(រតនគិរី)៖ អភិបាលខេត្តរតនគិរី លោក ថង សាវុន រួមនិងមន្រ្តីរាជការមូលមតិធ្វើអង្គកឋិនទានមួយដង្ហែទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្តឥសាន្តរតនារាម (ភ្នំស្វាយ) ស្ថិតក្នុងក្រុងបានលុង។ អង្គកឋិនទាននេះ ប្រមូលបច្ច័យបានប្រមាណ ១០៥,៨២១,៥០០រៀល និង ២៥,១៤២ដុល្លារ សម្រាប់តម្កល់ទុកបន្តកសាងសមិទ្ធិផលក្នុងទីអារាម និងព្រះពុទ្ធបដិមា។

ថវិកាដែលទទួលបានពីអង្គកឋិនទាននេះ នឹងយកទៅសាងសង់ព្រះពុទ្ធបដិមាដែលមានកម្ពស់ប្រមាណ ១៦ម៉ែត្រ បល្ល័ង្ក ១២ម៉ែត្រធ្វើអំពីថ្មដាប់ ចំណាយថវិកាជិត ២០ម៉ឺនដុល្លារ ស្ថិតនៅលើកំពូលភ្នំស្វាយ ដែលជាភ្នំដ៏ខ្ពស់មួយ និងជារមណីយដ្ឋានវប្បធម៌ទេសចរណ៍ និងជាទីសក្ការៈបូជាសម្រាប់ប្រជាពុទ្ធបរិស័ទ៕