(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៧ គឺជាគម្របខួប ៥ ឆ្នាំនៃការសោយទីវង្គត់របស់ សម្តេចព្រះមរបរតនកោដ្ឋ នរោត្តម សីហនុ ហើយនៅសល់តែ ៨ ថ្ងៃទៀតប៉ុណ្ណោះគឺជា ខួបទី២៦ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា។ ទោះបីជាព្រះ កាយព្រះបរមរតនកោដ្ឋបានយាងចាកឆ្ងាយទៅ ប៉ុន្តែព្រះកិត្តិនាមដ៏ឧត្តុង្គឧត្តមរបស់ព្រះ អង្គបានបន្សល់ទុកនៅដល់ប្រជារាស្ត្រកម្ពុជា។ ក្រឡេកទៅអតីតកាល ព្រះបរមរតនកោ ដ្ឋមានព្រះរាជតួនាទីយ៉ាងសំខាន់ក្នុងដណ្តើមឯករាជ្យពីអាណានិគមបារាំង និងកសាង ជាតិឱ្យរីកចម្រើននៅក្នុងសម័យសង្គមរាស្ត្រនិយម និងព្រះអង្គបានចូលរួមកសាងជាតិ ឡើងវិញក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរហូតព្រះអង្គចូលទីវង្គតនៅ ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១២។

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ ខ្មែរទាំងបួនភាគីមានជម្លោះប្រដាប់អាវុធនឹងគ្នារួមមានអ្នកសីហនុនិយម តំណាងដោយសម្តេចឪ នរោត្តម សីហនុ អ្នកជាតិនិយមដឹកនាំដោយលោក សឺន សាន ក្រុមខ្មែរក្រហមដឹកនាំដោយ ខៀវ សំផន និងក្រុមរដ្ឋកម្ពុជាដែលគ្រប់គ្រងទឹកដីភាគច្រើនរបស់កម្ពុជា ដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីសប្រទេសបារាំង ដោយមានអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ រួមនឹងតំណាងប្រទេសហត្ថលេខីចំនួន១៧ ទៀតធ្វើជាសាក្សីក្នុងនោះប្រទេសបារាំង និងឥណ្ឌូនេស៊ីជាសហប្រធាននៃសន្និសីទនេះ។ កិច្ចព្រមព្រៀងនេះ គឺជាការបើកទំព័រប្រវត្តិសាស្រ្តថ្មី និងបានផ្តល់ក្តីសង្ឃឹមដល់ប្រជាជនកម្ពុជាក្នុងការទទួលបានមកវិញ នូវសុខសន្តិភាព និងកសាងឡើងវិញនូវខឿនសេដ្ឋកិច្ច និង លទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីបានបំផ្លិចបំផ្លាញដោយសង្គ្រាមស៊ីវិលជិតពីរទសវត្សរ៍រួច មក។ ភាគីខ្មែរទាំងបួនដែលមានជម្លោះជាហត្ថលេខីនៃកិច្ចព្រមព្រៀងនោះ រួមមាន កិច្ចព្រមព្រៀងសន្តិភាពនេះ ទម្រាំនឹងប្រសូតចេញមកបាន គឺត្រូវបានគេពិពណ៌នាថា មាន «ការលំបាកយ៉ាងខ្លាំង» និងបានចំណាយពេលជាច្រើនឆ្នាំដោយចាប់ផ្តើមពីជំនួបលើកទី១ រវាងសម្តេចឪ នរោត្តម សីហនុ តំណាងឲ្យរដ្ឋាភិបាលត្រីភាគីកម្ពុជាប្រជាធិបតេយ្យនិងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តំណាងភាគីរដ្ឋកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅទីក្រុងហ្វែរអង់តាដឺន័រ (Fere-en Tardenois) នៃប្រទេសបារាំង។

សម្តេច ហ៊ុន សែន ដែលនៅពេលនោះ ធ្វើជានាយករដ្ឋមន្ត្រីផង និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាផង បាន ដឹកនាំការចរចាយ៉ាងស្វិតស្វាញជាមួយនឹងរដ្ឋា
ភិបាលកម្ពុជាប្រជាធិបតេយ្យចូលរួមដោយត្រីភាគីដើម្បីបញ្ចប់សង្គ្រាម។ បើទោះបីជាលោកមានវ័យក្មេង ប៉ុន្តែសម្តេច ហ៊ុន សែន ត្រូវបានគេវាយតម្លៃថា មានភាពចាស់ទុំខាងផ្នែកនយោបាយ ជាអ្នកស្រលាញ់សន្តិភាព ព្រោះលោកមិនចង់ឲ្យពលរដ្ឋខ្មែរជំនាន់ក្រោយបន្តរងគ្រោះដោយសារ សង្គ្រាម ដូចជំនាន់លោកឡើយ។

យោងតាមសៀវភៅមានចំណងជើងថា «ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា» និពន្ធដោយលោក ហារីស្ហមេហ៍តា និងអ្នកស្រី ជូលី មេហ៍តា សម្តេច ហ៊ុន សែន បានបញ្ជាក់ទស្សនៈរបស់លោកថា៖ «វាមានសារៈសំខាន់ណាស់ក្នុងការរកដំណោះស្រាយនយោបាយតាមរយៈការ ចរចា។ កំណែទម្រង់សេដ្ឋកិច្ចបានដើរជាមួយកំណែទម្រង់នយោបាយ។ ប៉ុន្តែស្ថិរភាពនយោបាយត្រូវបានរក្សាទុក ធ្វើដូច្នេះដើម្បីកែទម្រង់ខាងសេដ្ឋកិច្ចអាចអនុវត្តបានស្របជាមួយ នឹងការស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាព»។

កិច្ចចរចារវាងសម្តេច ហ៊ុន សែន និងសម្តេចព្រះ នរោត្តម សីហនុ បានធ្វើជាបន្តបន្ទាប់ក្រោយពី ជួបគ្នាលើកទី ១ នៅទីក្រុងហ្វែរអង់តាដឺន័រ។ កិច្ចចរចាសន្តិភាពទីក្រុងប៉ារីសដំបូង ត្រូវបានចាប់ផ្តើមឡើងជាផ្លូវការ នៅក្នុងខែសីហា ឆ្នាំ ១៩៨៩ គឺមួយខែមុនការដកកងទ័ពវៀតណាមចេញពីប្រទេសកម្ពុជា បន្ទាប់ពីបានលើកទ័ពចូលមកក្នុងទឹកដីកម្ពុជាជួយកម្លាំងតស៊ូ ផ្តួលរំលំរបបខ្មែរក្រហម។ ការដកកងទ័ពវៀតណាមដែលត្រូវបានធ្វើឡើង នៅខែកញ្ញា ឆ្នាំ ១៩៨៩។ ទាក់ទងនឹងបញ្ហានេះសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនាពេលកន្លង មកដោយស្រង់បន្ទូលរបស់សម្តេចឪដែលបានប្រាប់លោកថា ភាគីខ្មែរក្រហមដែលដឹកនាំដោយលោក ខៀវ សំផន បានសន្យាចំពោះព្រះអង្គថា នៅពេលដែលកងទ័ពវៀតណាមដកចេញ នោះ «រដ្ឋាភិបាលរបស់រដ្ឋកម្ពុជានឹងប៉ើងដូចក្រដាស»។ ប៉ុន្តែសម្តេច ហ៊ុន សែន បានឆ្លើយនៅពេលនោះថា ៖ «ចាំមើល មើល! តើនរណាប៉ើង នរណាមិនប៉ើង»។

សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងទៀតថា៖ «ឆ្នាំ ១៩៨៩ កងទ័ពវៀតណាមបានដកចេញអស់ពីប្រទេសកម្ពុជា ប៉ុន្តែសង្គ្រាមនៅតែបន្ត ហើយចាប់តាំងពីឆ្នាំ ១៩៧៩ រហូតដល់ឆ្នាំ ១៩៨៩ គេធ្វើសង្គ្រាមប្រឆាំងនឹងកងទ័ពវៀតណាម។ ប៉ុន្តែពេលកងទ័ពវៀតណាមដកអស់ គេនៅតែបន្តសង្គ្រាមប្រឆាំងជាមួយប្រជាជនកម្ពុជា។ យើងស្អប់សង្រ្គាម ប៉ុន្តែយើងទទួលស្គាល់សង្គ្រាម ដែលសត្រូវតម្រូវឲ្យយើងធ្វើ។ ដូច្នេះការប្រយុទ្ធរបស់យើងនៅពេលនោះ មិនមែនជាការនិយមសង្រ្គាមឡើយ ប៉ុន្តែវាជាសង្គ្រាមក្នុងការស្វែងរកសន្តិភាព និងរកភាពសុខសាន្តជូនប្រជាជន បន្ទាប់មកភាគីជម្លោះព្រម មកតុចរចារកសន្តិភាពនៅឆ្នាំ១៩៩១»

ដំណើរការចរចាដោយមានការជំរុញពីមហាអំណាចទាំង ៥ (បារាំង សហរដ្ឋអាមេរិក ចិន អង់គ្លេស និងសហភាពសូវៀត) ព្រមទាំងមានប្រទេសផ្សេងៗជាសាក្សី បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១។ ដំណោះស្រាយជម្លោះកម្ពុជាដែលសម្រេចចេញមកនេះ កត្តាប្រែប្រួលក្នុងបរិបទអន្តរជាតិ។ កត្តាសំខាន់ជាងគេមួយទៀត ដែលបានជំរុញឲ្យសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅថ្ងៃទី២៣ តុលាឆ្នាំ១៩៩១ គឺដោយសារតែគុណសម្បត្តិ និងទេពកោសល្យនយោបាយរបស់សម្តេចឪ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលមានភាពស៊ីចង្វាក់គ្នាយ៉ាងល្អរវាងបុគ្គលិកលក្ខណៈរបស់ព្រះអង្គ និងបុគ្គលិកលក្ខណៈរបស់ ។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលត្រូវបានពិភពលោកកត់សម្គាល់ថា ជាអ្នកបញ្ចប់ទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម និងនាំសន្តិភាពពេញលេញ និងគ្មានការបែងចែកទឹកដីកម្ពុជាជាពីរចាប់តាំងពីចុងឆ្នាំ១៩៩៨ មក។

សម្តេចឪ នរោត្តម សីហនុ ទ្រង់ក៏បានឈ្វេងយល់ថា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន គឺជាតួអង្គដ៏សំខាន់ម្នាក់ ក្នុងការនាំមកនូវសន្តិភាពជូនប្រទេសកម្ពុជាដែលហែកហួរដោយភ្លើង សង្គ្រាមស៊ីវិលជាងពីរទសវត្សរ៍។ យោងតាមសៀវភៅ «ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា» សម្តេចឪ នរោត្តម សីហនុ បានមានបន្ទូលថា៖«លោកហ៊ុន សែន ជាមេដឹកនាំគួរឲ្យកត់សម្គាល់ម្នាក់។ គាត់ក្មេងតែវាងវៃ ហើយលោកមានបទពិសោធក្នុងកិច្ចការប្រទេសទៀតផង។ គាត់ជាជនស្នេហាជាតិ ហើយមានសេចក្តីស្នេហាពិតប្រាកដចំពោះប្រជាជន របស់គាត់។ គាត់មានមោទនភាពជាតិ។ កាលដែលខ្ញុំនៅក្មេង ខ្ញុំដូចគាត់ ប្រកបដោយថាមពល ចិត្តខ្លាំងដូចព្យុះសង្ឃរា ហិង្សាក្នុងសម្តីតែនេះជាយុវវ័យ។ យើងទាំងអស់គ្នាទុំជោរតាមអាយុ។ ប្រទេសកម្ពុជាមានសំណាង ដោយមានលោក ហ៊ុន សែន។ យើងត្រូវការហ៊ុន សែន ច្រើននាក់ទៀត»។

មួយថ្ងៃមុននឹងប្រារព្ធពិធីខួប ៥ ឆ្នាំនៃការសោយទីវង្គតរបស់ព្រះបរមរតនកោដ្ឋសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាហត្ថលេខីនៃកិច្ចចរចាកិច្ច
ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានប្រសាសន៍ថា សម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ នរោត្តម សីហនុ និងរូបសម្តេចផ្ទាល់ គឺជាតួអង្គដ៏សំខាន់សម្រាប់កិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ហើយបើគ្មានតួអង្គទាំងពីរនេះទេ គឺមិនមានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «បើគ្មានព្រះវត្តមានរបស់ព្រះអង្គ ក៏គ្មានវត្តមាន ក៏គ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ ហើយបើគ្មានវត្តមាន ហ៊ុន សែន ក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ»។ សម្តេចតេជោ បានបន្តថា៖ «គេអាចប៉ោះបង់ចោលការចរចាជាមួយខ្មែរក្រហម ជាមួយក្រុមរបស់លោក សឺន សាន បាន ប៉ុន្តែមិនអាចប៉ោះបង់ចោលការចរចាជាមួយសម្តេច នរោត្តម សីហនុ និងមិនអាចបោះបង់ចោលការចរចាជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទេ»។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកបន្ថែមទៀតថា បើគ្មានជំនួបលើកដំបូងរវាង សម្តេច និងសម្តេចព្រះបរមតនកោដ្ឋនៅ FERE-EN-TARDENOIS នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ និងជំនួបនាពេលបន្តបន្ទាប់ទៀតទេនោះ គឺនឹងគ្មានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសនោះឡើយ។

កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលភាគីខ្មែរក្នុងជម្លោះទាំងបួនយល់ព្រម មានគោលបំណងបីសំខាន់ៗ។ ទី១-កិច្ចព្រមព្រៀងលើដំណោះស្រាយ នយោបាយរួមលើជម្លោះប្រដាប់អាវុធនៅ ក្នុងប្រទេសកម្ពុជា តាមរយៈការអនុវត្តកិច្ចឈប់បាញ់គ្នា និងការរំសាយអាវុធនៅក្នុងជួរទ័ពនៃភាគីជម្លោះទាំងអស់ មានអាណត្តិរបស់អាជ្ញាធរបណ្តោះអាសន្ន របស់ អ.ស.ប.នៅកម្ពុជា រៀបចំការបោះឆ្នោតសកលមួយ រៀបចំបញ្ចូលមកវិញជនភៀសខ្លួន និងរៀបចំរដ្ឋធម្មនុញ្ញថ្មី មួយសម្រាប់ប្រទេសកម្ពុជា។ ទី២- ការពារប្រទេសកម្ពុជាក្នុងនាមជាប្រទេសពេញសិទ្ធិមួយ តាមរយៈការធានានូវអធិបតេយ្យភាព ឯករាជភាព បូរណភាពដែនដី និងភាពពុំអាចរំលោភបំពានបានឡើយទឹកដីអព្យាក្រឹតភាព និងឯកភាពជាតិ នៃប្រទេសកម្ពុជា។ ទី៣-សេចក្តីថ្លែងការណ៍មួយទាក់ទងនឹងការកសាង ប្រទេសកម្ពុជាឡើងវិញ។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ពិតជាបាននាំមកនូវពន្លឺថ្មី នៃវិថីសន្តិភាពនៅកម្ពុជា និងជាការត្រួសត្រាយផ្លូវសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការឈានទៅប្រើនយោបាយ ឈ្នះ-ឈ្នះ អន្ទងយកកងទ័ពខ្មែរក្រហមចេញពីព្រៃផងដែរ បញ្ចប់អង្គការចាត់តាំងនយោបាយ និងយោ ធាខ្មែរក្រហម នាំយកសន្តិភាពពេញលេញជូនជាតិ និងប្រជាជនកម្ពុជា។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាការត្រួសត្រាយផ្លូវថ្មីសម្រាប់កម្ពុជា កសាងនូវរបបមួយថ្មីមានការបោះឆ្នោត មានរដ្ឋធម្មនុញ្ញ និងបញ្ចប់វត្តមានកងទ័ពស្ម័គ្រចិត្តវៀតណាមលើទឹកដីកម្ពុជាផងដែរ ជាពិសេសកិច្ចព្រមព្រៀងនេះបានយាង ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ យាងចូលមាតុកម្ពុជាវិញ និងបង្កើតព្រះរាជាណាចក្រកម្ពុជាទី២។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក៏បានជួយឲ្យកម្ពុជា មានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ពីប្រទេស ដែលស្ងាត់ជ្រងុំ ពីប្រទេសហ៊ុមព័ទ្ធសេដ្ឋកិច្ច មកជាប្រទេសមួយ ដែលត្រូវបានអន្តរជាតិទទួលស្គាល់ជាថ្មីទាំងកត្តាសេដ្ឋកិច្ច នយោបាយ ការអភិវឌ្ឍ បូករួមនិងវិស័យផ្សេងៗជាច្រើនទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា មកពីគណបក្សប្រជាជនកម្ពុជា កើតចេញពីការបោះឆ្នោត ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

ថ្ងៃនេះគឺជាខួបទី៥ នៃការសោយទីវង្គតរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ទូលព្រះបង្គុំយើងខ្ញុំជាកូនចៅចៅទួតសូមក្រាបថ្វាយបង្គុំសម្តែងនូវភាព អាលោះអាល័យក្រៃលែង ចំពោះការសោយទីវង្គតរបស់ព្រះវរបិតាព្រះមហាវិរក្សត្រខ្មែរ។ ទូលព្រះបង្គុំ ជាកូនចៅចៅទួតចងចាំជានិច្ចនូវព្រះបូជនីយកិច្ចរបស់ព្រះអង្គសម្រាប់ប្រទេសកម្ពុជា៕

ដោយ ចៅ ចាក់ស្មុក