(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល៣៩ថ្ងៃ នៃដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋទៅចុះឈ្មោះជិត ៣៥ម៉ឺននាក់ហើយ ខណៈអ្នកដែលត្រូវលុបឈ្មោះចេញមានចំនួន ៣,៥៤៦នាក់ និងអ្នកខុសកែតម្រូវមានចំនួន ៣,១៧៦នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលទើបចេញផ្សាយនៅរសៀលថ្ងៃទី១០ ខែតុលានេះ។

គ.ជ.ប បានឲ្យដឹងថា រយៈពេល៣៩ថ្ងៃ នៃដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែតុលា​ ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរចំនួន ៣៤៧,៦៤៩នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។

តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕