(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសស្រាល៤នាក់ និងរបួសធ្ងន់១០នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៦គ្រឿង រថយន្តតូច៣គ្រឿង, អ្នកថ្មើជើង២នាក់ និងរយន្ដធុនធំ៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, ស្រវឹង, មិនប្រកាន់ស្ដាំ, បត់គ្រោះថ្នាក់ និងងងុយគេង។

សូមបញ្ជាក់ថា រយៈពេល១៣ថ្ងៃ ខែតុលា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៩៩លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន៣៩នាក់ របួសធ្ងន់ចំនួន៩៧នាក់ និងរបួសស្រាលចំនួន៣៥នាក់៕