(ភ្នំពេញ)៖ ក្នុងចំណោមតំណាងរាស្រ្តចំនួន៥៥រូប របស់គណបក្សសង្រ្គោះជាតិ មានតែ២៤រូបប៉ុណ្ណោះ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា សព្វថ្ងៃនេះ ខណៈជាង៣០រូបទៀតបានចាកចេញទៅក្រៅប្រទេស។ នេះបើតាមការអះអាងរបស់ លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ ដែលបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ ក្រោយកិច្ចប្រជុំរបស់គណបក្សសង្រ្គោះជាតិ។
លោក សុន ឆ័យ បានថ្លែងបន្តថា រហូតដល់ពេលនេះ មានតែតំណាងរាស្រ្ត៣រូបប៉ុណ្ណោះ ក្នុងចំណោមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដែលចេញទៅក្រៅប្រទេស ដែលបានបញ្ជាក់ថា ពួកគាត់នឹងត្រឡប់មកវិញនៅក្នុងអំឡុងបីទៅបួនថ្ងៃទៀត ខណៈដែលតំណាងរាស្រ្តជាច្រើនទៀតមិនទាន់បញ្ជាក់ច្បាស់អំពីការវិលត្រឡប់របស់ពួកគាត់នៅឡើយទេ ហើយរដ្ឋសភា ក៏នឹងចូលកងឡើងវិញ នៅក្នុងសប្តាហ៍នេះផងដែរ។
លោក សុន ឆ័យ បានថ្លែងយ៉ាងដូច្នេះថា៖ «តំណាងរាស្រ្តនៅក្នុងស្រុកមាន២៤នាក់ ដូច្នេះមានន័យថា ក្រៅពីនោះគឺនៅក្រៅប្រទេស ហើយតាមដឹងមានតំណាងរាស្រ្ត៣រូប នឹងត្រឡប់មកវិញ អំឡុងពេល២-៣ថ្ងៃខាងមុខនេះ ដែលគាត់ទៅក្រៅហើយគាត់ត្រឡប់មកវិញ។ អ្នកដទៃទៀតយើងមិនទាន់ដឹងដែរថាតើគាត់ នឹងមកដល់ពេលណា? យើងដឹងហើយថា រដ្ឋសភា ចូលកងវិញ ចាប់ពីថ្ងៃទី១២ ទៅ ហើយយើងបានណែនាំគាត់អំពីការទទួលខុសត្រូវនៅរដ្ឋសភា ហើយទុកឱ្យគាត់សម្រេចថាគាត់មកពេលណា? មកទល់ពេលនេះដូចមិនទាន់មានចម្លើយក្រៅពីតំណាងរាស្រ្តទាំង៣រូបទេ»។
សូមបញ្ជាក់ថា ការសម្រុកចេញទៅក្រៅប្រទេសរបស់ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសថា សំណុំរឿងក្បត់ជាតិនៅកម្ពុជា នឹងមិនបញ្ចប់ត្រឹមការចាប់ខ្លួនលោក កឹម សុខា ឡើយ។ សម្តេចតេជោ បានថ្លែងបញ្ជាក់ទៀតថា សំណុំរឿង គឺមានការរៀបចំឡើងជាប្រព័ន្ធ ដែលមានមនុស្សជាប់ពាក់ព័ន្ធជាច្រើនទៀត។ សម្តេចបានប្តេជ្ញាបន្តវិធានការ កម្ចាត់ក្រុមជនក្បត់ជាតិ ដោយមិនរាថយ នោះឡើយ។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថែមទាំងបញ្ជាក់ទៀតថា សម្តេចមិនអនុញ្ញាតឲ្យមានក្រុមឧទ្ទាមនៅក្នុងទីក្រុងនោះឡើយ៕