(ភ្នំពេញ​)៖ នៅរសៀល និងល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ លោក ឃួ​ង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ និងអភិបាលខណ្ឌ ចុះលាងសំអាតនៅមុខព្រះបរមរាជវាំង និងតាមមាត់ទន្លេ ចាប់ពីផ្សាររាត្រីរហូតដល់សួនវវិមានឯករាជ្យ ដើម្បីអបអរបុណ្យអុំទូក អកអំបុក បណ្តែតប្រទីត សំពះព្រះខែ នាពេលខាងមុខនេះ។

លោក ឃួង ស្រេង បានថ្លែងថា សូមឲ្យអាជ្ញាធរមេត្តាពិនិត្យកុំឲ្យប្រជាពលរដ្ឋដូរនៅលើសួនសាធារណ: តាមដងផ្លូវ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលអញ្ជើញចូលរួមក្នុងពិធីបុណ្យអុំទូក ត្រូវនាំគ្នាអង្គុយលើបង់ដែលមាននៅតាមទីសាធារណៈ និងសួនច្បារ​ ហើយមិនត្រូវនាំគ្នាអង្គុយលើស្មៅនាំឲ្យបាត់បងសោភ័ណភាពបរិស្ថាន ជាពិសេសនៅពេលហូបចុករួចត្រូវតែយកសំរាមទៅបោះក្នុងធុងសំរាមដើម្បី​កាត់បន្ថយគ្រោះថ្នាក់នៅពេលយប់ដូចជា៖ បោះចោលឈើ ចង្កាក់ ដែលនាំឲ្យមុតជើងដោយមិនដឹងខ្លួន។

លោក ឃួង ស្រេង បានបន្តថា ជំរុញឲ្យអាជ្ញាធរាខណ្ឌដូនពេញ ត្រូវតែខិតខំប្រឹងប្រែងបន្តទៀតក្នុងការសំអាតតាមដងទន្លេ ថែទាំសួននៅមុខ ព្រះបរមរាជវាំង ជាពិសេសមិនត្រូវឲ្យរថយន្តចតតាមផ្លូវសុរ៉ាម្រិត និងសួនមុខវត្តបទុមវត្តី ចំណែករថយន្តប្រជាពលរដ្ឋ មកហាត់ប្រាណត្រូវយកទៅចត នៅទីលានសាកលវិទ្យាល័យ បៀប្រាយវិញ។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងឱកាសនោះដែរ លោកនឹងចុះពិនិត្យ និងរៀបចំទីតាំងសួនឲ្យអាជ្ញាធរជំនាញរៀបចំកែលម្អ ដើម្បីទទួលប្រជាពលរដ្ឋដែលលេងក្នុងឱកាសបុណ្យអុំទូក អកអំបុក បណ្តែប្រទីត និងសំពះព្រះខែ នាពេលខាងមុខនេះ៕