(កំពង់ធំ)៖ លោក អ៊ុយ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា និងលោក ប្រាក់ សារ៉ាត អភិបាលរងខេត្តតំណាងលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសហការី នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ បានអញ្ជើញចូលរួមចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាចំនួន៥១៦គ្រួសារ នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោក អ៊ុន ប៊ុត្ត ប្រធានអនុសាខាកាកបាទក្រហមស្រុកកំពង់ស្វាយ បានធ្វើរបាយការណ៍សង្ខេបអំពីស្ថានភាពភូមិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំផាត់សណ្តាយ គឺពឹងផ្អែកទៅលើការប្រកបមុខរបរនេសាទតែមួយមុខប៉ុណ្ណោះ ក្រៅពីនេះនៅរដូវប្រាំងប្រជាពលរដ្ឋមួយចំនួន ប្រកបមុខរបរដំាបន្លែបន្ទាប់បន្សំ។

លោក ប្រាក់ សារ៉ាត បានបញ្ជាក់ថា ការចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមនេះ មិនមែនជាលើកទី១នោះទេ គឺចែកជូនដល់គ្រួសារដែលខ្វះស្បៀង ក្នុងនោះមាន ស្ត្រីមេម៉ាយ ស្ត្រីផ្ទុកមេរោគអេដស៍ ចាស់ជរា ជនរងគ្រោះដោយធម្មជាតិ និងប្រជាពលរដ្ឋទីទ័លក្រ កំពុងជួបការលំបាក ដោយមិនសំដៅទៅលើប្រជាពលរដ្ឋទូទៅឡើយ។ ថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួច តែបានជួយរំលែកទុក្ខលំបាករបស់បងប្អូន បានមួយចំណែកផងដែរ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ត្រូវស្លាប់ដោយសារគ្មានស្បៀងអាហារនោះទេ។

លោកបន្ថែមទៀតថា នេះគឺជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលបានពីការចូលរួមឧបត្ថម្ភគាំទ្ររបស់ សប្បុរសជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ «ទីណាមានទុក្ខលំបាក ទីនោះតែងតែមានកាកបាទក្រហម» ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានការបាទក្រហមកម្ពុជា បូករួមជាមួយនឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹងសប្បុរជន ជាបុគ្គល ជាអង្គភាពក្រុមហ៊ុន និងជាអង្គការសង្គមស៊ីវិល។

លោក អ៊ុយ សំអាត បាននាំមកនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីន្លែង ដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយ អ្វីឡើយ។ លោកបន្ថែមទៀតថា ការចែកអំណោយមនុស្សធម៌នេះ គឺស្របទៅនឹងការអនុវត្តវិស័យស្នូលទំាងបួន ដើម្បីឲ្យមានភាពកាន់តែប្រសើឡើង ធានាបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តទិសយុទ្ធសាស្ត្រ ២០១១-២០២០ របស់ថ្នាក់ជាតិ ឲ្យទទួលបានជោគជ័យ ស្របតាមសូចនាករ និងគោរពគោលការគ្រឹះទំាងប្រាំពីរ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព សកលភាព។

ក្នុងនោះដែរ លោកបានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ ឲ្យថែរក្សាសុខភាព រស់នៅមានអនាម័យ ត្រូវបរិភោគទឹកដាំពុះ គេងក្នុងមុង នឹងមិនត្រូវសេពគ្រឿងស្រវឹងនៅចេញទៅទៅនេសាទ ដើម្បីជៀសវាងគ្រោះថ្នាក់យថាហេតុ។ អំណោយដែលត្រូវទទួលក្នុងមួយគ្រួសារមាន អង្ករ ៣០kg មី ១កេស ត្រីខ ១យួរ និងឃីដ ១កញ្ចប់៕