(ស្វាយរៀង)៖ អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅមុននេះបន្តិចថា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧នេះ មន្រ្តីជំនាញបានរកឃើញគ្រាប់បែកគីមី របស់អាមេរិក ដែលកប់នៅក្នុងដីចំនួន៧កន្លែងថ្មីទៀត ស្ថិតនៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ទីដែលកម្លាំងប្រតិបត្តិការកំពុងដោះស្រាយ និងរាវរកគ្រាប់បែកនៅទីនោះ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋចំនួន៣នាក់ ត្រូវបានដឹកចូលទៅកាន់មន្ទីរពេទ្យ ដោយសាររងគ្រោះ នៃគ្រាប់បែកគីមីដ៏សាហាវនេះ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ហេង រតនា។

អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ​ ការរុករកគ្រាប់បែកទំលាក់ពីយន្តហោះ ជាប្រភេទអាវុធគីមី នៅក្នុងបរិវេណសាលាបឋមសិក្សា និងវត្តគគីរ​ ភូមិគគីរ​ ឃុំគគីរ​ ស្រុករមាសហែក​ ខេត្តស្វាយរៀង​ ត្រូវបានបញ្ចប់ហើយ​ ដោយរកឃើញតែមួយគ្រាប់ទេ។ បីសាចចំហាយពិសមួយគ្រាប់ទៀត អាចស្ថិតនៅក្រោមអាគារសាលាឆាន់​ និងអាគារមួយចំនួនទៀត​ ព្រោះក្រោយសង្គ្រាមទីវត្តអារាមនេះ​ បានកសាងសំណង់មួយចំនួនដូចជាសាលាឆាន់​ សាលាបឋមសិក្សាចំនួន២ខ្នង​ និងអាគារមួយចំនួនទៀត»។

លោកថែ្លងទៀតថា «​កងទ័ពនៃកម្លាំងអាជ្ញាធរជាតិគីមី និងកម្លាំងស៊ីម៉ាក់បានប្រឹងប្រែងរុករក ខាងក្រៅអាគារអស់ហើយ​ ហើយយើងមិនអាចកំទេចអាគារទាំងនោះចោលបានទេ​។​ យើងបានបោសសំអាតមួយគ្រាប់ នៅជាប់សាលារៀន​ អាចមានសុខសុវតិ្ថភាពជូនក្មួយៗហើយ។ រីឯសល់មួយគ្រាប់ទៀត ករណីត្រូវសាងសង់ជាថ្មី​ ចាំបាច់ត្រូវបោសសំអាតជាមុនសិន។​ មរតកនេះទុកជូនក្មេងៗ ជំនាន់ក្រោមហើយ​ ប្រសិនជាព័ត៌មានរាយការណ៍នោះមិនខុសទេនោះ​ ហើយយើងមានជំនឿថា​ មិនខុសទេតែមិនចាំកន្លែងច្បាស់តែ​ប៉ុណ្ណោះ។ ជាមួយកិច្ចប្រតិបតិ្តការនេះ​ កំលាំងទាំង២អង្គភាពរុករកឃើញកន្លែង មានគ្រាប់បែកជាអាវុធគីមីដូចគ្នានេះចំនួន៧កន្លែងថ្មីទៀតស្ថិតឃុំគគីរនេះ​ ដោយរួមទាំងមួយកន្លែងបានបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋចំនួនជាង១០នាក់​ ហើយតាមព័ត៌មានចំនួន៣នាក់ ត្រូវចូលទេព្យវិញទៀតនៅថ្ងៃទី០៩ ខែតុលានេះ​ ដោយសារស្ថានភាពសុខភាពមិនល្អ»។

ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរគីមី ក្រសួងការពារជាតិបាន បញ្ជាក់ថា មន្ត្រីជំនាញរបស់អាជ្ញាធរគីមី និងស៊ីម៉ាក់ បាននឹងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះប្រតិបត្តិការដោះគ្រាប់បែកគីមី ដែលបន្សល់ទុកដោយសហរដ្ឋអាមេរិក ពិសេសនៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី៩ ខែតុលានេះ មន្ត្រីជំនាញបានវេចខ្ចប់ និងលុបរណ្តៅដី ដែលរកឃើញគ្រាប់បែកមួយគ្រាប់ នៅទីតាំងក្នុងបរិវេណសាលាបឋមសិក្សាគគីរ រួចរាល់ហើយ ខណៈគ្រាប់បែកគីមីមួយគ្រាប់ទៀត នៅក្នុងបរិវេណវត្តគគីរ មន្ត្រីជំនាញបន្តរុករកនៅឡើយ។ ស្របពេលដែលកំពុងតែរុករកគ្រាប់បែក ក្នុងបរិវេណវត្ត គ្រាប់បែកគីមី២កន្លែងផ្សេងទៀត ក៏ត្រូវបានរកឃើញ នៅក្នុងភូមិតាវាំង ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានចម្ងាយមិនឆ្ងាយប៉ុន្មាន ពីទីតាំងប្រតិបត្តិការ នៅក្នុងបរិវេណវត្តគគីរនោះឡើយ។

លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា «មន្ត្រីជំនាញរបស់យើងកំពុង បន្តស្វែងរកគ្រាប់បែកមួយគ្រាប់ទៀត ដែលនៅក្នុងបរិវេណវត្តគគីរ ដោយបានហៅសាក្សីដែលអះអាងថា បានកប់គ្រាប់បែកនោះ មកចង្អុលបង្ហាញទីតាំងម្តងទៀត ដើម្បីកំណត់គោលឲ្យបានច្បាស់ងាយស្រួលស្វែងរក»។

ចំពោះការជម្លៀសប្រជាជនវិញ លោកឧត្តមសេនីយ៍បានបញ្ជាក់ថា មិនមានការជម្លៀសដូចមុនឡើយ ដោយតែរកមិនទាន់ឃើញគោលដៅទី២ ដូច្នេះប្រជាជន ត្រូវបានអនុញ្ញាតឲ្យរស់នៅ តាមលំនៅឋានធម្មតា ប៉ុន្តែក្នុងពេលប្រតិបត្តិការចំបាច់ណាមួយ ក៏នឹងបន្តជម្លៀសប្រជាជន ចេញពីលំនៅឋានបន្តទៀត។

លោកឧត្តមសេនីយ៍ក៏បានបញ្ជាក់ថា ជុំវិញគ្រាប់បែកគីមីដែលនៅទីតាំងផ្សេងៗ មន្ត្រីស៊ីម៉ាក់បាននឹងកំពុងចុះប្រមូលនូវព័ត៌មាន ឲ្យបានច្បាស់ពីប្រជាជន ដើម្បីងាយស្រួលបើកប្រតិបត្តិការ ដែល យ៉ាងយោចណាស់គ្រាប់បែកពីរគ្រាប់ ត្រូវបានរកឃើញនៅទីតាំងភូមិតាវាំង ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

លោកឧត្តមសេនីយ៍ឯក កេ ដា «យើងមិនទាន់អាចកំណត់រយៈពេលថា នឹងត្រូវបញ្ចប់សកម្មភាពប្រតិបត្តិការដោះគ្រាប់បែកទាំងនោះ នៅពេលណានោះទេ ដោយសារតែគ្រាប់ត្រូវបានរកឃើញជាបន្តបន្ទាប់ ដូច្នេះកម្លាំងក៏មិនទាន់ដកចេញទៅណាឡើយ គឺត្រូវបំពេញការងាររហូតចប់សព្វគ្រប់»៕