(ភ្នំពេញ)៖ ​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានចេញសេចក្ដីប្រកាសព័ត៌មាន ពីការរៀបចំទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្ដរាយ នៅវេលាម៉ោង០៧៖៣០នាទីព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាពលោកបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ដ្រីទទួលបន្ទុក អនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា វេទិកាអាស៊ានគ្រប់គ្រងគ្រោះមហន្ដរាយធ្វើឡើង ក្រោមប្រធានបទ «សុវត្ថិភាព និងធន់សហគមន៍សម្រាប់ភាពធន់អាស៊ាន» និងទិវាអន្ដរជាតិ កាត់បន្ថយគ្រោះមហន្ដរាយ ក្រោមប្រធានបទ «លំនៅដ្ឋានសុវត្ថិភាព»។

សេចក្ដីប្រកាសព័ត៌មានបានបន្ដទៀតថា ការប្រារព្ធទិវានេះធ្វើឡើងក្នុងគោលបំណងអបអរចក្ខុវិស័យអាស៊ាន សម្រាប់សហគមន៍មានភាពធន់ និងសុវត្ថិភាព នឹងផ្ដល់ឱកាសដល់ក្រសួង ស្ថាប័ន រាជធានី-ខេត្ត អង្គភាពដៃគូរ និងសហគមន៍ចែករំលែកនូវការអនុវត្ដល្អ លើការងារកាត់បន្ថយហានិភ័យ គ្រោះមហន្ដរាយ និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុដែលក្នុងនោះ ក៏នឹងមានការផ្សព្វផ្សាយនូវសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីអបអរទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្ដរាយ និងទិវាអន្ដរជាតិកាត់បន្ថយគ្រោះមហន្ដរាយផងដែរ៕