(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ បានប្រកាសជាថ្មីម្ដងទៀតថា ការដែលរាជរដ្ឋាភិបាលសម្រេចទិញស្ពាន និងផ្លូវលីយ៉ុងផាត់ មកគ្រប់គ្រងវិញ​ ហើយឲ្យប្រជាពលរដ្ឋធ្វើដំណើរដោយមិនចាំបាច់បង់ថ្លៃនោះ​ គឺដោយសារតែមើលឃើញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។

មួយវិញទៀត សម្ដេចនាយករដ្ឋមន្ដ្រី បានអះអាងថា រដ្ឋាភិបាលកម្ពុជា ត្រូវចំណាយលុយរាប់លានដុល្លារអាមេរិក ដើម្បីទិញស្ពាន និងផ្លូវមួយនេះ ដើម្បីបម្រើឲ្យសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋប្រើប្រាស់។

ក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតជយលាភី នៃសកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) សរុបជិត៦ពាន់នាក់ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ដោយឃើញថាប្រជាពលរដ្ឋរបស់យើងជួបការលំបាក ក្នុងការធ្វើដំណើរ​ហើយយើងចង់បំពេញតម្រូវការ របស់ប្រជាពលរដ្ឋរបស់យើង យើងក៏បានទិញយកស្ពាននេះ​ (ស្ពានលីយ៉ុងផាត់) ត្រឡប់មកវិញ ហើយចាប់តាំងពីសូន្យម៉ោង ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះតទៅ ប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលធ្វើដំណើរឆ្លងកាត់ស្ពានព្រែព្នៅ នឹងមិនចាំបាច់បង់ថ្លៃទៀតទេ។ រដ្ឋត្រូវចំណាយថវិការាប់សិបលានដុល្លារ ដើម្បីទិញយកនូវផ្លូវ និងស្ពាននេះដើម្បីបម្រើឲ្យសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ»។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា តាមគម្រោងនៃការវិនិយោគស្ពាន និងផ្លូវលីយ៉ុងផាត់ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦A ទៅកាន់ផ្លូវជាតិលេខ៥នេះ នឹងត្រូវអនុវត្តរយៈពេលដល់ទៅ៤០ឆ្នាំឯណោះ ប៉ុន្ដែគិតមកទល់ពេលនេះ ខាងក្រុមហ៊ុន ទើបតែអនុវត្តបានត្រឹម៧ឆ្នាំតែប៉ុណ្ណោះ ដែលគិតតែផ្លូវត្រូវគឺប្រើប្រាស់ដីជាង៤០ហិចតា។​

សូមជម្រាបថា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសជាសាធារណៈទិញយក ស្ពាន និងផ្លូវលីយ៉ុងផាត់ព្រែកព្នៅ មកគ្រប់គ្រងវិញ ដូច្នេះបងប្អូនប្រជាពលរដ្ឋនឹងធ្វើដំណើរដោយមិនបាច់បង់ថ្លៃតទៅទៀតឡើយ ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ។

ទន្ទឹមគ្នានោះ ប្រជាពលរដ្ឋ ជាពិសេសអ្នករកស៊ីដឹកជញ្ជូន ដែលឧស្សាហ៍ធ្វើដំណើរឆ្លងកាត់ស្ពានព្រែកព្នៅ របស់លោកឧកញ៉ា លី យ៉ុងផាត បានបង្ហាញអំណរសាទរ និងរីករាយខ្លាំង បន្ទាប់ពីពួកគេបានទទួលព័ត៌មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទិញយកស្ពានព្រែកព្នៅពីឧកញ៉ា លី យ៉ុងផាត ឲ្យប្រជាពលរដ្ឋធ្វើដំណើរដោយមិនយកប្រាក់៕