(ភ្នំពេញ)៖ សមាគមអតីតកម្មសិក្សាការី JICA កម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧នេះ បានបើកសិក្ខាសាលាមួយ ស្តីពី «ការជ្រើសរើសមុខវិជ្ជាសិក្សា និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ»​ នៅមជ្ឈមណ្ឌលកិច្ចសហការរវាងកម្ពុជា-ជប៉ុន (CJCC) ដោយមានសិក្ខាកាមប្រមាណជា៤០០នាក់ចូលរួមយ៉ាងច្រើនកុះករ។

លោក ជិន ម៉ាលីន​ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានសមាគមអតីតកម្មសិក្សាការី JICA កម្ពុជា បានលើកឡើងថា សមាគមអតីតកម្មសិក្សាការី JICA កម្ពុជា បានរៀបចំសិក្ខាសាលានេះ ដើម្បីផ្តល់ចំណេះដឹង និងបទពិសោធន៍ ទៅដល់និស្សិតដោយផ្ទាល់ រួមមាន និស្សិតទើបតែបញ្ចប់ការប្រឡងបាក់ឌុប កាលពីពេលថ្មីៗនេះ ហើយក៏ដូចជានិស្សិតនៅសាកលវិទ្យាល័យ នៅឆ្នាំទី១ និងឆ្នាំទី២ ដែលគាត់មិនទាន់សម្រេចចិត្តថា ជ្រើសរើសយកមុខ វិជ្ជាមួយណា។

លោក ជិន ម៉ាលីន​ អះអាងថា វាគ្មិន ដែលចូលរួមចែករំលែកនៅក្នុងសិក្ខាសាលានេះ និងប្រាប់ពីវិធីសាស្រ្ត ធ្វើឲ្យជីវិត​ ជោគជ័យទាំងការងារ និងការសិក្សា។ វាគ្មិនទាំងអស់សុទ្ធតែអញ្ជើញមកពី វិស័យឯកជន និងអ្នកនយោបាយវ័យក្មេង មន្រ្តីរាជការ គាត់មកដើម្បីចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ការសិក្សាបែបណាទទួលបានជោគជ័យ ហើយជ្រើសរើស មុខវិជ្ជាណា ទើបសម្រេចគោលបំណងយើងបាន។

លោក វ៉ាត់ ដារ៉ា ជាសិស្សទើបប្រឡងជាប់ថ្នាក់ទី១២ ដែលបានចូលរួមនៅក្នុងសិក្ខាសាលាខាងលើ បានឲ្យដឹងថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់របស់សិស្សនិស្សិត ពីព្រោះអាចជាការចង្អុលបង្ហាញទិស ដល់រូបគាត់ និងនិស្សិតដទៃទៀត អាចជ្រើសរើសមុខវិជ្ជាដ៏ត្រឹមត្រូវយកមកសិក្សា និងឲ្យត្រូវទីផ្សារការងារនៅក្នុងប្រទេសកម្ពុជា។

សិស្សរូបនេះ បានបន្ថែមថា បើគាត់ជ្រើសរើសមុខវិជ្ជាបានត្រូវ និងចំគោលដៅ នោះជីវិតការងារររបស់លោក អាចឈានរកជីវិតជោគជ័យជាក់ជាមិនខាន។ លោករំពឹងថា សិក្ខាសាលាតម្រង់ទិសបែបនេះ អាចនឹងមានជាហូរហែរបន្ថែមទៀតដើម្បីជាការផ្តល់ចំណេះដឹង និងជំនួយសល់សិស្សនិស្សិត។

សិក្ខាសាលាមួយស្តីពីការជ្រើសរើសមុខវិជ្ជាសិក្សា និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ កម្មវិធីនេះរៀបចំឡើង ដោយសមាគម អតីតកម្មសិក្សាការី JICA កម្ពុជា ដែលបង្កើតឡើងដោយ អតីតសិស្សទៅសិក្សានៅប្រទេសជប៉ុន របស់ JICA ទាំង វគ្គបណ្តុះបណ្តាលវែង និងខ្លី អ្នកទាំងអស់គ្នា ដែលត្រលប់មកវិញ បានរួមគ្នាបង្កើតសមាគមន៍នេះឡើង។

គួរបញ្ជាក់ថា សមាគមនេះ មានសមាជិកជាង១៥០០នាក់ ដែលមាននៅតាមបណ្តារាជធានី-ខេត្ត នៅទូទាំងប្រទេស និងបណ្តា គ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល និងវិស័យឯកជន និងអង្គការសង្គមស៊ីវិល។ សមាគមនេះ បង្កើតឡើង ដើម្បីរឹតចំណងមិត្តភាពរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយរាជរដ្ឋាភិបាលជប៉ុន និងទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន និងជាការផ្លាស់ប្តូរចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលមាន ពីប្រទេសជប៉ុន យកមកអភិវឌ្ឍន៍ តាមរយៈការងារ នៅតាមសហគមន៍ និងប្រជាពលរដ្ឋកម្ពុជាផ្ទាល់។ សមាគមមួយនេះ បានរួមគ្នាធ្វើសកម្មភាពទាំងក្នុងស្រុក និងក្រៅប្រទេស ទាំងការងារសង្គម និងសហគមន៍ តាមរយៈការអប់រំ និងបណ្តុះបណ្តាលជាដើម៕