(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថានជាសេនាធិការ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ បានប្រកាសដាក់ប្រើប្រាស់ «ក្របខណ្ឌហិរញ្ញប្បទានផែនការជាតិបន្ស៊ាំ ​និងផែនការអនុវត្តន៍» សម្រាប់ប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធនានា ក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ នាពេលបច្ចុប្បន្ន និងទៅអនាគត។

ពិធីប្រកាសប្រើប្រាស់ផែនការថ្មីទាំង២នេះ ធ្វើឡើងក្រោមអធិបតីភាព លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅសណ្ឋាគារភ្នំពេញ ដែលមានការចូលរួមពីក្រសួង-ស្ថាប័​នជាតិ និងអន្តរជាតិចំនួន១៤។

លោក អ៊ាង សុផល្លែត បានឲ្យដឹងថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាអន្តរវិស័យមួយ និងជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលទាំងមូល។ ប្រសិនបើការប្រែប្រួលអាកាសធាតុ ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីមួយ ដែលត្រូវធ្វើធុរកិច្ចតាមវិស័យរៀងខ្លួននោះ វាជាវិធីសាស្ត្រដ៏ប្រសើរដើម្បីសម្រេចបានលទ្ធផល។

លោកបន្តថា ក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ក្នុងវិស័យនីមួយៗ ត្រូវនាំមុខក្នុងការអនុវត្តអនុសាសន៍ក្នុងក្របខណ្ឌហិរញ្ញប្បទានផែនការជាតិបន្ស៊ាំ ព្រមទាំងដាក់បញ្ចូលក្នុងសកម្មភាពតាមទម្លាប់ និងកម្មវិធីរបស់ខ្លួន។ ក្របខណ្ឌហិរញ្ញប្បទានផែនការជាតិបន្ស៊ាំ ​និងផែនការអនុវត្តន៍ នឹងជួយសម្រេចការងារនេះ និងផ្ដល់ការគាំទ្រទៅដល់ក្រសួងពាក់ព័ន្ធ។

លោក សុផល្លែត បានបន្តទៀតថា ទោះបីហិរញ្ញប្បទានអាកាសធាតុកំពុងមានការកើនឡើងនៅកម្ពុជា ទាំងក្នុងប្រភពក្នុងស្រុក និងអន្តរជាតិក្ដី ប៉ុន្តែកង្វះខាតហិរញ្ញប្បទានបន្ស៊ាំ ក៏នៅតែមានការខ្វះខាតធំនៅឡើយដែរ។

ជំហានដ៏រឹងមាំត្រូវបានស្នើឡើងសម្រាប់សកម្មភាពអាទិភាពចំនួន៤០ ក្នុងផែនការអនុវត្តន៍ក្របខណ្ឌហិរញ្ញប្បទានផែនការជាតិបន្ស៊ាំ និងផែនការអនុវត្តន៍នេះ រួមមាន៖
* បន្តជំរុញវិធីសាស្ត្រតាមវិស័យធំទូលាយ ឬតាមកម្មវិធីជាជាងតាមគម្រោងខ្លាតតូច។
* ពង្រឹងសមត្ថភាពគម្រោង និងសមត្ថភាពរៀបចំថវិកា។
* អភិវឌ្ឍ​ន៍បន្ថែមនូវឃ្លាំងជាតិលើវិទ្យាសាស្ត្រអាកាសធាតុ ចំណេះដឹង ការអភិវឌ្ឍ។
* ពង្រឹងការសម្របសម្រួលតាមវិស័យបន្ថែមទៀត។
* បន្តការបញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅក្នុងថវិការបស់ក្រសួង។
* ធ្វើសមាហរណកម្មឲ្យបានខ្លាំងក្លានូវទិដ្ឋភាពយេនឌ័រ ទៅក្នុងការឆ្លើយតបនឹងអាកាសធាតុ។

លោកបានគូសបញ្ជាក់ថា សកម្មភាពទាំងអស់នេះ នឹងជួយកម្ពុជាក្នុងការចូលទៅកាន់ហិរញ្ញប្បទានបន្ថែមទៀត។ លោកថា មានសក្ដានុពលផ្សេងទៀតផងដែរ ដើម្បីពង្រឹងការចូលរួមរបស់វិស័យឯកជនលើការបន្ស៊ាំ តួយ៉ាងដូចជាក្នុងវិស័យកសិកម្ម រុក្ខកម្ម ជលផល និងទេសចរណ៍ជាដើម៕