(ភ្នំពេញ)​៖ សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧នេះ បានរៀបចំពិធីប្រគល់សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ​ជូន​ឥស្សរជន​ឆ្នើម​ចំនួន​៤រូប។ ​

ថ្លែងក្នុងពិធីនោះ លោក​បណ្ឌិត​ ឡាច​ សំរោង​ សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ ថ្លែង​ថា​ ​ឥស្សរជន​ឆ្នើម​ចំនួន​៤រូប ដែលទទួលសញ្ញាបត្រ​បណ្ឌិត​កិត្តិយស​នេះរួមមាន៖ ​លោកស្រី​ឧកញ៉ា​ កែវ​ ម៉ាលី,​ លោក​ស្រី​ យូ​ អយ,​ លោក​ឧកញ៉ា​ វិញ​ ហ៊ួរ​ និង​លោក​ ថៃ​ នរៈ​សត្យា​។

លោក​បណ្ឌិត​ ជីវ​ កេង​ អនុប្រធាន​តុលាការ​កំពូល ​ថ្លែង​ថា​ ថ្ងៃនេះជាសករាជថ្មីមួយទៀត របស់​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ ដែលបានសម្រេចប្រគល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ជូនឥស្សរជនចំនួន៤រូបថ្មីទៀត​ដែល​ សាកសម​នឹង​ទទួលបាននូវ​កិត្តិយស​នេះ។

លោក​បណ្ឌិត​ ជីវ​ កេង​ បន្ត​ថា ​ក្នុងរយៈពេល១០ខែមកនេះ សាកលវិទ្យាល័យ​ បានសម្រេច​បាននូវ​សមិទ្ធផល ​គួរ​ឱ្យ​កោតសរសើរបំផុត​ ជាមួយនឹង​កម្ម​វិធី​សិក្សាថ្មី រួមទាំងការបង្កើតឡើងនូវ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ សាខា​នៅក្រុងបាត់ដំបង និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល​ អនុញ្ញាត​ឱ្យ​សាកលវិទ្យាល័យ ​បន្តវគ្គបណ្ដុះបណ្ដាលមន្ត្រីរាជការ វ័យចំណាស់បន្ថែមទៀត ។

ជួស​មុខ​ឱ្យអ្នក​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​នេះ​ លោក​ស្រី​ យូ​ អយ​ ​ថ្លែង​អំណរគុណ​ចំពោះ​គណៈ​អធិបតី​ និង​សាកលវិទ្យាល័យ​ដែល​បាន​យកចិត្ត​ទុកដាក់​ ផ្តល់​នូវ​សេចក្តី​ទុក​ចិត្ត​រៀបចំ​នូវ​ការ​បណ្តុះបណ្តាល​ រហូត​ទទួល​បាន​ជំនាញ​និង​ចំណេះដឹង​ថ្មីៗ​ ដើម្បី​ចូលរួម​បម្រើ​ប្រទេស​ជាតិ​៕