(សឹង្ហបុរី)៖ រដ្ឋមន្ដ្រីដឹកជញ្ជូនអាស៊ាន-ជប៉ុន បានអនុម័តលើគំនិតផ្ដួចផ្ដើមគោលនយោបាយ កិច្ចសហប្រតិបត្តិការ ចំនួន៦ ស្ថិតក្រោមភាពជាដៃគូដឹកជញ្ជូនអាស៊ាន-ជប៉ុន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី១៥ នៅប្រទេសសឹង្ហបុរី។​

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង​ក្រោយអធិបតីភាព លោក Khaw Boon Wan រដ្ឋមន្រ្តីសម្របសម្រួលទទួលបន្ទុកហេដ្ឋារចនាសម្ព័ន្ធ និងជារដ្ឋមន្រ្តីដឹកជញ្ជូនសឹង្ហបុរី និងឯកឧត្តម Hiroshi Narahira អនុរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអន្តរជាតិ ក្រសួងដែនដី, ហេដ្ឋារចនាសម្ព័ន្ធ, ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ជាសហប្រធានដឹកនាំកិច្ចប្រជុំ។ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមផងដែរ។

រដ្ឋមន្រ្តីអាស៊ានបានស្វាគមន៍ សេចក្តីប្រកាសការគាំទ្ររបស់ជប៉ុន ដល់សកម្មភាពនានា​ដោយផ្អែកលើ ផែនការយុទ្ធសាស្រ្តដឹកជញ្ជូនគូឡាឡាំពួរ ២០១៦-២០២៥ នៅក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស, ផ្លូវគោក, ផ្លូវសមុទ្រ, ការដឹកជញ្ជូនប្រកបដោយចេរភាព និងកិច្ចសម្រួលការដឹកជញ្ជូន តាមរយៈ​គម្រោង និងសកម្មភាព ដែលស្ថិតក្រោម ភាពជាដៃគូដឹកជញ្ជូនអាស៊ាន-ជប៉ុន គ្រប់ជ្រុងជ្រោយ និងចេរភាព។

រដ្ឋមន្រ្តីបានពិភាក្សា និងអនុម័តលើគំនិតផ្តួចផ្តើមគោលនយោបាយ កិច្ចសហប្រតិបត្តិការ ស្ថិតក្រោម​ភាពជាដៃគូដឹកជញ្ជូនអាស៊ាន-ជប៉ុន ដូចខាងក្រោម៖
​ទី១៖គំនិតផ្តួចផ្តើមថ្មី រួមមាន គម្រោងប្រព័ន្ធភ័ស្តុភាកម្មត្រជាក់អាស៊ាន-ជប៉ុន និងការរៀបចំសេចក្តីណែនាំ សម្រាប់ការថែទាំបណ្តាញនាវាចរណ៍អាស៊ាន និងការរៀបចំសេចក្តីណែនាំសម្រាប់សុវត្ថិភាពនាវាចរណ៍។

ទី២៖​លទ្ធផលសំខាន់ៗ នៃគម្រោងដែលមានស្រាប់ រួមមាន សេចក្តីណែនាំ​ស្តីពីការទប់ស្កាត់ និងកាត់បន្ថយគ្រោះមហន្តរាយកំពង់ផែអាស៊ាន, សៀវភៅ ស្តីពីការអនុវត្តន៍ល្អបំផុត សម្រាប់សម្រួលដល់អ្នកប្រើប្រាស់ ពាក់ព័ន្ធវិស័យដឹកជញ្ជូន។

ទី៣៖​​សំណើ​រផែនការការងារភាព ជាដៃគូដឹកជញ្ជូនអាស៊ាន-ជប៉ុន ២០១៧-២០១៨។

ទី៤៖របាយការណ៍វឌ្ឍនភាព កិច្ចព្រមព្រៀងសេវាកម្ម ផ្លូវអាកាសអាស៊ាន-ជប៉ុន។ 

និងទី៥៖សំណើសុំ ត្រួតពិនិត្យពាក់កណ្តាលអាណត្តិ ផែនការសកម្មភាពប៉ាក់សេ។

រដ្ឋមន្រ្តីបានពិភាក្សា និងអនុម័តលើសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី១៥ ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃ១៣ ខែតុលា ឆ្នាំ២០១៧ នៅប្រទេសសឹង្ហបុរី៕