(ភ្នំពេញ)៖ ដើម្បីធានានូវគុណភាពសេវា ឆ្លើយតបតាមតម្រូវការប្រើប្រាស់ របស់ប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងឈានចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ និយ័តករទូរគមនាគមន៍កម្ពុជា បានស្នើដល់ក្រុមហ៊ុន​ទូរស័ព្ទចល័តទាំងអស់នៅកម្ពុជា រៀបចំបំពាក់ស្ថានីយ៍ ទូរស័ព្ទចល័ត Mobile Tower-COW (Cell on Wheels) ដំឡើងនៅតាមបណ្ដាទីតាំងសំខាន់ៗ ​នៃទីក្រុងភ្នំពេញ។

ក្នុងនោះផងដែរ និយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ឲ្យដឹងទៀតថា មុនពេលដំឡើងស្ថានីយ៍ទូរស័ព្ទចល័ត សូមក្រុមហ៊ុនទាំងអស់ ទំនាក់ទំនងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិជាមុនសិន។

សូមជម្រាបថា ឲ្យតែដល់ឱកាសព្រះរាជពិធីបុណ្យអ៊ុំទូកម្តងៗ ប្រជាពលរដ្ឋតែងតែសម្រុកមកលេង នៅរាជធានីភ្នំពេញយ៉ាងច្រើន ហើយពួកគាត់តែងតែរអ៊ូរទាំថា ពិបាកនិយាយទូរស័ព្ទដោយសារសេវាទូរស័ព្ទពិបាក៕