជាបន្តបន្ទាប់ យកចេញពីទឹកដីកម្ពុជាទេ នោះកម្ពុជានឹងពិចារណាអំពីកិច្ចសហការស្វែងរកអដ្ឋិធាតុទាហានអាមេរិក ដែលបាត់ខ្លួននៅលើទឹកដីកម្ពុជា ទីដែលអាមេរិកទម្លាក់គ្រាប់បែកយ៉ាងទម្ងន់មកលើក្បាលប្រជាជនខ្មែរ បណ្ដាលឲ្យស្លាប់រាប់សែននាក់យ៉ាងអាណោចអាធ័ម។

ប្រសិនអាមេរិកធានាស្វែងរកអដ្ឋិធាតុប្រជារាស្ត្រកម្ពុជា ដែលបាត់ខ្លួនក្នុងចន្លោះឆ្នាំ១៩៧០ ដល់ ១៩៧៩ សងគ្រួសារកម្ពុជាទាំងឡាយវិញ នោះកម្ពុជានឹងមិនចាំបាច់គិតគូរទេ ពោលគឺកម្ពុជានឹងសហការយ៉ាងពេញដៃពេញជើង នៅក្នុងកិច្ចការមនុស្សធម៌មួយនេះ។ យើងចាំមើលតើមហាអំណាចដ៏ខ្លាំងជាងគេលើលោកមួយនេះ មានមនុស្សធម៌ប៉ុណ្ណា?

ម្យ៉ាងវិញទៀត នរណាក៏ដឹងដែរថា អាមេរិកជាប្រទេសដែលផលិត និងលក់គ្រឿងសព្វាវុធធំជាងគេនៅលើពិភពលោក។ អាមេរិកមិនមកដោះគ្រាប់បែកពីកម្ពុជាទេ ព្រោះអាមេរិកចង់ផ្សាយពាណិជ្ជកម្មអួតឲ្យពិភពលោកឃើញថា គ្រាប់រំសេវរបស់ខ្លួនមានប្រសិទ្ធភាព និងគុណភាពខ្លាំងណាស់ កប់ក្នុងដីរាប់សិបឆ្នាំហើយ នៅតែមានគុណភាពសម្លាប់មនុស្សបាន។ ធ្វើដូច្នេះ អាមេរិកអំពាវនាវលក់សព្វាវុធឲ្យបណ្តាប្រទេសដែលមានជម្លោះ (បង្កដោយអាមេរិក) ឲ្យមកទិញសព្វាវុធរបស់ខ្លួន។ នេះជាបំណងពិតនៃឈ្មួញអាវុធដ៏ធំមួយនេះ។

អាមេរិក ជាប្រទេសមហាអំណាចសេដ្ឋកិច្ច និងសព្វាវុធលើលោក ហើយក៏ជាប្រទេសគ្មានមនុស្សធម៌លេីលោកផងដែរ ព្រោះអាមេរិកបានឃើញនូវទុក្ខវេនាយ៉ាងលំបាករបស់ប្រជាពលរដ្ឋខ្មែរ បូករួមទាំងកុមារដែលរងគ្រោះយ៉ាងអាណិតអាសូរ ដោយសារឥទ្ធិពលចំហាយគ្រាប់បែកគីមីរបស់ខ្លួនក៏ដោយ សហរដ្ឋអាមេរិកនៅតែធ្វើព្រងើយកន្តើយ ធ្វើគរធ្វើថ្លង់ ធ្វើខ្វាក់មើលមិនឃើញ ចូលខ្លួនមកដោះស្រាយបញ្ហាគ្រាប់បែករបស់ខ្លួនលើទឹកដីកម្ពុជា។

ជាងនេះទៅទៀត បើទោះបីមានការអំពាវនាវយ៉ាងទទូច ពីសំណាក់ម្ចាស់ដឹកនាំប្រទេសកម្ពុជា និងប្រមុខការពារជាតិរបស់ខ្មែរយ៉ាងណាក៏ដោយ ក៏អាមេរិកនៅតែមិនអើរពើរ ចំពោះទង្វើដ៏ឃោឃៅរបស់ខ្លួនមកលើប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា។

ជាការសន្និដ្ឋាន បើអាមេរិកមិនមកដោះគ្រាប់បែកដែលរកឃើញទាំងនេះទេ គឺអាមេរិកនៅបន្តសំលាប់ខ្មែរមកដល់ថ្ងៃនេះ ហើយនឹងបន្តឃាតកម្មទាំងនេះជារហូតទៅ៕

ពីប្រជាពលរដ្ឋមួយរូបដែលបាត់បង់ឪពុកម្តាយ ដោយគ្រាប់បែកអាមេរិក