(ភ្នំពេញ)៖ តន្ត្រី​ដើម្បី​ក្តី​ស្រលាញ់ Music for Love ដែលមានការចូលរួមពី ក្រុមនិស្សិត​សកលវិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិ​ល្បៈ និងសិស្សានុសិស្ស​នៃ​សាលា​តន្ត្រី The Art of School សហការគ្នា​ប្រគុំ​តន្ត្រី​មនុស្សធម៌​មួយ ជាមួយ​សិ​ល្បៈករ​កូរ៉េ នៅ​សាល​មជ្ឍមណ្ឌល​សហប្រតិបត្តិ​ការ ​កម្ពុជា​-​កូរ៉េ នាយប់ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៧ បានប្រមូលបានថវិកាចំនួន៩៦៦ដុល្លារ និង៤,៧៨០,០០០រៀល ​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប ដែល​កំពុង​ខ្វះខាត និង​ត្រូវការ​ជំនួយ​យ៉ាងខ្លាំង​។

​លោក ម៉ៅ លី​ហេង ស្ថាបនិក​ក្រុម​សហស្សវត្ស​មនុស្សធម៌ និង​ជា​អ្នករៀបចំ​កិច្ចការ​ទូទៅ នៃ​ការប្រគុំ​តន្ត្រី​មនុស្សធម៌​នោះ បានថ្លែងថា​ ការប្រគុំ​តន្ត្រី​នេះ យើង​ឲ្យ​ឈ្មោះថា «តន្ត្រី​ដើម្បី​ក្តី​ស្រឡាញ់​» ដោយហេតុថា យើងខ្ញុំ​មើលឃើញ​កុមារ​កម្ពុជា​យើង រាប់រយ​ពាន់​នាក់ កំពុង​ទទួល​បានការ​សង្គ្រោះ​ជីវិត ពី​ជម្ងឺ​ផ្សេងៗ​របស់​ពួកគាត់ ហើយ​នៅមាន​កុមារ​រងគ្រោះ រាប់ពាន់នាក់​ទៀត មិនទាន់​ទទួលបាន​ការសង្គ្រោះ​។

​ទន្ទឹមគ្នានេះ មន្ទីរពេទ្យ​កុមារ​អង្គរ ជា​មន្ទីរពេទ្យ​ទទួល​ព្យាបាល​មិន​យក​កំរៃ​មួយ​នេះ ក៏​កំពុង​ខ្វះខាត​ថវិកា​ទ្រទ្រង់​ការព្យាបាល​នោះ​ផងដែរ អញ្ចឹង​ហើយ​ទើប​យើងខ្ញុំ​ក៏​រៀបចំ​ការប្រគុំ​តន្ត្រី​មនុស្សធម៌ «​តន្ត្រី​ដើម្បី​ក្តី​ស្រលាញ់ Music for Love» មួយ​នេះ​ឡើង​។​ ​ការប្រគុំ​តន្ត្រី​មនុស្សធម៌​នេះ យើង​ធ្វើ​ការលក់​សំបុត្រ​ចូលរួម​ទស្សនា តម្លៃ​សំបុត្រ​៣​ដុល្លារ ហើយ​ថវិកា​នោះ យើង​និង​ជូន​ដល់​មន្ទីរពេទ្យ​ទាំងអស់ បូករួម​ថវិកា​ម្ចាស់​ឧបត្ថម្ភ​នានា​ផង​។​

​តំណាង​ក្រុមនិស្សិត​ភូមិន្ទ​វិចិត្រ​សិ​ល្បៈម្នាក់ បានឲ្យដឹងថា ពួកយើង​ជា​ខ្មែរ ពួកយើង​មាន​ឆ​ន្ទះ​ជួយ​ដល់​សង្គម ដោយ​ប្រើ​ចំណេះ ជំនាញ តាម​ដែល​ពួកយើង​ធ្វើទៅបាន ម្យ៉ាងទៀត ដើម្បី​អភិរក្ស​សិ​ល្បៈ​វប្បធម៌​ជាតិ យើងខ្ញុំ​ក៏​ស្ម័គ្រចិត្ត​រួមគ្នា​សំដែង ក្នុង​ព្រឹត្តិការ​ការប្រគុំ​តន្ត្រី «​តន្ត្រី​ដើម្បី​ក្តី​ស្រលាញ់ Music for Love» នេះ​ឲ្យ​អស់ពី​សមត្ថភាព ក៏​ជាការ​សម្តែង​ពី​ទឹកចិត្ត​អាណិត​ស្រលាញ់ ដល់​កុមារ​រងគ្រោះ​ទាំងនោះ​ផងដែរ​។​

​លោក ឃឹម តា​រាវ​ឌ្ឍ​នះ នាយក​សាលា​តន្ត្រី The Art of School ក៏បានឲ្យដឹងដែរថា​ កុមារ​ត្រូវមាន​សិទ្ឋិ​ទទួល​ការសិក្សា និង​ការទទួលបាន​សេវា​ថែទាំ​សុខភាព និង​សិទ្ឋិ​ផ្សេងៗ​ទៀត​។ ប្រទេស​កម្ពុជា​យើង កុមារ​ងាយ​រងគ្រោះ​ផ្នែក​សុខភាព​ជាងគេ ហើយ​យើង​ម្នាក់ៗ ​ក៏ត្រូវ​ចូលរួម​មើលថែ រក្សា​កុមារ​រងគ្រោះ​ទាំង​នោះដែរ អាស្រ័យហេតុនេះ យើង​ក៏មាន​មន្ទីរពេទ្យ​សំរាក​ព្យាបាល​ជាច្រើន ក្នុងនោះ​ក៏មាន​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​ព្យាបាល​មិន​យកលុយ ហើយ​ឥលូវ​មន្ទីរពេទ្យ​មានការ​ខ្វះខាត ដូចនេះ​មេត្តា​យើង​ទាំងអស់​ចូលរួម​ឧបត្ថម្ភ ដើម្បី​មន្ទីរពេទ្យ​មាន​ល​ទ្ឋ​ភាព​ព្យាបាល​កុមារ​រងគ្រោះ​ទាំងនោះ​៕