(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ បានបន្តក្រើនរំឭកឲ្យយុវជន និងប្រជាពលរដ្ឋទូទៅទាំងកម្មករ-កម្មការិនី ពិសេសអ្នកប្រកបរបររត់ម៉ូតូឌុប កង់បី ធ្វើការស្វែងយល់ឲ្យបានច្បាស់ពីអត្ថប្រយោជន៍យ៉ាងច្រើនដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់ជូនជាបន្តបន្ទាប់មក ឲ្យយើងទាំងអស់គ្នានៅពេលថ្មីៗនេះ។

លោក ជា ពិសី បានបញ្ជាក់ថា ពិសេសសូមឲ្យយុវជន និងប្រជាពលរដ្ឋទូទៅទាំងកម្មករ-កម្មការិនី និងអ្នកប្រកបរបររត់ម៉ូតូឌុប កង់បី ធ្វើការស្វែងយល់អំពីគោលនយោបាយរបស់មេបក្សប្រឆាំង ដែលកំពុងព្យាយាមធ្វើបាបយើងទាំងអស់គ្នា តាមរយៈការដាក់ចេញនូវគោលនយោបាយ «កុំ៣» ដោយបានប្រាប់ទៅបរទេសថា កុំទី១៖ កុំផ្ដល់ជំនួយមកឲ្យកម្ពុជា, កុំទី២៖ កុំមកវិនិយោគនៅកម្ពុជា និងកុំទី៣៖ កុំឲ្យទិញទំនិញពីកម្ពុជា ដែលជាគោលនយោបាយញុះញង់ លាបពណ៌បង្កភាពចលាចលដល់សង្គមជាតិ ជាគោលនយោបាយបដិវត្តន៍ពណ៌យ៉ាងពិតប្រាកដ។

លោក ជា ពិសី បានបញ្ជាក់ថា «ការព្យាយាមធ្វើបាបប្រជាពលរដ្ឋកម្ពុជា ជាបន្តបន្ទាប់ តាមរយៈគោលនយោបាយ «កុំ៣» របស់មេដឹកនាំ គណបក្សប្រឆាំងខាងលើនេះ មិនអាចទទួលបានជោគជ័យឡើយ ព្រោះខុសគ្នាពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន បានដាក់ចេញនូគោលនយោបាយឲ្យមាន «សុំ៣» ដោយសុំទី១៖ សុំឲ្យមានការវិនិយោគនៅកម្ពុជា, សុំទី២៖ សុំឲ្យផ្ដល់ជំនួយមកឲ្យកម្ពុជា និងសុំទី៣៖ សុំឲ្យជួយទិញទំនិញពីកម្ពុជា»

លោក ជា ពិសី បានលើកឡើងបែបនេះ នៅពេលសំណេះសំណាល ពិនិត្យសុខភាព និងពិសារអាហារសាមគ្គីរួមគ្នា ក្នុងកម្មវិធី «ស្ត្រីដើម្បីពុកម៉ែបងប្អូន» នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលម៉ូឌែន៥ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ក្រោមការចូលរួមពីលោក ឃុត ចាន់ដារ៉ា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ រួមនិងសមាជិក សមាជិកា ក្រុមការងារស្ត្រី នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានី-ខណ្ឌ-សង្កាត់ និងក្រុមគ្រូពេទ្យសមាគមសេវាសុខាភិបាលភូមិខ្ញុំ និងសមាជិក សមាជិកា សសយកខណ្ឌ-សង្កាត់ ព្រមទាំងប្រជាពលរដ្ឋមកពីតាមបណ្ដាភូមិនានា ពិសេសពូៗ បងៗ ជាអ្នកប្រកបរបររត់ម៉ូតូឌុប រត់រ៉ឺម៉កកង់បីប្រមាណជា៣៨៩នាក់ ដោយមិនប្រកាន់និន្នាការ ពូជសាសន៍ ពណ៌សម្បុល និងជាការបង្កើតទំនាក់ទំនងឲ្យកាន់តែជិតស្និតបន្ថែមទៀតៗ

លោក ជា ពិសី បានថ្លែងនៅក្នុងកម្មវិធី «ស្ត្រីដើម្បីពុកម៉ែបងប្អូន» ថា នៅពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្ត្រចំណងជើង២ ចុងខ្សែ៥ យ៉ាងដូច្នេះថា ទី១-សន្តិភាព ទី២-អភិវឌ្ឍន៍។ ដោយចុងខ្សែទី១-គឺរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ ចុងខ្សែទី២-គឺរួមគ្នាថែរក្សាការងារដែលកំពុងមាន និងបង្កើតការងារថែមទៀត ដើម្បីកូនចៅរបស់យើង ចុងខ្សែទី៣-គឺបង្កើនចំណូល បន្ថយចំណាយ មិនយកពន្ធលើប្រាក់ឈ្នួល ក្រោម១លានរៀល និងយកចិត្តទុកដាក់កំណត់ថ្លៃថាមពលអគ្គីសនី និងទឹក ចុងខ្សែទី៤-គឺខិតខំកសាងច្បាប់ ស្ដីពីប្រាក់ឈ្នួលអប្បរមាជូនកម្មករនិយជិត និយោជក ត្រូវទទួលបង់ប្រាក់របបថែរក្សា សុខភាព១០០% ចាប់ពីខែមករា ឆ្នាំ២០១៨តទៅ និងផ្ដល់ប្រាក់របបមាតុភាព១២០% រយៈពេល៣ខែ ហើយនិងខិតខំកសាងមន្ទីរពេទ្យបង្អែកនៅជិតរោងចក្រ សហគ្រាស និងបំពាក់សម្ភារបរិក្ខាគ្រប់គ្រាន់។

រោងចក្រសហគ្រាសនីមួយៗ ត្រូវគិតគូររៀបចំគិលានដ្ឋានផ្ទាល់ ដើម្បីពិនិត្យព្យាបាលជម្ងឺកម្មករនិយោជិត ចាប់តាំងពីខែសីហា ឆ្នាំ២០១៧នេះ។ រយៈពេល២ឆ្នាំ កម្មករនិយោជិត មានសិទ្ធិជិះរថយន្តរដ្ឋ ដោយមិនចាំបាច់បង់ថ្លៃ ពិសេសចាប់ពីឆ្នាំ២០១៩ទៅ នឹងដាក់ឲ្យអនុវត្តរបបសោធននិវត្តន៍ កម្មករ និងយោជិត និងចុងខ្សែទី៥-គឺយកចិត្តទុកដាក់ចំពោះពលករ ចំណាកស្រុកធ្វើការនៅបរទេស។

លោក ជា ពិសី បានថ្លែងទៀតថា សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យដំឡើងប្រាក់ឈ្នួលជូន កម្មករ-កម្មការិនីដល់ទៅ១៧០ដុល្លារ ក្នុងឆ្នាំ២០១៨ខាងមុខ រួមនិងទិញផ្លូវស្ពានលីយ៉ុងផាត់ និងផ្លូវឡើងរមណីដ្ឋានប្រវត្តិសាស្ត្រភ្នំបូកគោ បានដាក់ជាសម្បត្តិរដ្ឋ និងបានដាក់ជូនឲ្យប្រើប្រាស់ឆ្លងកាត់ដោយមិនបាច់បង់ប្រាក់ថែមទៀត ចាប់ពីថ្ងៃទី១៥ ខែតុលា ខាងមុខតទៅ ដែលជាអត្ថប្រយោជន៍ដ៍ធំធេងមួយសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ពិសេសនៅពេលឆាប់ខាងមុខនេះ សម្ដេចតេជោ និងអញ្ជើញចូលរួមជាអធិប្បតីភាពដ៍ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបើកការដ្ឋានស្ថាបនាស្ពានបេឡេ និងផ្លូវបេតុងឆ្លងកាត់ទន្លេសាប នៅចំណុចឃ្លាំងសាំងសូគីមិច នាសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

លោកបន្តថា សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅម្ចាស់ផ្ទះ ដែលមានបន្ទប់ជួលដាច់ខាត សូមកុំដំឡើងថ្លៃផ្ទះ ទឹក ភ្លើង ពិសេសសម្រាប់កម្មការិនី ដែលឆ្លងទន្លេ «សម្រាលបានកូន១» និងទទួលបានថវិកា៤០ម៉ឺនរៀល «សម្រាលកូនភ្លោះ២» និងទទួលបានថវិកា៨០ម៉ឺនរៀល «តែបើសម្រាលបានកូនភ្លោះ៣» និងទទួលបានថវិកា១លាន២០ម៉ឺនរៀល ពីសម្ដេចតេជោ ហ៊ុន សែន ពីព្រោះក្មេងៗទាំងនោះ ជាចៅរបស់សម្ដេច ហើយអាចសម្រាកបានរយៈពេល៣ខែ និងទទួលបានប្រាក់ខែដល់ទៅ១២០ភាគរយ សម្រាប់ទ្រទ្រង់សុខភាពប្រចាំថ្ងៃថែមទៀត៕