(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបារាយណ៍ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧នេះ បានផ្ដល់ការណែនាំដល់កីឡាករអុំទូកង ក្នុងស្រុកបារាយណ៍ ត្រូវពង្រឹងឲ្យបាននូវសាមគ្គីភាព មិត្តភាពជាមួយកីឡាករក្នុងក្រុម និងកីឡាករទាំងអស់ ដើម្បីញ៉ាងបរិយាកាសនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ខាងមុខនេះ កាន់តែមានភាពល្បីល្បាញឡើង។

អនុសាសន៍ណែនាំនេះ ត្រូវបានធ្វើឡើងក្នុងពេលជួបសំណេះសំណាលជាមួយគណៈកម្មការ និងកីឡាករចំណុះទូកង ជាង២០០នាក់ នៅវត្តចតុលោក និងវត្តបាណក ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានទូកងចំនួន២៖ ទី១.មានឈ្មោះ «ចតុលោកតេជោសែនជ័យ» និងទី២.មានឈ្មោះ «ធនស័ក្តិតេជោសែនជ័យ បារមីវត្តបាណក» ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយដែលនឹងត្រូវចូលរួមប្រណាំងក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នៅពេលខាងមុខនេះ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា «ពិធីបុណ្យអុំទូក ដែលមានប្រវត្តិតាំងពីបរមបុរាណ ដ៏យូរលង់ណាស់មកហើយ ដែលប្រារព្ធឡើងដើម្បីបង្ហាញ ពីវប្បធម៌ប្រពៃណី និងដើម្បីរំលឹកដល់វីរភាព អង់អាចក្លាហាននៃទ័ពជើងទឹកខ្មែរ នាសម័យបុរាណ»។

លោករដ្ឋមន្ត្រីក៏បានណែនាំ ដល់កីឡាករចំណុះទូកទាំង២ ត្រូវរក្សាឲ្យបាននូវស្មារតីសាមគ្គីភាព មិត្តភាព ជាមួយកីឡាករ ជាមួយកីឡាករក្នុងក្រុម និងកីឡាករឯទៀតៗ និងត្រូវរក្សាឲ្យបានខ្ជាប់ខ្ជួននូវវិន័យ គោរពបទបញ្ជារបស់គណៈកម្មការ ដើម្បីដណ្តើមយកជ័យជំនះលើគូប្រកួត ពិសេសកីឡាករទាំងអស់ មិនត្រូវទទួលទានគ្រឿងស្រវឹង និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន។ ទាំងអស់គ្នាត្រូវចូលរួមក្នុងការរក្សាសន្តិសុខ សុវត្ថិភាព អនាម័យ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ធ្វើយ៉ាងណាឲ្យពិធីបុណ្យប្រពៃណីមួយនេះ ប្រព្រឹត្តទៅបានល្អ ដើម្បីឲ្យព្រឹត្តិការណ៍នេះ ក្លាយជាព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌មួយដ៏ល្បីល្បាញ និងមានភាពទាក់ទាញបំផុតសម្រាប់ទេសចរជាតិ និងអន្តរជាតិ។

លោកប្រធានក្រុមការងារក៍បានផ្តាំផ្ញើរដល់កីឡាករទាំងអស់ត្រូវគោរពវិន័យអោយបានខ្ជាប់ខ្ជួន កំអោយចាញ់បោកការញុះញង់របស់មជ្ឈដ្ឋានអគតិមួយចំនួនដែលបង្កអោយបានចលាចល និងអសន្តិសុខដល់ប្រទេសជាតិយើង។

លោករដ្ឋមន្រ្តី ថោង ខុន បានបញ្ជាក់ទៀតថា «ដោយគោលនយោបាយឈ្នះៗរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី កម្ពុជាមានសុខសន្តិភាពបរិបូរ និងស្ថិរភាពនយោបាយ នាំឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឲ្យកម្ពុជាមានលទ្ធភាព ប្រារព្ធនូវព្រឹត្តការណ៍ធំៗសំខាន់ៗ ដូចជាព្រឹត្តិការណ៍បុណ្យអុំទូក ទេសចរណ៍វប្បធម៌ ព្រឹត្តិការណ៍ទេសចរណ៍កីឡា ពិធីបុណ្យសមុទ្រ និងពិធីបុណ្យទន្លេជាដើម»។

លោករដ្ឋមន្ត្រី ថោង ខុន បានធានារ៉ាប់រងទាំងស្រុងចំពោះការចំណាយសម្រាប់ទូកទាំងពីរនេះ ដែលរួមមានការជួសជុល ការហ្វឹកហាត់ ការធ្វើដំណើរទៅ-មក ការស្នាក់នៅ ហូបចុក សំលៀកបំពាក់ និងការឧបត្ថម្ភផ្សេងៗទាំងនៅមូលដ្ឋាន និងនៅរាជធានីភ្នំពេញ រួមទាំងការឧបត្ថម្ភដល់ភរិយាកីឡាករនៅផ្ទះផងដែរ។ លោករដ្ឋមន្ត្រីក៏បានប្រគេនសុីម៉ង់២តោនសម្រាប់វត្តចតុលោក និងប្រគេនថវិកា១លានរៀល ជូនព្រះចៅអធិការវត្តបាណកក្នុងឱកាសបុណ្យកឋិនសាមគ្គីផងដែរ។

គួរបញ្ចាក់ថាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០១៧នេះ នឹងប្រព្រឹត្តទៅ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥កើត និង១រោច ខែកក្តិក ត្រូវនឹងថ្ងៃទី២-៣-៤ ខែវិច្ឆិកា។ មានទូកងប្រមាណ ២៧០គ្រឿង ត្រៀមចូលរួមប្រឡងប្រណាំង នៅមុខព្រះបរមរាជវាំង។ ចំនួនទូក ២៧០គ្រឿងនេះ បានកើនជាង២០ទូក បើធៀបនឹងឆ្នាំ២០១៦។ ទីតាំងចំណតទូកង និងកន្លែងស្នាក់នៅរបស់ក្រុមកីឡាករទូកមួង ទូកចែវ គឺស្ថិតនៅតំបន់អភិវឌ្ឍន៍ខណ្ឌជ្រោយចង្វាររបស់ក្រុមហ៊ុន OCIC និងនៅអតីតកំពង់ផែស្វយ័តក្រុងភ្នំពេញ៕