(ព្រៃវែង)៖ ដោយមានបញ្ជាពីលោកវរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងមន្ទីរយុត្តិធម៌​ចំនួន០៥នាក់ ដឹកនាំដោយវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងជំនាញ​បសុពេទ្យខេត្ត ធ្វើការឃាត់រថយន្តចំនួន០១គ្រឿងម៉ាក់ ហ៊ីយ៉ាន់ដាយ​ នៅត្រង់ចំណុច​ភូមិ​ជោរទី២ ឃុំក្រញ៉ូង ស្រុកកំចាយមារ ដែលបានដឹកផលិតផលសត្វខុសច្បាប់ ចេញពីប្រទេសវៀត​ណាម តាមច្រកម៉ឺនជ័យ ឆ្ពោះទៅកាន់ភ្នំពេញ​។

លោកវរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ក្រោយពីធ្វើការត្រូតពិនិត្យ និងឆែកឆេររថយន្តសមត្ថកិច្ច​ ដកហូតវត្ថុតាងរួមមាន​ មាន់រស់​ចំនួន​១,៦០០ក្បាល ជើងមាន់​ចំនួន​៤៧០កេះ ទម្ងន់៧,០៥០គីឡូក្រាម បច្ចុប្បន្ន​រថយន្ត​​និងវត្ថុតាង ប្រគល់ជូនជំនាញបសុពេទ្យខេត្ត ដើម្បីចាត់ការតាមនិតិវិធី៕