(ស្វាយរៀង)៖ លោក ម៉ឹង សំផន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកចន្ទ្រា និងក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ បានចុះសួរសុខទុក្ខដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅតាមភូមិ ក្នុងភូមិតាពៅ ក្រុងបាវិត និងបន្តសាកសួរសុខទុក្ខប្រជាពលរដ្ឋចំនួន២ភូមិ នៅស្រុកចន្ទ្រា គឺភូមិដូនណូយ ក្នុងឃុំច្រេស និងភូមិគោះគោល ក្នុងឃុំគគីរ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ ១,២៣៥នាក់។

នៅក្នុងឱកាសនោះ លោក ម៉ឹង សំផន ក៏បានចុះជួបសំណេះសំណាលតាមខ្នងផ្ទះ ជាមួយប្រជាពលរដ្ឋជួបការលំបាកក្នុងរដូវវស្សា ១ឃុំ មាន៥គ្រួសារ សរុប១៥គ្រួសារ ដោយបាននាំយកនូវអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនក្នុង១គ្រួសារទទួលបានអង្ករ ១០០គីឡូក្រាម ត្រីខ១យួរ មី១កេះ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាចំនួន១សែនរៀល ផងដែរ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធទាំង៣ភូមិ នៅក្នុងក្រុងបាវិត ក៏ដូចជានៅក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង លោក ម៉ឹង សំផន បានលើកឡើងពីគោលនយោបាយដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំប្រទេសជាតិចាប់តាំងពីបាតដៃទទេរ រហូតមកដល់ពេលនេះទទួលបានសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលបានធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

លោកបានបញ្ជាក់ថា ដោយសារមានសន្តិភាព និងសេដ្ឋកិច្ចជាតិវិវត្តន៍រីកចម្រើនយ៉ាងឆាប់រហ័ស សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្មករ ដោយបានដំឡើងប្រាក់បៀរវត្សមន្ត្រីរាជការជាង ១លានរៀល និងដំឡើងប្រាក់បៀរវត្សកម្មករ ១៧០ដុល្លា ក្នុងដំណាច់ឆ្នាំនេះ ព្រមទាំងដំឡើងប្រាក់សេវាផ្សេងៗទៀតបន្ថែមប្រាក់គោលនយោបាយចូលនិវត្តន៍ និងមរណភាពរបស់មន្ត្រីរាជការ ដើម្បីឲ្យមានភាពសមរម្យ និងមានជីវភាពរស់នៅក្នុងភាពសុខដុមរមនាក្នុងគ្រួរសារ។

លោក ម៉ឹង សំផន បានសង្កត់ធ្ងន់ថា លទ្ធផលដែលទទួលបានខាងលើនេះ សញ្ជាក់ឲ្យឃើញថា យើងមានសន្តិភាពទើបយើងទទួលបានអត្ថប្រយោជន៍បែបនេះ។ ប្រសិនបើគ្មានការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទេ ប្រទេសជាតិនឹងធ្លាក់ចូលក្នុងសង្គ្រាម និងគ្រោះមហន្តរាយ ធ្វើឲ្យបាត់បង់ផលប្រយោជន៍ជាតិ និងអាយុជីវិតមនុស្សថែមទៀត។

ដូចនេះយើងទាំងអស់គ្នា ត្រូវរួមគ្នាការពារសន្តិភាព និងការពារនូវរាល់សមិទ្ធផលទាំងឡាយ ដែលបានមកពីការខិតខំដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍយូរអង្វែងទៅថ្ងៃអនាគត៕