(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ការបន្ថែម៥ដុល្លារ លើប្រាក់ខែអប្បបរមាសម្រាប់កម្មករនិយោជិត នៅឆ្នាំ២០១៨ខាងមុខនេះ ធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា ខាតបង់ជាង៤០លានដុល្លារក្នុងមួយឆ្នាំ លើការអនុគ្រោះពន្ធកាន់ទុក ដោយពន្យារពេលរហូតដល់ឆ្នាំ២០២២ និងកម្រៃនាំការនាំចេញ។

សម្ដេចនាយករដ្ឋមន្ដ្រីអះអាងថា ក្នុងចំណោយថវិកាដែលខាតបង់ជាង៤០លានដុល្លារនោះ មានកម្រៃការត្រួតពិនិត្យលើការនាំចេញ ដែលកាំកុងត្រូលត្រូវបាត់បង់ ប្រមាណជាង២៤លានដុល្លារ ដើម្បីដោះបន្ទុកពីនិយោជក ជាម្ចាស់រោងចក្រនានា។

ប៉ុន្ដែបើទោះបីជា រាជរដ្ឋាភិបាលខាតបង់បែបនេះ ក៏សម្ដេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរចំពោះស្រុះស្រួលគ្នា លើការចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ និយោជិតនៅឆ្នាំ២០១៨ ព្រមយកតួលេខ១៦៥ដុល្លារ និងការបន្ថែមពីលើ ដោយរាជរដ្ឋាភិបាល ៥ដុល្លារបន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ដើម្បីបានទៅដល់១៧០ដុល្លារអាមេរិកនេះ គឺរាជរដ្ឋាភិបាលក៏ត្រូវ​បន្ថែមជូនចំនួន៥ដុល្លារ, ៥ដុល្លារតើបានមកពីណាដើម្បីយើងជូនទៅឲ្យ វិស័យ​ឯកជន មានផ្នែក២ ដែលរាជរដ្ឋាភិបាលត្រូវលះបង់ ប្រមាណជា៤០លានដុល្លារ ក្នុងមួយឆ្នាំនោះគឺពន្ធកាត់ទុក ដែលត្រូវពន្យារហូតទៅដល់ឆ្នាំ២០២២​ នេះជាចំណុចទី១, ចំណុចទី២៖ អំពីកម្រៃនៃការត្រួតពិនិត្យលើការនាំចេញ ដែលកាំកុងត្រូលត្រូវបាត់បង់ ប្រមាណជាង២៤លានដុល្លារ ដូច្នេះ២ផ្នែកនេះ រាជរដ្ឋាភិបាលត្រូវបាត់បង់ដើម្បីកុំឲ្យទម្ងន់នេះ ធ្លាក់ធ្ងន់ពេកទៅលើនិយោជក ម្ចាស់រោងចក្រ»។​

ការលើកឡើងខាងលើនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីផ្សព្វផ្សាយនយោបាយជាតិ ស្តីពីការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ នៅវិមានសន្តិភាព​។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបន្ថែម៥ដុល្លារទៀត បន្ថែមលើតួលេខ១៦៥ដុល្លារ ដែលបោះឆ្នោតជ្រើសរើស ដោយគណៈកម្មការប្រឹក្សាការងារ នៅរសៀល​ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧​ ដែលធ្វើឲ្យប្រាក់ឈ្នួលកម្មករឆ្នាំ២០១៨ កើនដល់១៧០ដុល្លារតែម្តង។

ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង​១៧០ដុល្លារ នឹងចូលជាធរមានចាប់ពីខែមករា ឆ្នាំ២០១៨​តទៅ ដែលប្រាក់ឈ្នួលនេះ បានកើនឡើងចំនួន១៧ដុល្លារ បើធៀបនឹងឆ្នាំ២០១៧នេះ ដែលមានចំនួន១៥៣ដុល្លារ៕