(សឹង្ហបុរី)៖ ឯកសារសំខាន់ៗចំនួន៦ ត្រូវបានរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកមកពិភាក្សា និងអនុម័ត នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៣ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ។

កិច្ចប្រជុំត្រូវបានប្រារព្វធ្វើឡើងក្រោមអធិបតីភាពលោក Teo Chee Hean ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីសម្របសម្រួលទទួលបន្ទុកសន្តិសុខជាតិសឹង្ហបុរី ព្រមទាំងមានការចូលរួមពីរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន និងដៃគូសន្ទនាអាស៊ាន។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។

កិច្ចប្រជុំបានពិភាក្សាផ្តោតសំខាន់លើការដឹកជញ្ជូនតាមផ្លូវគោក, ផ្លូវសមុទ្រ, ផ្លូវអាកាស, កិច្ចសម្រួលការដឹកជញ្ជូន និងវិស័យពាក់ព័ន្ធផ្សេងៗទៀត។ កិច្ចប្រជុំនេះ រដ្ឋមន្រ្តីបានពិភាក្សា និងអនុម័តលើឯកសារសំខាន់ៗចំនួន៦រួមមាន៖
១. ផែនការមេ ស្តីពីការគ្រប់គ្រងចរាចរណ៍តាមផ្លូវអាកាសអាស៊ាន។
២. លក្ខខណ្ឌប្រតិបត្តិ សម្រាប់ការវាយតម្លៃសុវត្ថិភាពប្រតិបត្តិករបរទេសក្នុងតំបន់អាស៊ាន។
៣. សេចក្តីណែនាំ ស្តីពីការទប់ស្កាត់ និងកាត់បន្ថយគ្រោះមហន្តរាយកំពង់ផែអាស៊ាន។
៤. សៀវភៅ ស្តីពីការអនុវត្តន៍ល្អបំផុតសម្រាប់សម្រួលដល់អ្នកប្រើប្រាស់ពាក់ព័ន្ធវិស័យដឹកជញ្ជូន។
៥. លក្ខខណ្ឌប្រតិបត្តិ សម្រាប់ការបង្កើតដៃគូសន្ទនាវិស័យដឹកជញ្ជូនអាស៊ាន-សហគមន៍អ៊ឺរ៉ុប។
៦. សៀវភៅស្តីពីការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនអាស៊ាន សម្រាប់រំលឹកខួបលើកទី៥០ នៃការបង្កើតអាស៊ាន។

រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន ក៏បានអនុម័តលើកិច្ចព្រមព្រៀងចំនួន៥ ដែលត្រូវចុះហត្ថលេខាដោយស្ថាប័នពាក់ព័ន្ធរួមមាន៖

១. កិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីកិច្ចសម្រួលការដឹកជញ្ជូនអ្នកដំណើរឆ្លងកាត់ព្រំដែនតាមរថយន្ត។
២. ពិធីសារអនុវត្តន៍កិច្ចសន្យាកញ្ចប់ទី១០ ស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងអាស៊ាន ស្តីពីសេវាកម្ម។
៣. ពិធីសារទី៣ ស្តីពីកិច្ចសហការជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដី នៃប្រទេសជាសមាជិកអាស៊ានណាមួយ។
៤. កិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីដំណើរការទទួលស្គាល់ទៅវិញទៅមកវិញ្ញាបនបត្របាហុនិកា។
៥. អនុស្សរណៈយោគយល់រវាងអាជ្ញាធរទទួលបន្ទុកស៊ើបអង្កេតគ្រោះថ្នាក់ អាកាសយាននៃរដ្ឋជាសមាជិកអាស៊ាន និង រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន ស្តីពីកិច្ចសហប្រត្តិបត្តិការទាក់ទងនឹងការស៊ើបអង្កេតឧប្បត្តិហេតុ និងគ្រោះថ្នាក់អាកាសយាន។

ក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ដ្រីដឹកជញ្ជូនអាស៊ាន បានសម្តែងការពេញចិត្ត ចំពោះការបញ្ចប់ការប្រមូលទិន្នន័យបណ្តាញផ្លូវហាយវ៉េអាស៊ាន សម្រាប់រយៈពេល៥ឆ្នាំម្តង ដើម្បីវាយតម្លៃការងារធ្វើឱ្យប្រសើរឡើងនូវការសាងសង់ និងការពង្រឹងគុណភាពបណ្តាញផ្លូវហាយវ៉េអាស៊ាន។

រដ្ឋមន្ដ្រីបានស្វាគមន៍ចំពោះការឡើងកម្រិត ៦៩% នៃផ្លូវហាយវ៉េអាស៊ានក្រោមកម្រិត ៣ និង ២០% នៃផ្លូវហាយវ៉េអាស៊ានកម្រិត ៣ ទៅកម្រឹតស្តង់ដារខ្ពស់ជាងនេះ និងការកើនឡើង ១០% នៃផ្លូវហាយវ៉េអាស៊ានកម្រិតខ្ពស់បំផុត ក្នុងកំឡុងឆ្នាំ២០០៤-២០១៤ ដោយក្នុងនោះ នៅមានផ្លូវហាយវ៉េអាស៊ានក្រោមកម្រិត ៣ ប្រវែង ២.០៤៧គីឡូម៉ែត្រ ក្នុងបណ្តាញផ្លូវហាយវ៉េអាស៊ានសរុប។ រដ្ឋមន្ដ្រីបានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ត ដើម្បីលើកកម្រឹតផ្លូវអាស៊ានហាយវ៉េ ក្រោមកម្រិត ៣ និង កម្រិត ៣ ដែលនៅសល់ទទួលបានស្តង់ដារខ្ពស់ជាងនេះ ដើម្បីគាំទ្រដល់បណ្តាញដឹកជញ្ជូនតាមផ្លូវគោកក្នុងតំបន់អាស៊ាន ឱ្យកាន់តែខ្លាំងឡើងថែមទៀត៕