(ភ្នំពេញ)៖ លោក អ៉ីឡយ ឡាអ៊ូរូ ប្រធានក្រុមប្រឹក្សាភិបាលនៃកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF)  និងជាតំណាងបេសកកម្មអចិន្ត្រៃយ៍ប្រទេសបេនីនប្រចាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានមើលឃើញថា កម្ពុជា គឺជាប្រទេស EIF ដែលទទួលបានជោគ ជ័យខ្លាំងក្លាក្នុងការប្រើប្រាស់របៀបវារៈពាណិជ្ជកម្ម ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។

លោក អ៉ីឡយ ឡាអ៊ូរូ បានបន្តថា តាមរយៈភាពជោគជ័យនេះ បានធ្វើឲ្យកម្ពុជាចាកចេញពីប្រទេសមាន «ប្រាក់មានចំណូលទាប» ទៅជាប្រទេសមាន «ប្រាក់ចំណូលមធ្យមកម្រិតទាប» ដោយជោគជ័យ។ លោក អ៉ីឡយ ឡាអ៊ូរូ លើកឡើងបែបនេះក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) លើកទី២៥ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក ហ្សច អេតហ្គា ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំនៅកម្ពុជា និងឯកឧត្តម អ៊ីឡយ ឡាអ៊ូរូ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីមន្ត្រីជាន់ខ្ពស់អន្តរក្រសួង, តំណាងដៃគូអភិវឌ្ឍន៍សំខាន់ៗ និងតំណាងប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ដែលជាសមាជិកកម្មវិធី EIF ជាង ២០០នាក់ ហើយត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីឧត្តមានុវត្តន៍ (Best Practice) និងភាពជោគជ័យលើការអនុវត្តកម្មវិធី EIF នៅក្នុងប្រទេសកម្ពុជា។

លោក អ៉ីឡយ ឡាអ៊ូរូ ថែមទាំងបញ្ជាក់ទៀតថា ក្រុមប្រឹក្សា EIF នឹងរៀនសូត្រអំពីភាគជ័យរបស់កម្ពុជាលើកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនេះ ដើម្បីចែករំលែកជូនប្រទេសដែលជាសមាជិក EIF ផ្សេងៗលើពិភពលោកផងដែរ។

ក្នុងកិច្ចប្រជុំនៅថ្ងៃនេះ លោក ប៉ាន សូរស័ក្តិ ក៏បានលើកឡើងអំពីសារៈសំខាន់នៃកម្មវិធី EIF ដែលបានជួយប្រទេសកម្ពុជា ក្នុងការអនុវត្តរបៀបវារៈពាណិជ្ជកម្មសំខាន់ៗ ដូចជាការកសាង និងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រវិភាគសមាហរណកម្មពាណិជ្ជកម្ម (DTIS) និងការតាមដានលទ្ធផលអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp)។

លោករដ្ឋមន្ត្រី បានបន្តថា កម្មវិធី EIF ដែលអនុវត្តន៍នៅក្នុងប្រទេសកម្ពុជា មានទឹកប្រាក់ឥតសំណងសរុប ៧,៥លានដុល្លារ ហើយបានធ្វើការលើគម្រោងធំៗរួមមាន ការអភិវឌ្ឍផលិតផល និងសេវាកម្ម, ការសម្របសម្រួល និងជំរុញនាំចេញ, និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ, សុវត្ថិភាពម្ហូបអាហារ និងភូតគាមអនាម័យ។

«តាមរយៈជំនួយនេះ កម្ពុជាអាចបន្តដើរតួជាប្រទេសជោគជ័យមួយ សម្រាប់កម្មវិធី EIF នៅលើពិភពលោក។ យុទ្ធសាស្ត្រ DTIS មិនត្រឹមតែបម្រើដល់ការរៀបចំវិស័យសំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់ពីចំណុចខ្វះខាតសមត្ថភាព ទាំងនៅកម្រិតស្ថាប័ន និងធនធានមនុស្ស ដើម្បីបម្រើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី ក៏បានស្នើដល់ក្រុមប្រឹក្សា EIF បន្តជួយប្រទេសកម្ពុជា និងប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ទាំងឡាយ ដើម្បីធានានិរន្តភាពលទ្ធផលក្នុងរយៈពេលយូរអង្វែង។

«ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំរំពឹងលើការបន្តកិច្ចសហការ និងការជួយឧបត្ថម្ភពីម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍របស់យើង ជាពិសេស កម្មវិធី EIF ដើម្បីពង្រឹងការអភិវឌ្ឍពាណិជ្ជកម្ម តាមរយៈការកសាងសមត្ថភាព, ការរៀបចំគោលនយោបាយ និងបញ្ជ្រាបពាណិជ្ជកម្ម ដែលនឹងជួយឲ្យកម្ពុជា អាចសម្រេចបាននិរន្តរភាពកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ»។ លោករដ្ឋមន្រ្តីបញ្ជាក់បន្ថែម។

ដោយឡែកលោក ហ្សច អេតហ្គា បានលើកឡើងពីសារៈសំខាន់នៃជំនួយសម្រាប់ពាណិជ្ជកម្ម (AfT) ដើម្បីធានានិរន្តរភាពសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅតាមប្រទេស LDCs ហើយចាប់តាំងពីឆ្នាំ២០០៧ ដល់២០១៥ សហគមន៍អឺរ៉ុប និងរដ្ឋសមាជិកបានផ្តល់ AfT ដល់ប្រទេស LDCs ចំនួន ៩៦,៨ប៊ីលានអឺរ៉ូ ដែលចំនួននេះ ស្មើនឹង ១/៣ នៃទឹកប្រាក់ AfT ពិភពលោក។ លើសពីនេះសហគមន៍អឺរ៉ុបក៏បានអនុញ្ញាតឲ្យប្រទេស LDCs ចំនួន ៤៧ រួមទាំងកម្ពុជា អាចនាំចេញទំនិញទៅកាន់ទីផ្សារអឺរ៉ុប ក្រោមប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)» ចាប់តាំងពីឆ្នាំ២០០១។

សម្រាប់ប្រទេសកម្ពុជា លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា សហគមន៍អឺរ៉ុប បានផ្តល់ AfT ដើម្បីគាំទ្រចំពោះវិស័យសំខាន់ៗចំនួន៥ ដូចបានកំណត់នៅក្នុង DTIS គឺ៖ អង្ករ, សូត្រប្រណិត, ដំឡូងមី, ជលផលសមុទ្រ និងបដិសណ្ឋារកិច្ច ហើយទន្ទឹមគ្នា សហគមន៍អឺរ៉ុប នឹងបន្តជួយអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា និងប្រទេសជាសមាជិក EIF តាមរយៈវិស័យពាណិជ្ជកម្មផងដែរ។

សូមបញ្ជាក់ថា នៅអំឡុងឆ្នាំ២០០១ កម្ពុជា គឺជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដំបូងគេ ដែលបានរៀបចំ និងធ្វើសុពលភាពយុទ្ធសាស្ត្រវិភាគសមារណកម្ម (DTIS) ដោយជោគជ័យ និងបានក្លាយជាផ្នែកមួយនៃក្របខណ្ឌសមាហរកម្ម (IF) ដែលក្រោយមកត្រូវបានគេស្គាល់ថាជាកម្មវិធី EIF។ កម្មវិធី EIF ជាជំនួយសម្រាប់ពាណិជ្ជកម្ម (AfT) ផ្តល់តាមរយៈម្ចាស់ជំនួយពហុភាគី ដើម្បីជួយប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ទាំងឡាយ ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងប្រើប្រាស់វិស័យពាណិជ្ជកម្ម ជាយានកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច។

កម្មវិធី EIF ដែលបានអនុវត្តន៍នៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមកមាន៖ កម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជា ជំហ៊ានទី១ (CEDEP I) ឆ្នាំ២០១២-២០១៦ និងជំហ៊ានទី២ (CEDEP II) ឆ្នាំ២០១៤-២០១៨។

កម្មវិធី CEDEP I ផ្តោតសំខាន់លើសមាសភាគ អង្ករ, សូត្រប្រណិត, និងមុខងារត្រួតពិនិត្យ និងវាយតម្លៃនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដែលជាអង្គភាពអនុវត្តន៍ថ្នាក់ជាតិ (NIU) ចំណែកកម្មវិធី CEDEP II ផ្តោតសំខាន់លើសមាសភាគ ដំឡូងមី, ផលនេសាទសមុទ្រ, និងបដិសណ្ឋារកិច្ច តាមរយៈកបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើម្ហូបកម្ពុជា (ACAC)។ កម្មវិធី CEDEP I និង CEDEP II បានរួមចំណែកយ៉ាងសំខាន់ ដល់កំណើននាំចេញរបស់កម្ពុជា ដែលបានឆ្លើយតបយ៉ាងល្អទៅនឹងគោលដៅយុទ្ធសាស្ត្រសមាហរណកម្មកម្ពុជា ឆ្នាំ២០១៤-២០១៨ និងសសរស្តមទី២ នៃអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) ដែលជាយន្តការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម ប្រកបដោយមហិច្ឆិតារបស់រាជរដ្ឋាភិបាល៕