(ភ្នំពេញ)៖ មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ គឺលោក នន្ទ សុខា បានបញ្ចេញប្រតិកម្ម និងមិនពេញចិត្តចំពោះការបម្រើសេវាសាធារណៈទូទៅ ពីសំណាក់មន្ដ្រីរដ្ឋបាលខណ្ឌសែនសុខ ជូនប្រជាពលរដ្ឋទូទៅ ដោយមានភាពយឺតយ៉ាវ ដែលធ្វើឲ្យពួកគាត់មានការថ្នាំងថ្នាក់យ៉ាងខ្លាំង។

ជាក់ស្ដែងបញ្ហានេះ បានធ្លាក់មកលើរូបលោកផ្ទាល់តែម្តង បន្ទាប់ពីមន្ដ្រីរដ្ឋបាលខណ្ឌសែនសុខ គ្រាន់តែធ្វើលិខិតបញ្ជាក់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ គឺត្រូវប្រើពេលវេលារហូតដល់មួយសប្ដាហ៍ ដោយមន្ដ្រីរដ្ឋបាលខណ្ឌអះអាងថា ទាល់តែមួយសប្ដាហ៍ ទើបស៊ីញ៉េចេញម្ដង ដែលការកំណត់នេះប្រជាពលរដ្ឋ ដូចជាមិនចង់បាននោះឡើយ ពោលគួរតែបង្កើនរយៈពេលឲ្យខ្លី ទើបពួកគាត់ងាយអាងយកទៅប្រើប្រាស់ តាមតម្រូវការជាក់ស្ដែងឲ្យទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ នន្ទ សុខា ដែលមានតួនាទីជាមេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និងពាក់ផ្កាយ៣នៅលើស្នា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះថា កាលពីថ្ងៃសុក្រទី០៦ ខែតុលា​ លោកបានឲ្យកូនស្រី យកអត្តសញ្ញាណបណ្ណរបស់លោក ទៅធ្វើលិខិតបញ្ជាក់ ដើម្បីប្រើប្រាស់តាមតម្រូវការជាក់ស្ដែង ប៉ុន្ដែរហូតមកដល់ថ្ងៃច័ន្ទនេះ ការបញ្ជាក់មិនទាន់បាននៅឡើយទេ ដោយត្រូវរង់ចាំរហូតដល់ថ្ងៃទី១១ ខែតុលា។

លោកឧត្តមសេនីយ៍ នន្ទ សុខា បានបញ្ជាក់ទៀតថា នៅពេលដែលកូនស្រីរបស់លោកទៅសួរនាំនោះ ត្រូវបានមន្ដ្រីរដ្ឋបាលខណ្ឌសែនសុខម្នាក់ប្រាប់ថា​​ ទាល់តែមួយសប្ដាហ៍ទើបពួកគេស៊ីញ៉េចេញម្ដង។

ជាមួយភាពយឺតយ៉ាវ នៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋខាងលើនេះ លោកឧត្តមសេនីយ៍ ក៏បានជម្រុញអភិបាលខណ្ឌថ្មីជួយពន្លឿន និងណែនាំមន្ដ្រីរបស់ខ្លួន គួរពង្រួញពេលវេលា បម្រើសេវាជូនប្រជាពលរដ្ឋក្នុងរយៈខ្លីបានហើយ កុំឲ្យពួកគាត់ត្រូវចំណាយពេលរង់ចាំ ពីព្រោះត្រូវយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្ដែង។

អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបំភ្លឺបាននៅឡើយទេ នៅល្ងាចថ្ងៃដដែលនេះ ពីមន្ដ្រីរដ្ឋបានខណ្ឌសែនសុខ ពីសំណាក់ឧត្តមសេនីយ៍ផ្កាយ៣រូបនេះ៕