(ភ្នំពេញ)៖ អង្គភាពគ្រប់គ្រងកីឡាកម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានសហការជាមួយក្រសួង អប់រំ យុវជន និងកីឡា ដើម្បីរៀបចំក្បួនដង្ហែម្ចាស់មេដាយមាសពិភពលោកជុំវិញរាជធានីភ្នំពេញ ផ្នែកកីឡាកាយវប្បកម្ម នឹងចាប់ផ្តើមពីម៉ោង ១៥៖០០នាទីរសៀលថ្ងៃពុធ ទី១១ ខែតុលាស្អែកនេះ ពោលគឺក្រោយពេលម្ចាស់មេដាយ ទាំង៣រូបចុះពីលើយន្តហោះមក។

យោងតាមលិខិតរបស់ NOCC ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននាព្រឹកនេះមានខ្លឹមសារថា គណៈកម្មាធិការអូឡាំពិក និងក្រសួង បានរៀបចំក្បួនរថយន្ត និងម៉ូតូធំចំនួន ១២គ្រឿង ដើម្បីដង្ហែកីឡាករកាយវប្បកម្ម ៣រូបដែលដណ្តើមបានមេដាយ ៣គ្រឿងពីប្រទេសម៉ុងហ្គោលី ពីការប្រកួតកីឡាកាយវប្បកម្ម ពិភពលោក ឆ្នាំ២០១៧ នៅតាមផ្លូវ១ចំនួនក្នុងរាជធានីភ្នំពេញនៅរសៀលម៉ោង ១៥៖០០នាទីស្អែកនេះ។

ទន្ទឺមគ្នានោះ ទាំងគណៈកម្មាធិការអូឡាំពិក និងក្រសួងអប់រំ យុវជន និងកីឡា ក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស និងជនរួមជាតិទាំងអស់ចូលរួមអបអរសាទរតាមដងផ្លូវឲ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្ត និងជាមោទនភាពជាតិខ្មែរ។

ការដង្ហែនេះ នឹងត្រូវបានធ្វើឡើងគ្រប់ការទទួលបានជ័យជំនះនៅលើកឆាកអន្តរជាតិគ្រប់ប្រភេទកីឡាទាំងអស់ និងជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មុនចេញដំណើរ និងក្រោយត្រឡប់ មកវិញទៀតផង៕