(ភ្នំពេញ)៖ ក្នុងដំណើរចុះពិនិត្យស្ថានភាពលិចលង់ដោយទឹកជំនន់ទឹកភ្លៀង នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ អភិបាលរាជធានី លោក ឃួង ស្រេង បានបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ទីរជំនាញ និងអាជ្ញាធរដែនដីរួមគ្នាដាក់គ្រឿងចក្រកាយប្រឡាយមេទាំងយប់ ដើម្បីរំដោះការលិចលង់នៅតាមខណ្ឌជាយក្រុង។

លោក​ ឃួង ស្រេង ខណៈដឹកនាំមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានបញ្ជាឲ្យស្ថាប័នទាំង២នេះ រួមគ្នាដាក់គ្រឿងចក្រកាយប្រឡាយទួលពង្រទាំងយប់ទាំងថ្ងៃ ពិសេសនៅយប់នេះត្រូវដាក់គ្រឿងចក្រ២គ្រឿង ដោយប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីខណ្ឌពោធិ៍សែនជ័យ ទៅកាន់ខណ្ឌដង្កោ និងខណ្ឌមានជ័យ។

លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ឲ្យដឹងថា ប្រឡាយទួលពង្រមានទទឹង១០ម៉ែត្រ ហើយប្រឡាយនេះបានដើរតួយ៉ាងសំខាន់ក្នុងការរំដោះទឹកជំនន់ចេញពីសង្កាត់ចោមចៅទី១ ចោមចៅទី២ និងចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ដោយមើលឃើញពីសារៈសំខាន់នេះ ទើបលោកអភិបាលរាជធានីបញ្ជាឲ្យមន្ទីរជំនាញ​ និងអាជ្ញាធររួមគ្នាដាក់គ្រឿងចក្រកាយប្រឡាយមេនេះទាំងយប់ ដើម្បីរំដោះការលិចលង់នៅតាមខណ្ឌជាយក្រុង ពិសេសនៅម្តុំសាលាក្តីខ្មែរក្រហម។

ដើម្បីជាការលើកទឹកចិត្ត អភិបាលរាជធានីក៏បានផ្តល់យប្រាក់ម្នាក់ ២០ម៉ឺនរៀល ទៅអ្នកបញ្ជាបើកគ្រឿងចក្រទាំង២គ្រឿងនេះផងដែរ សំខាន់គឺត្រូវតែរំដោះទឹកលិចលង់នេះឲកយបាន ក្នុងរយៈពេល២ ទៅ៣ថ្ងៃនេះ៕