(ភ្នំពេញ)៖ លោកទេរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា​ បានថ្លែងថា លេខាធិការដ្ឋានជាតិកម្ពុជា នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងអាចចូលរួម​ចំណែក​លើ​ទិដ្ឋភាពសំខាន់ ៣ផ្សេងទៀតបន្ថែមលើវិស័យអាទិភាពទាំង៥ ដែលបានដាក់ចេញដោយប្រមុខដឹកនាំប្រទេសទាំង៦ កាលពីឆ្នាំមុននេះ។

ការលើកឡើងបែបនេះរបស់ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា បានធ្វើឡើងក្នុងពិធីសម្ពោធលេខាធិការដ្ឋានជាតិកម្ពុជា នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅទីស្តីការក្រសួងការបរទេស នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ។

វិស័យអាទិភាពដែល លោកទេសរដ្ឋមន្រ្តី បានប្រមើលមើលឃើញទាំង៣នោះរួមមាន៖

ទី១៖ ការ​រៀបចំ​គោលនយោបាយ​នៃកិច្ច​សហប្រតិបត្តិការមេគង្គ-ឡានឆាង។ លោកជឿជាក់ថា កម្លាំង​សរុប​នៃបញ្ញាញាណនៃ​ស្ថាប័ន​សមាជិកទាំង២២ នៃលេខាធិការដ្ឋានរបស់យើង នឹង​ដើរតួនាទី​ជា «អ្នកដឹកនាំនៃគំនិត» ដើម្បីចូលរួម​ចំណែក​ក្នុង​ដំណើរ​ការគោលនយោបាយ​​ទាំងមូល​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង ដូចជា​ ក៖ ការស្វែងរកវិធីកែលំអ​ដើម្បី​ឱ្យ​ផែនការសកម្មភាពប្រាំឆ្នាំ​នៃកិច្ច​សហប្រតិបត្តិការមេគង្គ-ឡានឆាង​​ អាច​ឆ្លើយ​តប​​ទៅនឹង​តម្រូវការជាក់ស្តែងរបស់កម្ពុជា ខ៖ ការធានា​ឱ្យ​មាន​​ថាមពលរួម​ និងការ​បំពេញ​បន្ថែមគ្នាជាមួយ​នឹង​កិច្ច​សហប្រតិបត្តិការផ្សេងទៀត​ដូច​ជា​ក្របខ័ណ្ឌ​មហាអនុតំបន់មេគង្គ និង​យន្តការកិច្ច​សហប្រតិបត្តិការមេគង្គផ្សេងទៀត និង គ៖ ការគាំទ្រ​ដល់​របៀបវារៈ​អភវិឌ្ឍន៍របស់កម្ពុជាសមស្រប​តាមសហគមន៍សេដ្ឋកិច្ច​អាស៊ាន។

ទី២៖ ការកសាងសមត្ថភាពនៃមន្ត្រី។ លោកបានថ្លែងថា អគារមួយ​គឺធ្វើ​ជាគ្រឹះស្ថាន​សម្រាប់វិទ្យាស្ថាន​ការទូត និងការ​សិក្សាអន្តរជាតិ​។ លោករំពឹង​នឹង​ឃើញ​កិច្ច​សហប្រតិបត្តិការជិតស្និទ្ធរវាង​លេខាធិការដ្ឋានជាមួយ​នឹង​វិទ្យាស្ថាន ក្នុង​បរិបទ​នៃការ​ចែក​រំលែក​ចំណេះដឹង និង​បទពិសោធន៍ ទាំង​ក្នុងប្រទេសកម្ពុជា​ក៏ដូចជា​ប្រទេស​ទាំង៦​ក្នុងតំបន់ ។

ទី៣៖ ការអប់រំផ្សព្វផ្សាយ។ លោកញុំ​រំពឹងថា លេខាធិការដ្ឋាន​នឹងអាច​ដើរ​តួនាទីយ៉ាងសកម្ម​ក្នុង​ការ​ផ្សព្វផ្សាយអំពី​ការងារ​ និងសមិទ្ធផល​នៃកិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង​ តួយ៉ាងដូចជាការ​បង្កើត​កម្មវិធី​ផ្សព្វផ្សាយដល់​ប្រព័ន្ធសារព័ត៌មាន និងសកលវិទ្យាល័យ ការបង្កើត​ទស្សនាវដ្តី​ ឬព្រឹត្តិ​បត្តិប្រចាំត្រីមាស​ ការ​រៀបចំ​​សន្និសីទ ឬសិក្ខា​សាលា​លើ​ប្រធាន​បទ​ដែលមាន​ប្រយោជន៍ចំពោះកិច្ច​សហប្រតិបត្តិការមេគង្គ-ឡានឆាងជាដើម ។

សូមបញ្ជាក់ថា ប្រមុខ​ដឹកនាំ​នៃ​ប្រទេសទាំង៦ នៃក្របខ័ណ្ឌ​​មេគង្គ-ឡានឆាង បាន​អនុម័ត​វិស័យអាទិភាពគន្លឹះចំនួន៥សម្រាប់កិច្ច​សហប្រតិបត្តិការមេគង្គ-ឡានឆាងក្នុងនោះរួមមាន៖ ១៖ការតភ្ជាប់ ២៖សមត្ថភាពផលិត ៣៖ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចឆ្លងដែន ៤៖ធនធានទឹក និង៥កសិកម្ម និងការកាត់បន្ថយភាពក្រីក្រ៕