(ភ្នំពេញ)៖ របបប្រល័យពូជសាសន៍ប៉ុលពត គឺជាផលវិបាកដែលកើតចេញមកពីអន្តរាគមន៍របស់ចក្រពត្តិអាមេរិក ដែលមកដុតបង្កាត់ភ្លើងសង្គ្រាមនៅកម្ពុជា កាលពីឆ្នាំ១៩៧០ រួចហើយរត់បោះបង់ចោលទាំងអាយ៉ងទាំងពលរដ្ឋស្លូតត្រង់​ ទុកឱ្យខ្មែរក្រហមកាប់សម្លាប់ពីខែមេសា ឆ្នាំ១៩៧៥ ដល់ខែមករាឆ្នាំ១៩៧៩ ។ ទ្រង់ សិរិមត: លោក ឡុង បូរ៉េត ...ខ្មែររាប់លានដែលជា អ្នករាជការ ទាហាន បញ្ញវន្ត័ ព្រះសង្ឃ កសិករ រាស្ត្រសាមញ្ញ ត្រូវបានគេសម្លាប់ដោយផ្ទាល់ និងដោយប្រយោល (ឈឺ អត់អាហារ)។

ពេលនេះអាមេរិកមកស្រែកឱ្យខ្មែរជួយបង្ហាញស្មារតីមនុស្សធម៌ ដោយសហការជួយរុករកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួន ដែលអ្នកទាំងនោះ ចូលមកបង្កមរណភាពដល់ជនជាតិខ្មែររាប់សែនរាប់លាននាក់កាលពីជំនាន់នោះ។ តើអាមេរិកមានខួរក្បាលទេ ? ចុះអដ្ឋិធាតុពលរដ្ឋខ្មែរដែលស្លាប់ហើយមិនដឹងគេកប់ (ឬបោះចោល) នៅកន្លែងណានោះយ៉ាងម៉េចដែរ ? អ្នកទាំងនោះមិនមែនជាសត្វធាតុទេ ហើយក្រុមគ្រួសារគេត្រូវការយកទៅធ្វើបុណ្យ ។

ខ្ញុំយល់ថាប្រសិនបើស្ថានទូតអាមេរិកបើកការិយាល័យមួយ រៀបចំបញ្ជីឈ្មោះពលរដ្ឋខ្មែរដែលបានបាត់ខ្លួន ហើយសហការជួយរុករកអដ្ឋិធាតុប្រគល់ឱ្យក្រុមគ្រួសារខ្មែរដែរនោះ ដូចដែលខ្លួនគិតពីពលរដ្ឋអាមេរិក  ស្ថានទូតនឹងអាចបញ្ជាក់ឱ្យខ្មែរជឿពីមនុស្សធម៌របស់អាមេរិកបានមួយកំរិតទៀត ។

ខ្ញុំត្រៀមខ្លួន ដើម្បីផ្តល់នូវបញ្ជីឈ្មោះអ្នកបាត់ខ្លួននៅក្នុងគ្រួសាររបស់ខ្ញុំ រាប់ទាំងឪពុករបស់ខ្ញុំថែមទៀត ដែលមានទាំងសក្ខីភាពយ៉ាង​ជាក់លាក់ថា ពួកគាត់ពិតជាបានរស់នៅក្នុងសង្គមខ្មែរ រួចហើយត្រូវបានបាត់ ដោយសារអាមេរិកភៀសខ្លួនរត់ចោលនៅក្នុងខែមេសាឆ្នាំ ១៩៧៥ ។ ហើយខ្ញុំជឿថា ខ្មែររាប់លាននាក់ នឹងមានសំណូមពរនេះដល់អាមេរិក ។

សូមកុំភ្លេចថា ចំនួនទាហានអាមេរិកបាត់ខ្លួននៅកម្ពុជា រាប់ដោយម្រាមដៃបាន តែចំនួនពលរដ្ឋខ្មែរបាត់ខ្លួនវិញ ទោះបូកលេខនឹងកុំព្យុទ័រក៏មិនបានត្រឹមត្រូវដែរ៕

​ពីប្រជាពលរដ្ឋមួយរូប ដែលបាត់បង់ឪពុកម្តាយនិងបងប្អូនដោយសារការទម្លាក់គ្រាប់បែកអាមេរិក

ខាងក្រោមនេះជារូបភាពក្មេងដែលទទួលរងឥទ្ធិពលនៃសារធាតុគ្រាប់បែកគីមីរបស់អាមេរិក នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង៖