(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទទួលបន្ទុកអនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា គិតចាប់ពីខែមករា មកទល់នឹងខែកញ្ញា ឆ្នាំ២០១៧នេះ មានមនុស្ស១០៥នាក់បានស្លាប់ ដោយសារគ្រោះធម្មជាតិនៅកម្ពុជា ហើយក្នុងនោះមានមនុស្ស៧២នាក់ បានស្លាប់ដោយសារតែគ្រោះរន្ទះបាញ់ ហើយទិន្នន័យទាំងអស់នេះ មានការថមថយដល់ ទៅ៥០ភាគរយ បើធៀបនឹងឆ្នាំមុន។

លោកទេសរដ្ឋមន្ត្រី ថ្លែងបែបនេះនៅក្នុងទិវា «អាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងអន្តរជាតិកាត់បន្ថយគ្រោះមហន្តរាយ» នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគារកាំប៊ូឌីយ៉ាណា ដោយមានការចូលរួមពី លោកស្រី Clairen Van Der Varen តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា រួមនឹងថ្នាក់ដឹកនាំមួយចំនួនទៀត។

ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានបញ្ជាក់យ៉ាងដូច្នោះថា «៩ខែឆ្នាំនេះ បើខ្ញុំគិតសរុបតាមមុខសញ្ញាផ្សេងៗ មានទាំងពីរន្ទះបាញ់ ទឹកជំនន់ ទឹកភ្លៀង ខ្យល់ព្យុះ មិននិយាយពីចរាចរណ៍បើកបរទេ យើងមាន១០៥នាក់ ហើយច្រើនជាងគេនោះគឺ ករណីរន្ធះបាញ់មានរហូតដល់ទៅ៧២នាក់ ចឹងហើយរន្ទះបាញ់នឹងដើរតួច្រើនជាងគេតែម្តង។ សម្រាប់គ្រោះធម្មជាតិទាំង៩ខែនេះ មានការថយចុះស្ទើរតែ៥០ភាគរយទៅហើយ»

លោកទេសរដ្ឋមន្ត្រី ក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ មេត្តាមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា និងការពារទៅតាមអ្វីដែលអាចធ្វើទៅបាន ដែលពីមុនអ្នកជំនាញ បានប្រាប់ពីវិធីទប់ស្កាត់ ពីគ្រោះធម្មជាតិរន្ទះបាញ់មួយនេះ ហើយប្រជាពលរដ្ឋមួយចំនួនកន្លងមកធ្លាប់អនុវត្តទៅមិនកើតរឿងអី គួរតែអនុវត្តបន្តទៀតទៅ គឺដើម្បីសេចក្តីសុខប្រជាពលរដ្ឋទាំងអស់។

ក្រៅពីនេះ លោកទេសរដ្ឋមន្រ្តី ក៏បានប្រាប់ពីមូលហេតុដែលនាំឲ្យមានថមថយ នៃគ្រោះមហន្តរាយធម្មជាតិដែលបណ្តាលឲ្យមនុស្សស្លាប់ គឺបណ្តាលមកពីកត្តាអនុគ្រោះនៃធម្មជាតិ និងមានការអំណោយផលឲ្យយើងច្រើនជាឆ្នាំមុនៗ ហើយបើយើងគិតពីសម្ពាធគ្រោះធម្មជាតិ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានធ្លាក់ចំអាងទន្លេមេគង្គ ហើយក៏មានព្យុះទី៨សុងកា និងព្យុះទី៩នេសាននេះ តែព្យុះទាំងអស់នេះមិនបណ្តាលឲ្យមានទឹកជំនន់ នេះជាហេតុធ្វើឲ្យអាកាសធាតុនៅកម្ពុជាស្ថិតក្នុងចំណុចល្អ បើប្រៀបធៀជាមួយនឹងប្រទេសក្នុងតំបន់អាស៊ីយើបនេះ។

សូមបញ្ជាក់ថា សម្រាប់រយៈពេល៩ខែ ឆ្នាំ២០១៧នេះ គ្រោះមហន្តរាយកើតចំនួន១៥៩លើក ចំនួន២៣ រាជធានីខេត្ត ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយដូចជា ការខូចខាត៖ ផ្ទះរលំ ខូចខាតធ្ងន់ធ្ងរចំនួន ៥៥៦ខ្នង, របើកដំបូលជញ្ជំាង និងខូចខាតមធ្យមចំនួន៣៤៧៤ខ្នង ប៉ើងដំបូលសាលារៀន៣៧អគារ និងអគារផ្សេងៗ២៨អគារ បាក់ខូចខាតដើមកៅស៊ូប្រមាណ៤៦០០ដើម (កំពង់ធំ, ព្រះសីហនុ) ប្រជាពលរដ្ឋរងគ្រោះស្លាប់ចំនួន០៦នាក់ (ផ្ទះ និងដើមឈើរលំសង្កាត់២នាក់ រងគ្រោះនៅសមុទ្រ០៤នាក់) និងរបួស៥០នាក់ ការទទួលរងគ្រោះដោយរន្ទះបាញ់ស្លាប់ចំនួន៧០នាក់ (ស្រី១៥នាក់) របួសចំនួន៦២នាក់, ងាប់គោ ក្របីចំនួន៥៩ក្បាល និងខូចខាតផ្ទះ០៩ខ្នង៕