(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងក្រុមការងារ នៅរសៀលថ្ងៃទី១៣ ខែតុលានេះ បានបញ្ជូនកូនប្រជាពលរដ្ឋ៣នាក់ កើតមកមិនប្រក្រតីគួរឲ្យអាសូរ ដោយសារឥទ្ធិពលដ៏សាហាវ នៃគ្រាប់បែកគីមីរបស់អាមេរិក ដែលបានបន្សល់ទុកពីសម័យសង្រ្គាម នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង បានយកមកមកព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផាហើយ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា «យើងបានសហការជាមួយនិងក្រុមគ្រូពេទ្យគន្ធបុប្ផា ដើម្បីបន្តព្យាបាលពួកគាត់ទាំង៣នាក់នេះ ដោយយកចិត្ដទុកបំផុត ហើយយើងនឹងបន្ដឧបត្ថម្ភជូនពួកគាត់ និងគ្រួសារ រហូតដល់សុខភាពគាត់ប្រសើរ និងត្រលប់ទៅស្រុកកំណើតវិញ»។

ទន្ទឹមនោះនឹង រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ក៏អំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្ដស្វាយរៀង កុំទៅជិតទីតាំងគ្រាប់បែកគីមីឲ្យសោះ ពិសេសឪពុកម្ដាយ ដែលអាណាព្យាបាល ត្រូវពន្យល់ប្រាប់ និងការពារពួកគាត់ ឲ្យនៅឆ្ងាយ ពីទីតំាងនេះ ។

រដ្ឋមន្ដ្រីថ្លែងបន្ដថា «ក្រៅពីកុមារទាំង៣នាក់នេះ​ គឺមានកុមារជាច្រើននាក់ទៀត ដែលរងនៅផលប៉ះពាល់ដោយសារតែគ្រាប់បែកគីមី របស់អាមេរិកពីសម័យសង្រ្គាមបន្សល់ ដូច្នេះហើយ កាលពីថ្ងៃទី១១ ខែតុលាថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបញ្ជាឲ្យក្រសួងសុខាភិបាលយើង ចុះស្រាវជ្រាវ និងពិនិត្យ ព្យបាល ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំគគីរ  ព្រោះពួកគាត់បានរស់នៅជាមួយគ្រាប់បែកគីមីរបស់អាមេរិកអស់រយៈពេលប្រមាណជា ៤០ឆ្នាំមកហើយ។ ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្រេចឲ្យសាងសង់មណ្ឌលសុខភាពថ្មីមួយ នៅក្នុងមូលដ្ឋានឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ទីដែលគ្រាប់បែកគីមីដ៏សាហាវរបស់អាមេរិកបន្សល់ទុក ហើយបង្កបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋរាប់រយគ្រួសារ»។

គួររម្លឹកថា គ្រាប់បែកគីមីរបស់អាមេរិក ដែលទម្លាក់នៅក្នុងចន្លោះទសវត្សរ៍ឆ្នាំ៦០ និង៧០ បានបន្សល់ទុកយ៉ាងរាយប៉ាយនៅក្នុងឃុំគគីរ មកដល់ពេលនេះមន្រ្តីជំនាញអាវុធគីមី និងCMAC បានរកឃើញចំនួន ១៥ទីតាំងហើយ។ មន្រ្តីជំនាញអះអាងថា គ្រាប់បែកគីមីនេះ មិនឥទ្ធិពល ពិសពុលខ្លាំងណាស់សម្រាប់សុខភាពរបស់មនុស្ស ហើយក៏អាចទារកក្នុងផ្ទៃមានការលូតលាស់មិនប្រក្រតី រហូតជួបភាពពិការសរីរាង្គណាមួយថែមទៀតផង៕