(ភ្នំពេញ)៖ ខណៈដែលរៀបចំពិធីបង្សុកូល រម្លឹកវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ក្នុងឱកាសខួប៥ឆ្នាំនៃការសោយទិវង្គត នៅរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យចេះស្រលាញ់គ្នា សាមគ្គីគ្នា។

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ស្អែកនេះ គឺជាខួបលើកទី៥ឆ្នាំ នៃការសោយទិវង្គតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំពិធីរំលឹកព្រះវិញ្ញាណក្ខន្ធ នៅថ្ងៃស្អែក ប៉ុន្តែសម្រាប់សម្តេចក្រុមដែលជាព្រះរាជបុត្ររបស់ព្រះអង្គ បានរៀបចំពិធីនេះ នៅក្នុងគេហដ្ឋានរបស់សម្តេច នៅបុរីទន្លេបាសាក់ រាជធានីភ្នំពេញ។

នៅក្នុងឱកាសយាងប្រារព្ធពិធីរំលឹកព្រះវិញ្ញាណក្ខន្ធនេះ សម្តេចក្រុមព្រះពុំបានមានព្រះបន្ទូលច្រើនទេ ហើយក៏ពុំបានលើកឡើងអំពីនយោបាយនៅកម្ពុជាដែរ ប៉ុន្តែព្រះអង្គបានបួងសួងដើម្បី ប្រជាពលរដ្ឋទាំងអស់ ឱ្យចេះស្រលាញ់គ្នា សាមគ្គីគ្នា និងរស់នៅប្រកបដោយសុខសន្តិភាព។

សូមបញ្ជាក់ថា ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ទ្រង់បានយាងសោយព្រះទិវង្គតក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយព្រះជរាពាធនៅទីក្រុងប៉េកំាង ប្រទេសចិន កាលពីវេលា ម៉ោង១៖២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ តុលា ឆ្នាំ២០១២ ដែលជាថ្ងៃភ្ជុំបិណ្ឌធំនៅកម្ពុជា។

ព្រះបរមសពសម្តេចឪត្រូវបានដង្ហែពីទីក្រុងប៉េកំាង មកដល់ប្រទេសកម្ពុជាកាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ ដោយមានប្រជានុរាស្រ្តរបស់ព្រះអង្គរាប់លាននាក់ មកពីគ្រប់ទិសទីចូលរួម ទទួលដង្ហែព្រះបរមសព និងសម្តែងមរណទុក្ខដ៏ក្រៀមក្រំ និងនាំគ្នាបង្ហូរទឹកភ្នែក ដោយសារការនឹកស្តាយស្រណោះអង្គសម្តេចឪ ដែលបានលាចាក ឆ្ងាយពីកូនចៅគ្មានថ្ងៃវិលវិញ៕