(ស្វាយរៀង)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដី្រក្រសួងសុខាភិបាល បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News នាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចឲ្យសាងសង់មណ្ឌលសុខភាពថ្មីមួយ នៅក្នុងមូលដ្ឋានឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ទីដែលគ្រាប់បែកគីមីដ៏សាហាវរបស់អាមេរិកបន្សល់ទុក ហើយបង្កបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋរាប់រយគ្រួសារ។

បើតាមលោក ម៉ម ប៊ុនហេង ថ្លែងឲ្យដឹងថា ការដែលសម្ដេចតេជោ ហ៊ុន សែន សម្រេចឲ្យសាងសង់មណ្ឌលសុខភាពនេះ ដើម្បីតបតាមសំណើររបស់ប្រជាពលរដ្ឋមូលដ្ឋាន ហើយក៏ដើម្បីសម្រួលឲ្យ ពលរដ្ឋងាយស្រួលទៅពិនិត្យភាពផងដែរ ព្រោះខ្លាចក្រែងសារធាតុគីមីដ៏សាហាវចេញពីគ្រាប់បែកដែលបន្សល់ទុកនោះ កាន់តែប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ​បានឲ្យដឹងថា ក្រុមការងារ និងរូបលោកបានរកឃើញកូនប្រជាពលរដ្ឋនៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង៣នាក់ បានកើតមក មិនប្រក្រតីគួរឲ្យអាណិតអាសូរ ដោយសារតែឥទ្ធិពលដ៏សាហាវ នៃគ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិក ដែលបានបន្សល់ទុកពីសម័យសង្រ្គាម។ បើតាមលោក ម៉ម ប៊ុនហេង បន្តឲ្យដឹងថា ភាពមិនប្រក្រតីរបស់ក្មេងៗទាំង ៣នាក់នោះ មានដូចជាម៉ាត់វៀច ក្បាលធំ និងកើតរមាស់លើស្បែកតាំងពីពេលពួកគេកើតមកម្ល៉េះ។

ការប្រទះឃើញបែបនេះ ខណៈលោក ម៉ម ប៊ុនហេង បានចុះទៅដល់ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ទីកន្លែងដែលមានវត្តមាន គ្រាប់បែកគីមីរបស់អាមេរិកពីសម័យសង្រ្គាមបន្សល់ ទុកយ៉ាងរាយប៉ាយ។ ពេលចុះទៅដល់ភ្លាមលោក ម៉ម ប៊ុនហេង និងក្រុមការងារ បានចាប់ផ្តើមធ្វើការជួបជុំជាមួយ ប្រជាពលរដ្ឋ និងចាប់ផ្តើមពិនិត្យសុខភាពប្រជាពលរដ្ឋនៅតំបន់នោះភ្លាមៗផងដែរ។

លោក ម៉ម ប៊ុនហេង បានបញ្ជាក់ប្រាប់ Fresh News ថា «យើងបានពិនិត្យសុខភាពរបស់ប្រជាពលរដ្ឋ ហើយយើងបានរកឃើញក្មេងតូចៗ៣នាក់ កើតមកមានភាពមិនប្រក្រតី។ ក្នុងនោះមានក្បាលធំ មាត់វៀច ហើយមានម្នាក់ទៀតរមាស់ស្បែកមិនឈប់នោះឡើយ, ដោយក្មេងខ្លះដល់អាយុ១៤ឆ្នាំ។ តាមការពិនិត្យ ខ្ញុំជឿថា ភាពមិនប្រក្រតីរបស់ក្មេងទាំងនេះ ដោយសារឥទ្ធិពលគ្រាប់បែកគីមីរបស់អាមេរិកនេះតែម្តង»។

លោក ម៉ម ប៊ុនហេង បានអះអាងថា អាចមានកូនចៅប្រជាពលរដ្ឋនៅក្នុងឃុំគគីរជាច្រើន ជួបភាពមិនប្រក្រតីដោយសារតែឥទ្ធិពលគ្រាប់បែកគីមីនេះ ហើយក្រុមការងាររបស់លោកនឹងបន្តពិនិត្យ សុខភាពរបស់ប្រជាពលរដ្ឋ និងរកឃើញដែលរងផលប៉ះពាល់បន្តទៅទៀត៕