(ស្វាយរៀង)៖ ជនរងគ្រោះបីនាក់ ដែលអះអាងថា បានរងគ្រោះដោយសារគ្រាប់បែកគីមី នៅក្នុងភូមិតាវាំង ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យជាលើកទីពីរនោះ មានអាការៈធូស្បើយបន្តិចហើយ បន្ទាប់ពីពួកគេមិនទាន់ជា សះស្បើយនូវអាការៈថប់ដង្ហើម ចង់ក្អូតចង្អោរ និងមានការមាស់ លើស្បែកពេលចេញពីមន្ទីរពេទ្ររួចមកនោះ។

ថ្លែងប្រាប់បណ្តាញសារព័ត៌ Fresh News ប្រធានមន្ទីរខេត្តស្វាយរៀង លោក កែរ រដ្ឋា បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ថា ជនរងគ្រោះបីនាក់ ក្នុងចំណោម៨នាក់ ដែលបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង នៅល្ងាចថ្ងៃទី៩ ខែតុលាម្សិលមិញ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសារជាថ្មី បន្ទាប់ពីពួកគេមានអាការៈជំងឺដូចពេលមុន គឺពេលដែលបានប៉ះពាល់ នូវសារធាតុគីមី ដែលមន្ត្រីជំនាញអះអាងថា ជាគ្រាប់បែកគីមីនោះ។

មន្ទីរសុខាភិបាលដដែលរូបនេះ បានបញ្ជាក់ទៀតថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែតុលានេះ ពួកគេទាំងបីនាក់មានអាការៈធូរស្បើយ បន្តិចហើយ ប៉ុន្តែមិនទាន់អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះនៅឡើយទេ រង់ចាំធូរស្បើយស្រួលបួលសិន ទើបអាចឲ្យចេញពីមន្ទីរពេទ្យ នៅពេលឆាប់ៗខាងមុខ។ ជនរងគ្រោះទាំងបីនាក់ គឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក។

បើតាមការឲ្យដឹងពី អគ្គនាយកមជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) លោក ហេង រតនា មន្ត្រីជំនាញបានរកឃើញគ្រាប់បែកគីមី របស់អាមេរិក៧ទីតាំងថ្មីទៀត នៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ខណៈប្រតិបត្តិការដោះគ្រាប់បែកគីមី នៅក្នុងវត្តគគីរ និងសាលាបឋមសិក្សាគគីរ ត្រូវបានបញ្ចាប់រួចរាល់ហើយ ដោយមន្ត្រីជំនាញរកឃើញគ្រាប់បែកគីមីមួយគ្រាប់ និងបានវេចខ្ចប់ទុក យ៉ាងល្អ។ ចំណែកមួយគ្រាប់ទៀត រកមិនឃើញដោយសង្ស័យថា ស្ថិតនៅក្រោមអគារសាលាឆាន់ ឬព្រះវិហារ ដែលមិនអាចឲ្យមន្ត្រី ជំនាញវាយកម្ទេចរុករកបានឡើយ។

សូមជម្រាបថា ប្រជាពលរដ្ឋ១០នាក់ ត្រូវបានមន្ត្រីស៊ីម៉ាក់ អះអាងថា បានរងគ្រោះដោយសារគ្រាប់បែកគីមី នៅក្នុងភូមិតាវាំង ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដោយក្នុងនោះ៨នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីពិនិត្យព្យាបាល ខណៈ២នាក់ទៀត មិនរងផលប៉ះពាល់ធ្ងន់ធ្ងរ។ អ្នកទាំង៨នាក់ដែលរងគ្រោះ ត្រូវបានអនុញ្ញាតឲ្យមកផ្ទះវិញ ប៉ុន្តែមកដល់ផ្ទះមិនទាន់ស្រួលបួលផង ស្រាប់តែពួកគេ៣នាក់ ក្នុងចំណោម៨នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យវិញ ព្រោះអាការៈជំងឺបានរើឡើងវិញ៕