(ភ្នំពេញ)៖​ ចាប់ពីម៉ោង ១២៖០០នាទីឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះ កញ្ចប់អត្ថប្រយោជន៍ធំៗចំនួន៣ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋខ្មែរ ដែលជាកញ្ចប់អត្ថប្រយោជន៍នាំឲ្យមានការសប្បាយរីករាយ និងពេញចិត្តពេញថ្លើមយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ។

កញ្ចប់អត្ថប្រយោជន៍ធំៗទាំង៣នោះ រួមមាន៖ ១. ការផ្តល់ជូនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវ និងស្ពានព្រែកព្នៅ ដោយមិនបង់ប្រាក់ទៀតនោះឡើយ, ២. ធ្វើដំណើរចូលទៅកាន់រមណីយដ្ឋានភ្នំបូកគោ និងឧទ្យានជាតិព្រះមុនីវង្ស ដោយមិនចាំបាច់ទិញសំបុត្រ និងទី៣. គឺការផ្តល់ជូនឲ្យកីឡាករ កីឡាការិនីជិះរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញដោយមិនចាំបាច់បង់ប្រាក់។

អ្វីជាការកត់សម្គាល់នោះ កញ្ចប់អត្ថប្រយោជន៍ធំៗទាំង៣នេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ជូនប្រជាពលរដ្ឋនៅចំខួប៥ ឆ្នាំនៃការយាងចូលទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រខ្មែរសម្តេច នរោត្តម សីហនុ។

ការផ្តល់កញ្ចប់អត្ថប្រយោជន៍ចំថ្ងៃយាងសោយទិង្គតរបស់ព្រះមហាវីរក្សត្រខ្មែរពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានគេមើលឃើញថា កញ្ចប់អត្ថប្រយោជន៍ទាំងអស់ គឺជាការឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធរបស់សម្តេចព្រះបរមរតនកោដ្ឋ ដែលព្រះអង្គតែងបានបំពេញព្រះរាជបូជនីយកិច្ចដើម្បីជាតិ និងប្រជាពលរដ្ឋ កាលពីព្រះអង្គនៅមានព្រះជន្មាយុ។

គេក៏មើលឃើញផងដែរថា ការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន គឺជាបង្ហាញឲ្យឃើញពីទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគិតគូរពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋជាធំ ស្របតាមព្រះរាជគំរូវីរភាពរបស់ព្រះមហាវីរក្សត្រ ដែលតែងតែយកទឹកព្រះទ័យគិតគូរខ្ពស់ចំពោះប្រជាពលរដ្ឋខ្មែរ៕

ខាងក្រោមនេះ គឺជាវីដេអូបង្ហាញទឹកចិត្តសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅពេលបានឆ្លងស្ពាន និងផ្លូវដោយមិនបង់ប្រាក់៖