(ភ្នំពេញ)៖ ដើម្បីបញ្ជៀសរាល់បញ្ហាទាកទង់ នឹងការផ្ដល់សេវាផ្នែកពន្ធដារ ដល់អតិថិជន លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រង អ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ បានស្នើដល់ក្រុមហ៊ុន ដែលទទួលបានអាជ្ញាប័ណ្ណភ្នាក់ងារ សេវាកម្មពន្ធដារត្រូវប្រើប្រាស់ជំនាញវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំង​ជួយ​អ្នក​ជាប់ពន្ធ​ដទៃ​ទៀតឲ្យបានត្រឹមត្រូវ ដើម្បីលើកម្ពស់វប្បធម៌នៃការបង់ពន្ធឲ្យកាន់តែទូលំទូលាយ ក្នុងគោលដៅចូលរួមចំណែកកែទម្រង់ប្រព័ន្ធពន្ធដារ និងរដ្ឋបាលសារពើពន្ធឲ្យកាន់តែទទួលបានលទ្ធផលប្រសើរ។

ការស្នើរបស់ប្រធាននាយកដ្ឋាននេះ ធ្វើឡើងនាឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងកម្មវិធី សិក្ខាសាលាស្ដីពី «ការបំពេញកាតព្វកិច្ចជាភ្នាក់ងារសេវាកម្មពន្ធដារ» នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ និងមានការចូលរួមពីភ្ញៀវកិត្តិយស​យ៉ាង​ច្រើនកុះករ។

លោក អេង រតនា បានក្រើនរំលឹកដល់ លោក-លោកស្រី ឬសហគ្រាសទាំងអស់ដែលកំពុងធ្វើ ឬមានបំណងធ្វើសកម្មភាព ជាភ្នាក់ងារសេវាកម្មពន្ធដារ ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណភ្នាក់ងារ សេវាកម្មពន្ធដារឲ្យបានរួសរាន់។ ក្នុងករណីលោក-លោកស្រី ឬសហគ្រាសធ្វើសកម្មភាពអាជីវកម្មភ្នាក់ងារ សេវាកម្មពន្ធដារដោយគ្មានអាជ្ញាប័ណ្ណភ្នាក់ងារ សេវាកម្មពន្ធដារត្រូវទទួលរងពិន័យ ៥០ម៉ឺនរៀលរហូតដល់១លានរៀល ឬជាប់ពន្ធធនាគារពី១ខែ ដល់១ឆ្នាំ ឬជាប់ទោសទាំងពីរ។

លោកបានបញ្ជាក់ទៀតថា ភ្នាក់ងារសេវាកម្មពន្ធដារ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយអ្នកជាប់ពន្ធឲ្យគោរពប្រតិបត្តិច្បាប់បានត្រឹមត្រូវ និងលើកកម្ពស់វប្បធម៌នៃការបង់ពន្ធឲ្យកាន់តែប្រសើរ។ ជាងនេះទៅទៀតភ្នាក់ងារសេវាកម្មពន្ធដារ គឺជាអ្នកផ្សារភ្ជាប់ទំនាក់ទំនង រវាងអ្នកជាប់ពន្ធជាមួយរដ្ឋបាលសារពើពន្ធ ក្នុងការបំពេញបែបបទដាក់លិខិតប្រកាសសារពើពន្ធ ប្រចាំខែ ប្រចាំឆ្នាំ និងបង់ពន្ធ-អាករទាំងឡាយ។

លោកបានបន្ដទៀតថា ភ្នាក់ងារសេវាកម្មពន្ធដារ ក៏បានបង្ហាញ និងផ្ដល់ឯកសាររបាយការណ៍ និងលិខិតគតិយុត្តផ្សេងៗ របស់អ្នកជាប់ពន្ធពាក់ព័ន្ធ និងពន្ធដារជូនរដ្ឋបាលសារពើពន្ធស្រប តាមបទប្បញ្ញត្តិស្ដីពីពន្ធដារ បំពេញរាល់កាតព្វកិច្ចដែលអ្នកជាប់ពន្ធ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ទទួលព័ត៌មានជាប្រចាំអំពីការធ្វើបច្ចុប្បន្នភាព ឬវិសោធនកម្មច្បាប់ និងបទប្បញ្ញត្តិនានាស្ដីពីពន្ធដារជាដៃគូរសហប្រតិបត្តិការល្អជាមួយរដ្ឋបាលសារពើពន្ធក្នុងការពង្រីក និងពង្រឹងការផ្ដល់សេវា ការអប់រំដល់អ្នកជាប់ពន្ធធានាឲ្យបានការអនុវត្តច្បាប់ព្រមទាំងទប់ស្កាត់ សកម្មភាពគេចវេះពន្ធផងដែរ៕