(ភ្នំពេញ)៖ សម្រាប់គម្រោង៣ឆ្នាំបន្ទាប់ មូលនិធិសកលទីក្រុងហ្សឺណែវ បានសម្រេចបន្តផ្តល់ជំនួយហិរញ្ញវត្ថុ​​​ដល់កម្ពុជាតទៅទៀត សម្រាប់ជំងឺឆ្លងទាំងបី (អេដស៍, របេង, គ្រុនចាញ់) ក្នុងទឹកប្រាក់៨៣លានដុល្លារ​​ សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០១៨-២០១៩ និង២០២០។ ការក្រឹនរំឭកឲ្យដឹងបែបនេះ គឺត្រូវបានធ្វើឡើងក្នុងកិច្ចប្រ​ជុំ គណៈកម្មាធិការសម្របសម្រួល មូលនិធិសកលកម្ពុជា លើកទី១០ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នេះ ស្ថិតនៅឯអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹង​ជំងឺអេដស៍។

​ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមជាអធិបតីភាព​ ពីសំណាក់លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលមូលនិធិសកលកម្ពុជា ​ដើម្បីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ​សម្របសម្រួល មូល​​និធិសកលកម្ពុជាលើកទី១០ ព្រមទាំងដៃគូផ្ដល់មូលនិធិអន្តរជាតិ គ្រប់ភាគីពាក់ព័ន្ធជាច្រើនទៀត។

​លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលមូលនិធិសកលកម្ពុជា ​បានថ្លែងនៅក្នុងកិច្ចប្រជុំថា កិច្ចប្រជុំគណៈកម្មាធិការ​សម្របសម្រួល មូលនិធិសកលកម្ពុជា គឺជាកិច្ចប្រជុំ នៃសមាជិក​សមាជិកាចំរុះ​​ ដែលមានតំណាងជ្រើសតាំង ដោយក្រសួងស្ថាប័ន​​នៃរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ តំណាងស្ថានទូត​នៃប្រទេសម្ចាស់អំណោយ ដែលផ្តល់ជំនួយហិរញ្ញទាន​ដល់គម្រោង​​មូលនិធិសកល ប្រយុទ្ធនឹងជំងឺអេដស៍ របេង គ្រុនចាញ់ និងគម្រោងពង្រឹងប្រព័ន្ធ​សុខាភិបាលនៅកម្ពុជា និងក្រុមអ្នកតំណាងប្រជាជន ដែលមានជំងឺ និង/ឬរងការប៉ះពាល់ពី ជំងឺអេដស៍ របេង និងគ្រុនចាញ់។

លោកទេសរដ្ឋមន្រ្តីបន្តថា កិច្ចប្រជុំពេញអង្គគណៈកម្មាធិការសម្របសម្រួល មូលនិធិសកលកម្ពុជាលើកនេះ ផ្តោតលើរបៀប ​វារៈចំបង ដូចខាងក្រោម៖
ទី១, ពិនិត្យ និងអនុម័ត សមាជិក សមាជិកានៃគណៈកម្មការជ្រើសរើស សម្រាប់រៀបចំការបោះ​ឆ្នោតជ្រើសរើស សមាជិក សមាជិកា នៃគណៈកម្មាធិការសម្របសម្រួលមូល និធិសកលកម្ពុជា សំរាប់អាណត្តិថ្មី ឆ្នាំ២០១៨-២០១៩។ ទី២,ពិនិត្យ និងអនុម័ត បេក្ខភាពបំពេញជំនួសសមាជិក សមាជិកា ជាតំណាងស្ថាប័នពហុភាគី និងម្ចាស់ជំនួយទ្វេភាគី សំរាប់អាណត្តិបច្ចុប្បន្ន ឆ្នាំ២០១៦-២០១៧។ ទី៣, អនុម័ត លទ្ធផលនៃការជ្រើសរើសអង្គភាព អ្នកទទួលអនុវត្តគម្រោង កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ និងរបេង ឆ្នាំ២០១៨-២០២០ និង ទី៤, ពិនិត្យវឌ្ឍនភាព នៃការរៀបចំសំណើគម្រោងចូលរួម ពង្រឹងប្រព័ន្ធសុខាភិបាល គម្រោងប្រយុទ្ធនឹងជំងឺរបេង អេដស៍ និងគ្រុនចាញ់៕