(ស្វាយរៀង)៖ បន្ទាប់ពីទទួលបានអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារចុះទៅដល់ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ទឹកដីដ៏ជូរចត់របស់ប្រជាពលរដ្ឋខ្មែរ ដែលទទួលរងឥទ្ធិពលអាក្រក់ពីសំណល់សង្គ្រាមដ៏ឈឺចាប់ បន្សល់ដោយសហរដ្ឋអាមេរិក កាលពីសម័យសង្គ្រាម ដើម្បីពិនិត្យមើលស្ថានភាព នៃផលប៉ះពាល់ដល់សុខភាពពលរដ្ឋ ដែលរងគ្រោះដោយសារចំហាយគីមីចេញពីគ្រាប់ប្រល័យលោកទាំងនោះ។

ក្រោយទៅដល់ទីតាំងខាងលើភ្លាម គណៈប្រតិភូក្រសួងសុខាភិបាល ដឹកនាំដោយលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង អមដំណើរដោយលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត បានចុះសួរសុខទុក្ខប្រជាពលរដ្ឋជិត ២០០នាក់ នៅវត្តគគីរ ស្ថិតក្នុងភូមិតាវាំង ឃុំគគីរ ភ្លាមៗដែរ ជាមួយការអាណិតអាសូរខ្លោចចិត្តពន់ពេកពន់ ក្នុងនោះកុមារៗខ្លះមានសភាពក្បាលធំ ខ្លះអាវៈយុវៈមិនប្រក្រតីដូចគេ។

សកម្មភាពចុះត្រួតពិនិត្យដល់មូលដ្ឋានប្រជាពលរដ្ឋខាងលើនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១១ ខែតុលា ម្សិលមិញ បានបញ្ជាឲ្យលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យ និងស្រាយជ្រាវពីបញ្ហាផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ នៅឃុំគគីរ ស្រុករមាសហែក ដែលរស់នៅជាមួយនឹងគ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិករាប់សិបឆ្នាំមកហើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូមឲ្យឯកឧត្តម ម៉ម ប៊ុនហេង ខាងក្រសួងសុខាភិបាល ធ្វើការស្រាវជ្រាវនៅក្នុងតំបន់នោះ (ឃុំគគីរ)។ យើងទើបតែនឹងរកឃើញគ្រាប់បែកគីមី នៅខែមករា កន្លងទៅនេះទេ យើងបានរស់នៅជាមួយអាវុធគីមីនេះ រយៈពេលជាង៤០ឆ្នាំមកហើយ បើគិតតាំងពីពេលដែលគេទម្លាក់។ តើសុខភាពប្រជាពលរដ្ឋនៅតំបន់នេះយ៉ាងម៉េច? កូនកើតឡើងវាយ៉ាងម៉េច? ត្រូវស្រាវជ្រាវបញ្ហានេះ វាជាផលប៉ះពាល់មួយ ហើយអាវុធគីមីគឺជាអាវុធប្រល័យលោក ដែលគេបានប្រើនៅក្នុងកម្ពុជា»

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ទៀតថា គ្រាប់បែកគីមីដែលជាគ្រាប់បែកប្រល័យលោករបស់អាមេរិក ទម្លាក់សម្លាប់ប្រជាជនកម្ពុជានេះ មិនមែនមាននៅតែខេត្តស្វាយរៀងប៉ុណ្ណោះទេ គ្រាប់បែបប្រល័យលោកនេះ មាននៅខេត្តដទៃទៀតរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងអំឡុងឆ្នាំ១៩៧០ អាមេរិកបានប្រើប្រាស់គ្រាប់បែកគីមីនេះ ដើម្បីធ្វើឲ្យស្លឹកឈើជ្រុះ ងាយស្រួលមើលឃើញពួកយៀកកុង និងកងទ័ពតស៊ូ ពេលនោះពួកគេអាចធ្វើទៅរួច ដោយគ្មានគិតអំពើសិទ្ធិមនុស្សឡើយ។

ជាមួយការផ្ទុះឡើងនៃការឈឺចាប់ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះដោយសារគ្រាប់បែកគីមីរបស់អាមេរិក មួយរយៈពេលមកនេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានបង្ហាញទិន្នន័យថ្មីទៀតថា គិតត្រឹមថ្ងៃទី១១ ម្សិលមិញ កម្លាំងស្រាវជ្រាវស៊ីម៉ាក់​បានបញ្ចប់ការស្រាវជ្រាវ និងកំណត់ទីតាំងគ្រាប់បែកអាវុធគីមីទាំង៥ភូមិ នៅឃុំគគីរ រួចរាល់ហើយ​ ដោយរកឃើញទាំងអស់ចំនួន ១៥ទីតាំង​ (មិនគិតបញ្ចូលទីតាំងវត្តគគីរ ដែលបានបោសសំអាតរួច)​៕