(ភ្នំពេញ)៖ ក្រោយពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិស្ស-និស្សិតជំនាញវិជ្ជាជីវៈទេសចរណ៍ សណ្ឋាគារ និងការរៀបចំម្ហូបអាហារ ភេសជ្ជៈ ជំនាន់ទី១ នៃសាកលវិទ្យាល័យអាស៊ីអឺរ៉បរួចមក ក្រសួងទេសចរណ៍ បានចុះអនុស្សរណៈការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើការជំរុញការបណ្តុះបណ្តាល និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ ជាមួយសាកលវិទ្យាអាស៊ីអឺរ៉ុប ដើម្បីពង្រឹងការអប់រំ និងបណ្ដុះបណ្ដាធនធានមនុស្សក្នុងវិស័យទេសចរណ៍បន្តទៀត។

ពិធីទាំងពីរខាងលើធ្វើឡើងនាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលមានការចូលរួមពីសំណាក់តំណាងប្រតិបត្តិករទេសចរណ៍ ធុរជនក្នុងវិស័យទេសចរណ៍ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិតសរុប ៤៥០នាក់។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍នេះ ធ្វើឡើងដោយលោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ តំណាងក្រសួងទេសចរណ៍ និងលោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប  ដែលនេះជាជំហ៊ានថ្មីមួយទៀត នៃការចូលរួមរបស់គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច និងទេសចរណ៍ សំដៅជំរុញការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ ឆ្លើយតបទៅនឹងផែនការកំណែទម្រង់វិស័យទេសចរណ៍ ២០១៥-២០១៨ លើការពង្រឹងធនធានមនុស្សក្នុងវិស័យទេសចរណ៍ «បុគ្គលិកម្នាក់ ជំនាញមួយ» ពិសេសការបណ្តុះបណ្តាលអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ ស្របតាមស្តង់ដារអាស៊ាន។

ជាមួយគ្នានោះដែរ លោករដ្ឋមន្រ្តីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលបាននិងកំពុងធ្វើការបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញជាច្រើន ជាពិសេសដែលបានពង្រីកឲ្យមានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ចស្របតាមស្តង់ដារអាស៊ានដល់យុវជនកម្ពុជា ដើម្បីមានសមត្ថភាព និងគុណវុឌ្ឍិតាមស្តង់ដារ និងអាចធ្វើការបម្លាស់ទីការងារនៅក្នុងតំបន់អាស៊ាន។

ដើម្បីចូលរួមពង្រឹងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារទេសចរណ៍ទាំងគុណភាព និងបរិមាណ  កន្លងមក ក្រសួងទេសចរណ៍បានបង្កើនភាពជាដៃគូជាមួយភាគីគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ប្រមាណជាង១០ ហើយនៅពេលនេះ ក៏មានការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើការជំរុញការបណ្តុះបណ្តាល និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ថ្មីមួយបន្ថែមទៀត ដែលនឹងចូលរួមដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ ស្របតាមស្តង់ដារអាស៊ាន តំបន់ និងអន្តរជាតិ។

គួររំឭកថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ក្រសួងបានធ្វើការបណ្តុះបណ្តាលបានគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលអាស៊ានបានចំនួន ៣០នាក់ និងគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិចំនួន ៥៨៤នាក់ ព្រមទាំងមានអ្នកជំនាញទេសចរណ៍ប្រមាណ ២០០០នាក់ បានចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេសចរណ៍អាស៊ាន៕