(ភ្នំពេញ)៖ មន្ត្រីយោធា និងជាឈ្មួញឈើល្បីឈ្មោះប្រចាំខេត្តកំពង់ស្ពឺឈ្មោះ ជឿង ថេង ដែលដឹកឈើធ្វើអោយបាក់ស្ពាន ហើយក្រោយមកត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននោះ ឥឡូវត្រូវបានតុលាការ ធ្វើការកាត់ទោសសំរេចដាក់ពន្ធនាគាររយៈពេល១ឆ្នាំ។

ដោយឡែកឈ្មួញឈើល្បីឈ្មោះ ប្រចាំខេត្តកំពង់ស្ពឺ និងខេត្តពោធ៌សាត់វ័យក្មេងពីររូបទៀតគឺឈ្មោះ ស្នា ជាកូនចៅ និង ឈ្មោះស៊ី ស មានដីកាចាប់ខ្លួន និងចាប់ខ្លួនឃុំបានម្នាក់ (ឈ្មោះស្នា)នោះ ស្រាប់តែឥឡូវគេឃើញនៅក្រៅឃុំ ហើយបន្តរកស៊ីឈើឡើងវិញដដែល ដោយមានមេក្លោងឈ្មោះស៊ី ស បច្ចុប្បន្នកំពុងរត់ គេចខ្លួនពីដីកាបង្គាប់អោយនាំខ្លួនរបស់តុលាការ ឈរបញ្ជាពីក្រោយខ្នង។

នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ ប្រធានក្រុមប្រឹក្សារជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ លោកចៅក្រម គី រិទ្ធី បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសឈ្មួញឈើល្បីឈ្មោះ នៅខេត្តកំពង់ស្ពឺ២នាក់ប្ដីប្រពន្ធ ដាក់ពន្ធនាគារក្នុងម្នាក់ៗ១ឆ្នាំ តែទោសនេះត្រូវព្យួរចំពោះប្រពន្ធ និងពិន័យប្រាក់១០០លានរៀល ពីបទ ១-ដឹកជញ្ជូន ផល-អនុផល​ ព្រៃ​ឈើ​ដោយ​គ្មាន​លិខិត​អនុញ្ញាត ២-ធ្វើសន្និធិផល​អនុផល​ព្រៃ​ឈើ​ដោយ ​គ្មាន​លិខិត​អនុ​ញ្ញាត ៣-ប្រមូល ផល-អនុផល ​ព្រៃ​ឈើ​ដោយ​គ្មាន​លិខិត​អនុញ្ញាត ។

សាលក្រមនោះក៏បានសម្រេចរឹបអូសឈើប្រណីតជាច្រើនប្រភេទ ច្រើនម៉ែត្រគូបទុកជាសម្បត្តិរដ្ឋ តែសម្រេចបើកទ្វារនិងប្រគល់ដេប៉ូឈើ អោយមកជនជាប់ចោទវិញ។សេចក្ដីសម្រេចនេះធ្វើឡើងកំបាំងមុខជនជាប់ចោទឈ្មោះជឿង ថេង ភេទប្រុស អាយុ ៤១ឆ្នាំ និងប្រពន្ធឈ្មោះ គូ សុខឃឿន អាយុ៣៤ឆ្នាំ តែចាត់ទុកជាចំពោះមុខ បើកផ្លូវប្ដឹងទាស់ និង ប្តឹងឧទ្ធរណ៍ក្នុងកំណត់ច្បាប់ ។

ជនជាប់ចោទឈ្មោះ ជឿង ថេង ភេទប្រុស មានមុខរបរមន្ត្រីយោធាមានឋានន្តរសក្តិជាវរៈសេនីយ៍ត្រី(សក្តិ៤) បម្រើការនៅភូមិភាគ៣ នៃកងយោធលខេមរភូមិន្ទ និងប្រពន្ធឈ្មោះ គូ សុខខឿន មានទីលំនៅភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ជនជាប់ចោទត្រូវ បានចាប់ខ្លួនតាមដីការបស់តុលាការ កាលពីថ្ងៃទី៥ ខែឧសភាឆ្នាំ២០១៧ នៅខេត្តកណ្តាល។ ជនជាប់ចោទឈ្មោះជឿងថេង និងប្រពន្ធឈ្មោះ គូ សុខខឿន ត្រូវបានតុលាការចោទប្រកាន់ និងចេញដីកាស្វែងរកឲ្យចាប់ខ្លួន បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឆ្មក់ចូល ទៅក្នុងការដ្ឋាននិងឃ្លាំងស្តុកឈើរបស់គាត់នៅក្នុងខេត្តកំពង់ស្ពឺ និងបានរកឃើញឈើប្រណីតជាច្រើនរយម៉ែត្រគូប មិនមានច្បាប់អនុញ្ញាតពីក្រសួងពាក់ព័ន្ធនោះ។

បច្ចុប្បន្ននេះជនជាប់ចោទឈ្មោះ ជឿង ថេង ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញ។ តាមសេចក្ដីរាយការណ៏បានអោយដឹងថា ឈ្មួញឈើឈ្មោះស្នា ដែលកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ចាប់ខ្លួនប្រគល់ទៅអោយតុលាការឃុំខ្លួននោះ ឥឡូវគេឃើញមុខចេញរកស៊ីឈើសំរាប់នាំចេញទៅប្រទេសវៀតណាម តាមខេត្តតាកែវ និងខេត្តកំពតទៀតហើយ ដោយបច្ចុប្បន្នឈ្មោះ នេះកំពុងឈរជើងប្រមូលទិញឈើនៅចំណុចច្រកអូរត្រាវ ព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តពោធ៌សាត់៕

ឈ្មួញឈើឈ្មោះ ជឿង ថេង ពេលចាប់ខ្លួន

ឈ្មួញឈើឈ្មោះស្នា ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនកន្លងមក ឥឡូវឮថាចេញពីគុកវិញ រកសុីឈើដដែល

ឈ្មួញឈើឈ្មោះស៊ី ស ដែលរត់គេចខ្លួន បច្ចុប្បន្ន សមត្ថកិច្ចកំពុងតាមចាប់ខ្លួន បច្ចុប្បន្នជាអ្នកបញ្ជាពីក្រោយរកស៊ីឈើដដែល