(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា នៅពេលនេះកម្លាំងនគរបាលរបស់លោក បានធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការចាប់ខ្លួន ជនជាតិចិនម្នាក់ ខណៈបក្ខពួកចំនួន៥នាក់ទៀតកំពុងរត់គេចខ្លួន បន្ទាប់ពីជនជាតិចិនទាំងនេះ បានបង្កអំពើហិង្សាដេញកាប់គ្នាយ៉ាងអនាធិបតេយ្យនៅតំបន់ទេសចរណ៍ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស១កើតឡើង ដោយជនជាតិចិនមួយក្រុមមានគ្នា៦នាក់ បានដេញកាប់ជនជាតិចិនម្នាក់ ដោយសារតែទំនាស់ពាក្យសំដី។

ជនរងគ្រោះឈ្មោះ LIN YONGFEI ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ G3I 368954 មុខរបរវិស្វករ ស្នាក់នៅផ្ទះជួល ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។ ដោយឡែកជនបង្កឈ្មោះ FANG JINHUA អាយុ៣៩ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ G28945277 មុខរបរមេការសំណង់ ស្នាក់នៅផ្ទះជួលក្រុម១៥ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ជាមុខសញ្ញាចាស់មិនរាងចាល ធ្លាប់ជាប់ពន្ធនាគារ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ពីបទប៉ុនប៉ងឃាតកម្ម គឺរឿងមិនបើកលុយឲកម្មករក្រោមឱវាទហើយ  ដេញកាប់រហូតចូលដល់ស្នងការនគរបាលខេត្ត ក៏ត្រូវចាប់ខ្លួនបញ្ចូនទៅតុលាការតែម្ដងទៅ។

ជាមួយគ្នានេះបក្ខពួកចំនួន៥នាក់ទៀត មិនស្គាល់អត្តសញ្ញាណ ក៏បានធ្វើសកម្មភាពវាយដោយដៃ និងធាក់ជើងទៅលើជនរងគ្រោះបណ្តាលឲ្យរបួសក្បាល និងដងខ្លួនជាទម្ងន់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅគ្លឺនិកសេតេ (CT)។ បើតាមលោកស្នងការ មូលហេតុដែលកើតឡើងដោយសារ ជនរងគ្រោះ បានទៅទារលុយភាគហ៊ុនសាងសង់ពីជនសង្ស័យ បន្ទាប់មកក៏បានទាស់ពាក្យុសម្តីគ្នា ហើយក៏ឈានទៅដល់ការប្រើហិង្សាតែម្តង។

ករណីនេះកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ FANG JINHUA ជាចារីមេខ្លោង និងស្រាវជ្រាវតាមរកចាប់ខ្លួន ជនសង្ស័យចំនួន៥នាក់ទៀត ជាបក្ខពួក ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ ករណីនេះកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនិតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត។

លោកឧត្តមសេនីយ៍ស្នងការបានបន្តទៀតថា «មុខសញ្ញានេះ គឺមិនខ្លាចញញើតច្បាប់នោះទេ ទើបមិនរាងចាលនៅតែបង្ក ចង់ដើរតួជាបងធំ,,,,,មិនអាចទេ ត្រូវតែទទួលទោសទៅតាមអ្វីដែលខ្លួនប្រព្រឹត្ត  ដូច្នេះសូមសមត្ថកិច្ចដែលអ្នកអនុវត្តន៍ច្បាប់ចូលរួមទាំងអស់គ្នា»

ជាមួយគ្នានេះបើតាមមន្រ្តីសាលាដំបូងខេត្តព្រះសីហនុម្នាក់ បានលួចបង្ហើបថា​ ករណីខាងលើនៅពេលនេះ ក៏មានអ្នករត់ការឆ្វេចឆ្វាចចង់ឲ្យមានការដោះលែងជនបង្កផងដែរ៕