(ភ្នំពេញ)៖ របៀបវារៈចំនួន៤សំខាន់ៗពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ត្រូវបានគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ (គ.អ.ទ) ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល លើកយកមកត្រួតពិនិត្យពីវឌ្ឍនភាព និងពិភាក្សាដាក់យុទ្ធសាស្ត្រអនុវត្តការងារបន្ត ក្នុងកិច្ចប្រជុំមួយនៅទីស្ដីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គ.អ.ទ និងមានការចូលរួមពីសមាជិក គ.អ.ទ ដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងពាក់ព័ន្ធ និងអភិបាលរងខេត្តមួយចំនួន។

ក្រោយបញ្ចប់កិច្ចប្រជុំ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា កិច្ចប្រជុំគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ ធ្វើឡើងដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ២០១២-២០២០ ដែលគណៈកម្មការនេះមានភារកិច្ចក្នុងការជំរុញ ត្រួតពិនិត្យ វាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ២០១២-២០២០ ក្នុងនោះផ្តោតលើរបៀបវារៈសំខាន់ៗចំនួន ៤ចំណុច រួមមាន៖ ១៖ សេចក្ដីព្រាងគោលការណ៍ណែនាំ ស្ដីពីតំបន់និវេសនដ្ឋានទេសចរណ៍ (តំបន់ទេសចរណ៍ពិសេស), ២៖ ការរៀបចំ គ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ក្នុងក្រុងសៀមរាប និងតំបន់ជុំវិញ, ៣៖ ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍អារ៉ែង និង៤៖ ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ២០១២-២០២០។

ចំពោះចំណុចដែលពិភាក្សាអំពីតំបន់និវេសនដ្ឋានទេសចរណ៍ ឬតំបន់ទេសចរណ៍ពិសេសនោះ លោករដ្ឋលេខាធិការ ទិត ចន្ថា បានលើកឡើងថា រាជរដ្ឋាភិបាលបានរៀបចំជាគោលការណ៍ណែនាំ នៃការរៀបចំតំបន់និវេសនដ្ឋាននេះ ដើម្បីបំពេញតម្រូវការរបស់ទេសចរដែលចង់ស្នាក់នៅយូរ និងទេសចរមានចំណូលខ្ពស់។ លោកថា ទេសចរប្រភេទនេះ តែងតែស្នាក់នៅចាប់ពីរាប់ខែឡើងទៅ ពិសេសក្នុងរដូវដែលនៅប្រទេសមួយចំនួនមានអាកាសធាតុចុះត្រជាក់។

លោក ទិត ចន្ថា បានបន្តថា ចំណុចដែលពិភាក្សាអំពីការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ២០១២-២០៣០ អង្គប្រជុំបានជំរុញរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍បន្ត ពោលបន្ទាប់ពីចប់ដំណាក់កាល ២០១២-២០២០ គ.អ.ទ នឹងបន្តអនុវត្តន៍ផែនការយុទ្ធសាស្ត្រ ២០២១-២០៣០ ជាផែនការដែលត្រូវយកចិត្តទុកដាក់ខ្ពស់ អំពីផលដែលបានពីវិស័យទេសចរណ៍ ទៅលើសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន។ ដំណាក់កាលថ្មី ២០២១-២០៣០ ខាងមុខ ជាដំណាក់កាលនៃការរីកចម្រើនលើវិស័យបច្ចេកវិទ្យាព័ត៌មាន ពោលអ្វីទាំងអស់ត្រូវតែវៃឆ្លាត (Smart) រួមទាំងមនុស្សផងដែរ ដើម្បីចាប់យកកាលានុវឌ្ឍនភាព យកមកប្រើក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ គួបផ្សំនឹងសក្ដានុពលដែលកម្ពុជាមានស្រាប់ ទាំងវប្បធម៌ និងធម្មជាតិ។

ក្នុងប្រជុំនោះផងដែរ លោករដ្ឋមន្ត្រី ថោង ខុន បានគូសបញ្ជាក់ថា ខណៈដែលកម្ពុជាកំពុងមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ គ្រប់ភាគីទាំងអស់ត្រូវខិតខំសហការគ្នាប្រែក្លាយកម្ពុជា ឲ្យជាប្រទេសដែលស្អាត បៃតង គួរឲ្យចង់រស់នៅ និងគួរឲ្យចង់ទស្សនាកម្សាន្ត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំងឡាយ។

លោករដ្ឋមន្រ្តី ថោង ខុន បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងសមាជិក គ.អ.ទ ថា ត្រូវតែបន្តការអនុវត្តលើផែនការសកម្មភាពឲ្យបានល្អប្រសើរ ផ្ដោតទៅលើការអភិវឌ្ឍផលិតផលទេសចរណ៍ ប្រព័ន្ធទឹកស្អាត អគ្គិសនី ការឍគ្រប់គ្រងកាកសំណល់រឹង សំណល់រាវផ្ នែកសំណង់ ប្រព័ន្ធអ៊ីនធឺរណេត ហេដ្ឋារចនាសម្ព័ន្ធ ចំណតរថយន្ត ផ្ទះសំណាក់ សណ្ឋាគារ មណ្ឌលកម្សាន្ត ការសិក្សាទីផ្សារ និងផ្សព្វផ្សាយព័ត៌មានទេសចរណ៍ ការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ សន្តិសុខសុវត្ថិភាពទេសចរ មូលដ្ឋានគតិយុត្ត និងយន្តការអនុវត្ត ព្រមទាំងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍។

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានលើកឡើងនូវតំបន់ទេសចរណ៍សំខាន់ៗមួយចំនួន បង្ហាញដល់អង្គប្រជុំឲ្យចាប់អារម្មណ៍ និងពង្រីកការអនុវត្តការងារនៅតំបន់ទាំងនោះផងដែរ រួមមាន៖ តំបន់ខេត្តសៀមរាប និងតំបន់ជុំវិញ តំបន់ចុងឃ្នាស តំបន់ព្រែកទាល់ បឹងទន្លេសាប ភ្នំគូលែន តំបន់អារ៉ែង តំបន់ជីផាត់ តំបន់ឆ្នេរសមុទ្រ តំបន់ភូមិភាគឦសាន្តជាដើម។

សូមជម្រាបថា ការដាក់ផែនការយុទ្ធសាស្ត្រការងារខាងលើនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ កំពុងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្ដែងក្នុងឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរក្នុងស្រុកជាង ១០លាននាក់ កើនឡើង ១០% និងទេសចរអន្ដរជាតិជាង ៥លាននាក់ កើនឡើង ៥% ដោយនាំមកនូវចំណូលប្រមាណ ៣,៤០០លានដុល្លារ រួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP)។ នៅឆ្នាំ២០២០ កម្ពុជារំពឹងថា នឹង​​ទទួលបាន​ភ្ញៀវ​ទេសចរអន្តរជាតិប្រមាណ ៧លាននាក់ និងទេសចរក្នុងស្រុក​ប្រមាណ ១៥លាននាក់ ដែល​​នឹងបង្កើត​​ចំណូលជូន​​​ជាតិ​ប្រមាណ ៥ពាន់លានដុល្លារ និងបង្កើត​​ការងារដោយផ្ទាល់​ប្រមាណជិត ១លាននាក់៕