(កណ្តាល)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងផ្តាំផ្ញើដល់ប្រជាពលរដ្ឋឲ្យប្រឹងប្រែងធ្វើអំពើល្អ ហើយត្រូវមានការសម្រេចចិត្តឲ្យបានត្រឹមត្រូវមុននឹងសម្រេចជឿលើអ្វីមួយ ពោលមិនត្រូវជឿលើការឃោសនា ឬការសន្យាខ្យល់ របស់ជនខិលខូចនោះឡើយ។

លោក ស៊ុន ចាន់ថុល បានបន្ថែមថា ក្រុមមនុស្ស ឬគណបក្សនយោបាយខ្លះ តែងតែសន្យាបែបនេះ បែបនោះ តែធាតុពិត ជាការសន្យាគ្រាន់តែទទួលផលចំណេញផ្នែកនយោបាយប៉ុណ្ណោះ ហើយអាចនឹងធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ប្រទេសជាតិមានវិបត្តិថែមទៀតផង។

ការគូសបញ្ជាក់របស់លោក ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសកម្មជនគណបក្សប្រជាជនកម្ពុជានៅក្នុងស្រុកកោះធំនាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧នេះ។

ក្នុងកិច្ចសំណេះសំណាលនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងបង្ហាញអំពីការយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារគណបក្សប្រជាជនកម្ពុជានៅក្នុងស្រុកកោះ តាមរយៈការអភិវឌ្ឍ និងដំណោះស្រាយគ្រប់រូបភាព។ ដូចជាការផ្តល់សាលាបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃ ដែលបានរៀបចំរួចរាល់ហើយសម្រាប់ឃុំសំពៅពូន ហើយសម្រាប់ឃុំដទៃក្នុងស្រុកក៏កំពុងរៀចំជាបន្តបន្ទាប់ទៀត។

ជាការគិតគូរដល់សិស្សានុសិស្សដែលបានទើបប្រឡងជាប់បាក់ឌុបក្នុងស្រុកកោះធំ លោកទេសរដ្ឋមន្រ្តី បានផ្តល់ជូនអាហារូបករណ៍ឲ្យទៅសិក្សានៅបរទេសចំនួន ១៥កន្លែង និងអាហារូបករណ៍ក្នុងប្រទេសជាច្រើនកន្លែងទៀត។ លើសពីនេះទៅទៀត លោកទេសរដ្ឋមន្រ្តី ក៏បានជម្រាបជូនពីការរៀបចំមូលនិធិសង្គម និងការបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីការរស់នៅកាន់តែប្រសើរសម្រាប់ប្រជាជនក្នុងស្រុកកោះធំ...។ល។ ពាក់ព័ន្ធការដឹកជញ្ជូនកសិផលលោកទេសរដ្ឋមន្ត្រី បានចាត់ឲ្យថ្នាក់ដឹកនាំស្រុកចុះពិនិត្យ និងសាកសួរប្រជាពលរដ្ឋផ្ទាល់ ដើម្បីធ្វើរបាយការណ៍ ដាក់ជូនថ្នាក់ដឹននាំដើម្បីពិនិត្យលទ្ធភាពដោះស្រាយជាអាទិភាព ធ្វើយ៉ាងណាធានាបានការដឹកជញ្ជូនដែលមិនមានបង់កម្រៃសេវាក្រៅផ្លូវការ។

លោក ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លើការផ្តល់ជូននូវប្រាក់ខែកម្មកររោងចក្រចាប់ពីឆ្នាំ២០១៨ ទៅយ៉ាងតិចបំផុតនឹងទទួលបាន ១៧០ដុល្លារ ក្នុងមួយខែ ដែលមានអត្រាខ្ពស់ជាងប្រទេសជាច្រើនក្នុងតំបន់។

ការផ្តល់សេវារថយន្តក្រុងដោយឥតគិតថ្លៃរយៈពេលពីរឆ្នាំ ជូនកម្មករកម្មការនី ដើម្បីសម្រួលដល់ជីវិភាពរស់នៅរបស់ពួកគាត់។ ការទាក់ទាញវិនិយោគពីបរទេសដើម្បីបង្កើតការងាធ្វើជូនប្រជាពលរដ្ឋ ទំនាក់ទំនងល្អរវាងកម្ពុជានិងចិនដែលអាចអនុញ្ញាតឱ្យកម្ពុជានាំអង្ករ៣០ម៉ឺនតោន ក្នុងមួយឆ្នាំទៅលក់នៅប្រទេសចិន ដំណើរការចរចាជាមួយដៃគូរបទេស ដើម្បីបង្កើនតម្លៃកសិផលកម្ពុជានាំចេញក្រៅប្រទេស ការៀបចំនិងកសាងរោងម៉ាស៊ីនកិនស្រូវ និងឡសម្ងួតស្រូវដើម្បីអាចស្តុកទុកស្រូវអង្ករបានយូរ ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាបន្តបន្ទាប់...។ល៕