(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាហត្ថលេខីនៃកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១) បានថ្លែងថា សម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ នរោត្តម សីហនុ និង រូបសម្តេចផ្ទាល់ គឺជាតួអង្គដ៏សំខាន់សម្រាប់កិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ហើយបើគ្មានតួអង្គទាំងពីរនេះទេ គឺមិនមានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសនោះឡើយ។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ដូច្នេះក្នុងកិច្ចសំណេះសំណាលជាមួយសិស្សនិទ្ទេស A ៤២៤នាក់ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន ដែលជាម្ចាស់ហត្ថលេខីនៃកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសមកពីភាគីរដ្ឋាភិបាលខ្មែរក្នុងសម័យរដ្ឋកម្ពុជា បានថ្លែងបញ្ជាក់ថា «បើគ្មានព្រះវត្តមានរបស់ព្រះអង្គ ក៏គ្មានវត្តមាន ក៏គ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ ហើយបើគ្មានវត្តមាន ហ៊ុន សែន ក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ»។

សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តថា «គេអាចប៉ោះបង់ចោលការចរចាជាមួយខ្មែរក្រហម ជាមួយក្រុមរបស់លោក សឺន សាន បាន ប៉ុន្តែមិនអាចប៉ោះបង់ចោលការចរចាជាមួយសម្តេច នរោត្តម សីហនុ និងមិនអាចបោះបង់ចោលការចរចាជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទេ»។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកបន្ថែមទៀតថា ជំនួបលើកដំបូងរវាងសម្តេច និងសម្តេចព្រះបរមតនកោដ្ឋនៅ FERE-EN-TARDENOIS នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ និងជំនួបនាពេលបន្តបន្ទាប់ទៀតទេនោះ គឺនឹងគ្មានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសនោះឡើយ។

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ គឺជាខួប ២៦ឆ្នាំហើយនៃកិច្ចចរចាទីក្រុងប៉ារីស។ ២៣ តុលា ១៩៩១ គឺជាថ្ងៃចុះកិច្ចព្រមព្រៀងជាច្រើនចំណុច ដើម្បីបញ្ចប់សង្រ្គាមនៅកម្ពុជា ដែលត្រូវបានគេហៅជាទូទៅថា កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសនោះ។ ការចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងរវាងភាគីខ្មែរត្រីភាគី រួមមានក្រុមសម្តេចសីហនុនិយម ក្រុមអ្នកជាតិនិយមរបស់លោកតា សឺន សាន ក្រុមខ្មែរក្រហមរបស់ ប៉ុល ពត ដែលដឹកនាំដោយសម្តេចព្រះបរមរតនកោដ្ឋ និងភាគីរដ្ឋកម្ពុជា តំណាងដោយសម្តេចហ៊ុន សែន និងមានប្រទេសបារាំង និង ឥណ្ឌូនេស៊ីជាសហប្រធាន និងមានការដឹងឮពីប្រមុខការទូត នៃប្រទេសចំនួន ១៧ផ្សេងទៀត។

កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលដៅសំខាន់ៗ បីយ៉ាងរួមមាន៖ទី១. រៀបចំឲ្យមានសន្តិភាពឡើងវិញ នៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍ បទឈប់បាញ់ និងការរំសាយអាវុធក្នុងជួរកងទ័ព នៃភាគីជម្លោះខ្មែរទាំង៤, ទី២. ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតសភាធម្មនុញ្ញ និង ទី៣. ការពារអធិបតេយ្យ ឯករាជ្យ បូរណភាព និង ភាពពុំអាចរំលោភបំពានបានឡើយនូវទឹកដីអព្យាក្រឹតភាព និង ឯកភាពជាតិរបស់ប្រទេសកម្ពុជា។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ពិតជាបាននាំមកនូវពន្លឺថ្មី នៃវិថីសន្តិភាពនៅកម្ពុជា និងជាការត្រួសត្រាយផ្លូវសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការឈានទៅប្រើនយោបាយឈ្នះឈ្នះ អន្ទងយកកងទ័ពខ្មែរក្រហមចេញពីព្រៃផងដែរ។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាការត្រួសត្រាយផ្លូវថ្មីសម្រាប់កម្ពុជា កសាងនូវរបបមួយថ្មីមានការបោះឆ្នោត មានរដ្ឋធម្មនុញ្ញ និងបញ្ចប់វត្តមានកងទ័ពវៀតណាមលើទឹកដីកម្ពុជាផងដែរ។ ជាពិសេសកិច្ចព្រមព្រៀងនេះបាននាំយកព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ យាងចូលមាតុកម្ពុជាវិញ និងបង្កើតរាជាណាចក្រថ្មី។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក៏បានជួយឲ្យកម្ពុជា មានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ពីប្រទេស ដែលស្ងាត់ជ្រងុំ ពីប្រទេសហ៊ុមព័ទ្ធសេដ្ឋកិច្ច មកជាប្រទេសមួយ ដែលត្រូវបានអន្តរជាតិទទួលស្គាល់ជាថ្មីទាំងកត្តាសេដ្ឋកិច្ច នយោបាយ ការអភិវឌ្ឍ បូករួមនិងវិស័យផ្សេងៗជាច្រើនទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា មកពីគណបក្សប្រជាជនកម្ពុជា កើតចេញពីការបោះឆ្នោត ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ៕