(ភ្នំពេញ)៖​ កូនស្រីរបស់លោក ជា ប៉ូច អ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ឈ្មោះ ជា សូរក្សា ដែលរៀនពូកែ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានទទួលនិទ្ទេស A នៅថ្ងៃទី១៤​ ខែតុលានេះ បានចូលជួបសំណេះសំណាល ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៅវិមានសន្តិភាព។

ថ្លែងក្នុងឱកាសសំណេះសំណាលដោយផ្ទាល់ជាមួយសិស្សនិទ្ធេស A ដែលក្នុងនោះមានកូនស្រីរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិផងដែរនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការអប់រំមិនត្រូវបានរើសអើង ឬប្រកាន់បក្សពួកនោះឡើយ ហើយ​ភាពខុសគ្នានៃផ្នែក នយោបាយមិនមែនជាឧបសគ្គសម្រាប់ការអប់រំនោះទេ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ក្នុងវិស័យអប់រំរបស់យើងគ្មានទេ ការប្រកាន់បក្ខពួក...តើចៅស្រី ជា សូរក្សា ជានរណា? ជាកូនរបស់អ្នកតំណាងរាស្ត្រ ឯកឧត្តម ជា ប៉ូច នៃគណបក្សសង្គ្រោះជាតិ។ ការប្រឡង ហើយនឹងការធ្វើអ្វីក៏ដោយគ្មាន ការដែលត្រូវប្រកាន់ជាបក្ខជាពួកទេ។ ចំណុចនេះ ជាចំណុចដែលខ្ញុំចង់បញ្ជាក់ និយាយពីបញ្ហាបក្ខពួកដែលគេចោទឡើង ឥឡូវនៅថ្ងៃនេះ ចៅស្រីដែលជាកូនរបស់ ឯកឧត្តម ជា ប៉ូច អ្នកតំណាងរាស្ត្រនៃគណបក្សប្រឆាំង ត្រូវបានមកអង្គុយនៅទីនេះដូចគ្នា គ្មានការរើសអើងទេ សង្គមវាបែបនេះ»

ក្នុងចំណោមសិស្សនិទ្ទេស A នៅឆ្នាំ២០១៧នេះ មានចៅស្រីរបស់សម្តេចតេជោ ហ៊ុន សែន ម្នាក់ ក៏ទទួលបាននិទ្ទេស A ផងដែរ។

សូមជម្រាបថា សិស្សប្រឡងបាក់ឌុប ឆ្នាំ២០១៧ ដែលទទួលនិទ្ទេស A ទាំង៤២៤នាក់ នេះ គឺមករាជធានីភ្នំពេញ ចំនួន១៩៤នាក់, សៀមរាប ចំនួន៤៧នាក់, កណ្ដាល ចំនួន២៦នាក់, បាត់ដំបង ចំនួន២៣នាក់, កំពត ចំនួន២១នាក់, កំពង់ចាម ចំនួន២០នាក់, ព្រៃវែង ចំនួន១២នាក់, បន្ទាយមានជ័យ ចំនួន១២នាក់, កំពង់ឆ្នាំង ចំនួន១២នាក់, ព្រះសីហនុ ចំនួន៩នាក់, កំពង់ធំ ចំនួន៩នាក់, តាកែវ ចំនួន៨នាក់, ត្បូងឃ្មុំ ចំនួន៧នាក់, ពោធិ៍សាត់ ចំនួន៦នាក់, ក្រចេះ ចំនួន៦នាក់, ស្វាយរៀង ចំនួន៥នាក់, ព្រះវិហារ ចំនួន២នាក់, កែប ចំនួន២នាក់, កំពង់ស្ពឺ ចំនួន១នាក់, ប៉ៃលិន ចំនួន១នាក់ និងមកពីខេត្តកោះកុង ចំនួន១នាក់៕