(ភ្នំពេញ)៖ ចំណាត់ការដឹកនាំ និងគ្រប់គ្រងមានភាពមិនប្រក្រតីពាក់ព័ន្ធ ទៅនឹងលោកប្រធានមន្ទីររៀបចំដែន ដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំងរួមជាមួយបក្ខពួក ត្រូវបានមន្ត្រីចំណុះអោយមន្ទីរលួច បង្ហើបប្រាប់មកការិយាល័យនិពន្ធ Fresh News ដើម្បីទម្លាយជាសាធារណៈក្រែងបានដឹងដល់លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ក៏ដូចខាង ACU ចុះធ្វើអធិការកិច្ចវែករកមុខមន្ត្រីខិលខូចទាំងអស់នោះ កុំអោយសម្ងំធ្វើត្រីងៀត ឆ្លៀតពងតទៅទៀត។

ការដឹកនាំមានភាពមិនប្រក្រតី ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ នៅក្នុងមន្ទីររៀបចំដែនដីខេត្តកំពង់ឆ្នាំង រវាងប្រធានមន្ទីរ និងបក្ខពួក ត្រូវគេលួចទម្លាយចេញមកក្រៅនោះ រួមមានការចេញប័ណ្ណដី និងការចេញ ច្បាប់អនុញ្ញាតអោយសាងសង់នៅខេត្តកំពង់ឆ្នាំង មានសភាពរយីករយាក មិនប្រក្រតីដូចពេលកន្លងមក ចាប់តាំងពីមានការផ្លាស់ប្ដូរប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង មក ដែលករណីទាំងនេះត្រូវបានប្រជាពលរដ្ឋដែលត្រូវការប័ណ្ណដី និងច្បាប់អនុញ្ញាតសាងសង់សំណង់ ផ្សេងៗរអ៊ូរទាំ និងមានលេចចេញព័ត៌មានថា បាតុភាពនេះកើតចេញពីការដឹកនាំ របស់ប្រធានមន្ទីរថ្មី កាត់ ចែកជាបក្ខពួក ជ្រើសរើសយកតែឯកសារមានលុយធ្វើមុន ដែលបញ្ហាទាំងនេះត្រូវមន្ត្រីនៅក្នុងមន្ទីរទម្លាយថា នៅការិយាល័យរដ្ឋបាលមន្ទីរ ប្រធានមន្ទីរថ្មីធ្វើការងារដោយមិនឆ្លងអនុប្រធានមន្ទីរ ប្រធានការិយាល័យ រដ្ឋបាលចាំតែពេលគេប្រើបានដឹងដោយប្រធានមន្ទីរថ្មី ប្រគល់ការងារអោយមន្ត្រីជំនិតម្នាក់ឈ្មោះ អ៊ួង វីរៈ ជាអ្នកចាត់ចែង ព្រមទាំងប្រពន្ធលោក អ៊ួង វីរៈ ដែលជាមន្ត្រីជាប់កិច្ចសន្យាជាអ្នកកាន់ត្រា និងចាក់សោរ ត្រាទុកធ្វើការងារតែជាមួយប្រធានមន្ទីរ។

ចំណែកលោកហន ដែលត្រូវជាឪពុកក្មេកលោក អ៊ួង វីរៈ ជា ប្រធានក្រុមចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនៅស្រុកទឹកផុស មានអំណួតដោយថាឯកសារដែលគេធ្វើ មិនចេះខុស ឯក្រុមពីរផ្សេងទៀតនាំគ្នារអ៊ូរទាំ ថាធ្វើមិនចេះត្រូវ លើសពីនេះទៀត កូនប្រុសលោកហន (ត្រូវជាប្អូនថ្លៃលោកអ៊ួង វីរៈ)រត់ការបានជាប់ជាបុគ្គលិកអណ្ដែតនៅការិយាល័យរៀបចំដែនដីនគរូបនីយ កម្ម សំណង់ និងភូមិបាលស្រុកបរិបូណ៌ ហ៊ានចុះហត្ថលេខាអ្នកតាក់តែងលិខិតលើលិខិតលក់ផ្ដាច់ដីធ្លី ដែលខុសទាំងស្រុងជាមួយច្បាប់។ ការគូរប្លង់សំណង់ផ្សេងៗនៅក្នុងខេត្ត ត្រូវបានគេមើលឃើញថា មាន តែឪពុកក្មេករបស់លោកប្រធានមន្ទីរមួយគត់ ដែលអតីតអនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង ទើបគូរមិនចេះខុស និងរត់ឯកសារបានល្អ ក្រៅពីនេះមន្ត្រីជំនាញចេញពី សាលាបានត្រឹមតែចាំចុះហត្ថលេខា និងទទួលយកលុយពីឪពុកក្មេកលោកប្រធានបន្តិចបន្តួច ហើយបាន ត្រឹមតែរអ៊ូរទាំនៅខាងក្រៅប៉ុណ្ណោះ។

មន្ត្រីបានលួចទម្លាយទៀតថា បច្ចុប្បន្ននេះឪពុកក្មេកប្រធាន ត្រូវបាន គេមើលឃើញថា រកលុយពីសេវាឯកជនរបស់ខ្លួនពាក់ព័ន្ធការងារសំណង់ និងសុរិយោដីនៅខេត្តកំពង់ឆ្នាំង បានយ៉ាងស្រួល ដោយសារមានប្រធានមន្ទីរថ្មីត្រូវជាកូនប្រសារ ដែលគេអនុវត្តការងារតាមរបត់ថ្មី ដោយ លោកប្រធានមន្ទីរថ្មីបានលើកឡើងថាជាការណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដោយពេលម្ចាស់ដីចង់បានប័ណ្ណដីទៅប្រើប្រាស់ (តាមរយៈការចុះ បញ្ជីដំបូងឬការចុះបញ្ជីបន្ត) ត្រូវបានគាត់ចាត់កម្លាំងចុះមើលលើដីជាក់ស្ដែង ទោះទីតាំងដីនៅក្នុងទីប្រជុំជន ឬជនបទដាច់ស្រយ៉ាលក៏ដោយ អោយតែមានសំណង់នៅលើដីនោះ ទោះតូចឬធំ សាងសង់យូរយារមក ហើយ ឬកំពុងសាងសង់តាមកំលាំងធនធានរបស់ប្រជាជនក្ដី គឺគាត់តម្រូវអោយមកសុំច្បាប់សាងសង់ និង គូរប្លង់ជាមួយឪពុកក្មេករបស់គាត់ (តាមព័ត៌មានប្លង់ផ្ទះត្រឹម ៤,៥ម៉ែត្រគុណ១៦ម៉ែត្រ មានឡៅតឿមួយសន្លឹក តម្លៃ ៣០០ដុល្លារអាមេរិក)។ ដោយឡែក តាមប្រភពព័ត៌មានពីសាលាដំបូងខេត្តកំពង់ឆ្នាំង បានអោយដឹងថា មានទំនាស់ករណីស្ថានីយ៍ ប្រេងនៅស្រុកទឹកផុសមួយកន្លែង កើតឡើងដោយសារតែមានការក្លែងស្នាមមេដៃ ហើយភាគីពាក់ព័ន្ធថា ការកសាងឯកសារនេះ គឺជាទង្វើរបស់ឪពុកក្មេកលោកប្រធាន។

ចំណែកការតែងតាំងវិញ ក៏គេអះអាងថាប្រធានមន្ទីរថ្មីរូបនេះយកធ្វើជាមុខរបរដើម្បីទាញយកលាភសក្ការៈ ដែរ ដូចជានៅពេលថ្មីៗនេះ បានសើ្នសុំធ្វើការតែងតាំងមនុស្ស២រូបទៅជាអនុប្រធានមន្ទីរ៖ ទី១.លោក មុំ សុរ័ត្ន ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាលស្រុកសាមគ្គីមានជ័យ ដែលបុគ្គលរូបនេះ មានរឿងអាស្រូវជាច្រើនក្នុងការដឹកនាំនាពេលកន្លងមក និងបច្ចុប្បន្ន។ បន្ថែមពីលើនេះទៀត ឈ្មោះនេះក៏មានការពាក់ព័ន្ធក្នុងការនៅពីក្រោយខ្នងអ្នករំលោភយកដីសម្បទានរបស់រដ្ឋ ដូចជាការអនុញ្ញាតឲ្យ ឈូសឆាយដី ដោយស្ងៀមស្ងាត់ នៅពីក្រោយឈ្មួញកណ្ដាលរៀបចំដីលក់បន្តក្នុងទីតាំងដីសម្បទានជាដើម។ ទី២.ឈ្មោះ សោម សុភក្ត្រា ប្រធានការិយាល័យសំណង់ខេត្ត បុគ្គលនេះក៏បង្កើតរឿងអាស្រូវពុករលួយ ជាច្រើន ដូចជាការផ្ដល់ទិន្នន័យបទបញ្ជា ០១បប នៅក្នុងស្រុកទឹកផុសឲ្យទៅឈ្មួញដោយគ្មានការអនុញ្ញាត ប្ដូរឈ្មោះម្ចាស់ដីក្នុងពេលបិទផ្សាយឲ្យទៅជនបរទេស ផ្ទៃដីមិនតិចជាងមួយពាន់ហិកតា ជាថ្នូរនឹងលាភសក្ការៈ ជាដើម។ បុគ្គលរូបនេះក៏មានឈ្មោះល្បីខាងទុកចោលឯកសារសំណង់អតិថិជន ជាច្រើនរាប់ខែឆ្នាំដែល។ បន្ថែមពីលើនេះទៀត ប្រធានមន្ទីរបច្ចុប្បន្ន និងមន្ត្រីសុរិយោដីដែលអនុវត្តបទបញ្ជា ០១បប មានភាពមិនប្រក្រតីដូចគ្នា។

ជាក់ស្ដែងលោកលី សុភា ប្រធានមន្ទីរសព្វថ្ងៃនេះ មានដីនៅភូមិរលុង ឃុំទួលខ្ពស់ ស្រុកទឹកផុស ទំហំប្រមាណ ១០ហិកតាដែលបានមកពីការឃុបឃិតគ្នាតាមរយៈការអនុវត្តបទបញ្ជាលេខ ០១ បបជាដើម។ ព័ត៌មានខាងលើនេះ គឺគ្រាន់តែជាព័ត៌មានរបស់មិត្តអ្នកអានដែលអះអាងថាជាមន្ត្រីនៅក្នុងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង អត់ទ្រាំមិនបាន លួចទម្លាយចេញមកកាន់ការិយាល័យនិពន្ធ របស់អង្គភាពព័ត៌មាន Fresh News អោយជួយទម្លាយក្រែងបានដឹងដល់លោករដ្ឋមន្ត្រីជា សុផារ៉ា និងខាងអង្គភាព ប្រឆាំងអំពើពុករលួយចុះធ្វើអធិការកិច្ច និងស្រាវជ្រាវរកការពិតតែប៉ុណ្ណោះថា តើដូចអ្វីដែលមន្ត្រីទម្លាយចេញមក មែនឬអត់?ហើយក៏ជាការចង់បញ្ជាក់នូវភាពស្អាតស្អំរៀងៗខ្លួនផងដែរ កុំអោយម្ខាងចេះតែទម្លាក់កំហុសលើម្ខាង។ ប៉ុន្តែទាំងលោកប្រធានមន្ទីរ និងមន្ត្រី រួមទាំងអ្នកមានឈ្មោះពាក់ព័ន្ធដែលរងនូវការចោទប្រកាន់ខាងលើនេះ ការិយា ល័យនិពន្ធអង្គភាពព័ត៌មាន Fresh News មិនអាចធ្វើការទាក់ទងសុំការបំភ្លឺពាក់ព័ន្ធទៅនឹងការចោទប្រកាន់នេះបាន ឡើយ ព្រោះមិនមានលេខទូរស័ព្ឌសំរាប់ធ្វើការទាក់ទង៕

លោក លី សុភា ពេលប្រកាសចូលកាន់តំណែងកាលពីខែមីនា ឆ្នាំ២០១៧