(ស្វាយរៀង)៖ ប្រតិបត្តិការដោះគ្រាប់បែកគីមី ដ៏គ្រោះថ្នាក់ ដែលបន្សល់ទុកដោយសហរដ្ឋអាមេរិក នៅលើទឹកដីកម្ពុជា កំពុងតែបន្តដោយពុំទាន់បញ្ជាក់ពីរយៈពេល នៃការបញ្ចប់នៅឡើយនោះទេ ខណៈដែលទីតាំងគ្រាប់បែកគីមី ជាច្រើនកន្លែងផ្សេងទៀតត្រូវបានរកឃើញ។

ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរគីមី ក្រសួងការពារជាតិបាន បញ្ជាក់ថា មន្ត្រីជំនាញរបស់អាជ្ញាធរគីមី និងស៊ីម៉ាក់ បាននឹងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះប្រតិបត្តិការដោះគ្រាប់បែកគីមី ដែលបន្សល់ទុកដោយសហរដ្ឋអាមេរិក ពិសេសនៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី៩ ខែតុលានេះ មន្ត្រីជំនាញបានវេចខ្ចប់ និងលុបរណ្តៅដី ដែលរកឃើញគ្រាប់បែកមួយគ្រាប់ នៅទីតាំងក្នុងបរិវេណសាលាបឋមសិក្សាគគីរ រួចរាល់ហើយ ខណៈគ្រាប់បែកគីមីមួយគ្រាប់ទៀត នៅក្នុងបរិវេណវត្តគគីរ មន្ត្រីជំនាញបន្តរុករកនៅឡើយ។ ស្របពេលដែលកំពុងតែរុករកគ្រាប់បែក ក្នុងបរិវេណវត្ត គ្រាប់បែកគីមី២កន្លែងផ្សេងទៀត ក៏ត្រូវបានរកឃើញ នៅក្នុងភូមិតាវាំង ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានចម្ងាយមិនឆ្ងាយប៉ុន្មាន ពីទីតាំងប្រតិបត្តិការ នៅក្នុងបរិវេណវត្តគគីរនោះឡើយ។

លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា «មន្ត្រីជំនាញរបស់យើងកំពុង បន្តស្វែងរកគ្រាប់បែកមួយគ្រាប់ទៀត ដែលនៅក្នុងបរិវេណវត្តគគីរ ដោយបានហៅសាក្សីដែលអះអាងថា បានកប់គ្រាប់បែកនោះ មកចង្អុលបង្ហាញទីតាំងម្តងទៀត ដើម្បីកំណត់គោលឲ្យបានច្បាស់ងាយស្រួលស្វែងរក»

ចំពោះការជម្លៀសប្រជាជនវិញ លោកឧត្តមសេនីយ៍បានបញ្ជាក់ថា មិនមានការជម្លៀសដូចមុនឡើយ ដោយតែរកមិនទាន់ឃើញគោលដៅទី២ ដូច្នេះប្រជាជន ត្រូវបានអនុញ្ញាតឲ្យរស់នៅ តាមលំនៅឋានធម្មតា ប៉ុន្តែក្នុងពេលប្រតិបត្តិការចំបាច់ណាមួយ ក៏នឹងបន្តជម្លៀសប្រជាជន ចេញពីលំនៅឋានបន្តទៀត។

លោកឧត្តមសេនីយ៍ក៏បានបញ្ជាក់ថា ជុំវិញគ្រាប់បែកគីមីដែលនៅទីតាំងផ្សេងៗ មន្ត្រីស៊ីម៉ាក់បាននឹងកំពុងចុះប្រមូលនូវព័ត៌មាន ឲ្យបានច្បាស់ពីប្រជាជន ដើម្បីងាយស្រួលបើកប្រតិបត្តិការ ដែល យ៉ាងយោចណាស់គ្រាប់បែកពីរគ្រាប់ ត្រូវបានរកឃើញនៅទីតាំងភូមិតាវាំង ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

លោកឧត្តមសេនីយ៍ឯក កេ ដា «យើងមិនទាន់អាចកំណត់រយៈពេលថា នឹងត្រូវបញ្ចប់សកម្មភាពប្រតិបត្តិការដោះគ្រាប់បែកទាំងនោះ នៅពេលណានោះទេ ដោយសារតែគ្រាប់ត្រូវបានរកឃើញជាបន្តបន្ទាប់ ដូច្នេះកម្លាំងក៏មិនទាន់ដកចេញទៅណាឡើយ គឺត្រូវបំពេញការងាររហូតចប់សព្វគ្រប់»