(កំពង់ស្ពឺ)៖ បន្ទាប់ពីចូលរួមការប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារ ខែតុលា ឆ្នាំ២០១៧ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ ពេញមួយព្រឹកថ្ងៃទី១៤ ខែតុលារួចមកនេះ លោកទេសរដ្ឋមន្រ្តី អៀង មូលី អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ស្ពឺ បានដឹកនាំការប្រជុំជាមួយថ្នាក់ដឹកនាំគណបក្សឃុំភារីមានជ័យ និងឃុំស្វាយរំពា បានថ្លែងប្រាប់ ក្រុមការងាររបស់លោក ឲ្យទៅចុះឈ្មោះ បោះឆ្នោត ពិសេស ពិសេសប្រជាពលរដ្ឋតែម្ដង ។

ទេសរដ្ឋមន្រ្តីបានថ្លែង ជំរុញទៅដល់ក្រុមការងារគណបក្សឃុំទាំងពីរផងដែរថា៖

១) ពន្លឿនការជំរុញសមាជិកគណបក្សឱ្យទៅចុះឈ្មោះបោះឆ្នោតឱ្យទាន់ពេលវេលា។
២) រួមគ្នារក្សាសន្តិភាព និងការអភិវឌ្ឍ ដែលជាខ្សែចំណងដែលចងភ្ជាប់គ្នា។
៣) ខំប្រឹងទៅរកសមាជិកយើងដែលច្បាស់លាស់ ដោយត្រូវជួបសម្ភាសន៍ឱ្យបាន។
៤) រៀបចំក្រុមការងារដើម្បីធ្វើការវាយបកឱ្យទាន់ពេលវេលា។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ដ្រី បានថ្លែងបញ្ជាក់ជូនអង្គប្រជុំថា តាមលទ្ធផលសម្លេងឆ្នោតឆ្នាំ២០១៧ យើងឈ្នះទាំងនៅស្រុកបរសេដ្ឋ ទាំងខេត្តកំពង់ស្ពឺ និងនៅទូទាំងប្រទេស។ តាមភ័ស្ពុតាងជាក់ស្តែងចុងក្រោយនេះ បង្ហាញឱ្យឃើញថា គណបក្សសង្រ្គោះជាតិមានបរទេសនៅពីក្រោយ រៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាល ដោយការធ្វើបដិវត្តន៍ពណ៌។ ពួកគេគិតតែពីដណ្តើមអំណាច មិនគិតពីការអភិវឌ្ឍទេ។

លោកបន្ដថា រាល់ថ្ងៃយើងបង្កលក្ខណ:ឱ្យវិនិយោគិនមករកស៊ីស្រុកខ្មែរ។ បើគេរកស៊ីមិនកើត បិទរោងចក្រ កូនចៅយើងអត់ការងារធ្វើ។ អ្វីដែលសំខាន់គឺប្រជាជនមានការងារធ្វើ។ បើតាមតួលេខ កម្មកររោងចក្រនៅឃុំភារីមានជ័យ ទទួលបានប្រាក់ខែចូលឃុំ​ ក្នុងមួយខែយ៉ាងតិច២៤ម៉ឺនដុល្លារ។ បើនិយាយពីស្រុកបរសេដ្ឋវិញ ១ឆ្នាំប្រាក់ខែកម្មករហូរ ចូលស្រុកបរសេដ្ឋច្រើនជាង៣០លានដុល្លារ។

មុននឹងបញ្ចប់ លោកទេសរដ្ឋមន្រ្តី បាននាំយកនូវបណ្តាំសម្តេចតេជោ ប្រធានគណបក្សដែលឱ្យយើងរួបរួមគ្នា៥យ៉ាងគឺ៖

១) រួមគ្នារក្សាសន្តិភាពសណ្តាប់ធ្នាប់សង្គម
២) រួមគ្នារក្សាការងារ និងបង្កើនការងារ ទាក់ទាញវិនិយោគិនឱ្យមករកស៊ីនៅស្រុកខ្មែរ ទាក់ទាញទេសចរ
៣) រួមគ្នាផ្តោតលើការងារគាំពារសង្គម
៤) រួមគ្នាយកចិត្តទុកដាក់ពលករ និងការពារពលករ
៥) រួមគ្នាយកចិត្តទុកដាក់ និងពង្រីកទីផ្សារក្រៅប្រទេស៕