(រតនគិរី)៖ ដើម្បីលើកកម្ពស់ ពីសុវត្ថិភាពចំណីអាហារ និងសុខភាពប្រជាពលរដ្ឋ មន្រ្តីសាខាកាំកុងត្រូលខេត្តរតនគិរី សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន បានបន្ដចុះ

អង្កេតត្រួតពិនិត្យ នៅផ្សារបានលុង និងផ្សារកូនមុំ ដើម្បីពិនិត្យបន្លែសាច់ ផ្លែឈើ និងផលិតផលគ្រឿងកំប៉ុង គោលបំណងស្វែងរកសារធាតុគីមី និងផលិតផលហួសកាលបរិច្ឆេទ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។

មន្រ្តីកាំកុងត្រូលសាខាខេត្តរតនគិរី បានឲ្យដឹងថា ការចុះត្រួតពិនិត្យទំនិញនៅផ្សារទាំងពីរខាងលើនេះ គឺធ្វើតេស្តបឋមទៅលើមុខ ម្ហូបមួយចំនួនដូចជា៖ បន្លែ ផ្លែឈើ មីលឿង សរសៃគុយទាវ ជ្រក់ស្ពៃ តែរកមិនឃើញផលិតផលណាមួយ មានជាតិគីមីនោះទេ តែបានដកហូតគ្រឿងភេសជ្ជៈមួយចំនួន ខូចគុណភាព និងហួសកាលបរិច្ឆេទ ដោយសរុបទាំងអស់ជាង១០គីឡូក្រាម។ ដោយបានធ្វើកិច្ចសន្យាត្រឹមត្រូវ ដកហូតយកទុក ដុតកម្ទេចចោលនាពេលខាងមុខ។

ជាមួយគ្នានោះ មន្រ្តីជំនាញកាំកុងត្រូល ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងជាពិសេសអាជីវករ សូមកុំយកបន្លែ ផ្លែឈើ និងទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទ យកមកលក់បន្តទៀត។

មន្រ្តីកាំកុងត្រូល ក៏បានអប់រំ និងអំពាវនាវ ដល់អាជីវករអ្នកលក់ដូរទាំងអស់ យកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែទំនិញផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់នៅផ្សារបានលុង និងផ្សារកូនមុំ ដើម្បីឲ្យពួកគាត់ បានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ៕