(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានរិះគន់ដល់មេដឹកនាំប្រទេសមួយចំនួនថា បានសន្យាជ្រុលហួសហេតុជាមួយប្រជាពលរដ្ឋ ប៉ុន្តែពេលពួកគាត់ឈ្នះបានឡើងកាន់អំណាច បែរជាមិនអាចអនុវត្តតាមការសន្យារបស់ខ្លួនទៅវិញ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជយលាភី នៃសកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

ដោយទំនងជាសម្តៅទៅមេដឹកនាំប្រទេសមីយ៉ាន់ម៉ាសព្វថ្ងៃនេះ ដែលដឹកនាំដោយគណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី, សម្តេចតេជោ ហ៊ុន សែន បានរិះគន់មេដឹកនាំប្រទេសនេះថា មិនបានអនុវត្តតាមការសន្យាខ្លួន នៅពេលបោះឆ្នោតដែលថា នឹងបញ្ឈប់ការរើសអើងលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ប្រទេសខ្លះអ្នកនយោបាយអនុវត្តជ្រុល សន្យាជ្រុល ឥឡូវដល់ពេលឡើងគ្រប់គ្រងអំណាច គឺបានសេចក្តីថា ធ្វើមិនកើត។ ប្រទេសខ្លះសន្យាថា នឹងបញ្ឈប់ការរើសអើងចំពោះជនជាតិភាគតិច ប៉ុន្តែពេលនេះប្រទេសនោះកំពុងតែញ៉ាំញីទៅដោយជម្លោះ លើបញ្ហាជនជាតិភាគតិច បទឈប់បាញ់ដែលបានកើតមានកន្លងទៅ ក៏ត្រូវបានបាញ់គ្នាឡើងវិញ»។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានរិះគន់ដល់មេដឹកនាំប្រទេសក្រិច ដែលសន្យាមុនពេលបោះឆ្នោតថា នឹងបញ្ឈប់ការយកពន្ធ ប៉ុន្តែនៅពេលឈ្នះឆ្នោតបែរ ជាយកពន្ធកាន់តែច្រើន ហើយថែមទាំងកាត់ប្រាក់ខែ ដំឡើងពន្ធរដ្ឋថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា «គោលនយោបាយដឹកនាំរដ្ឋ មិនមែនត្រឹមតែធ្វើដើម្បីឃោសនាយកសន្លឹកឆ្នោតនោះទេ ក៏ប៉ុន្តែទាមទារឱ្យគិតគូរម៉ត់ចត់ថា ថវិកាទ្រទ្រង់បានឬមិនបាន។ អញ្ចឹងបានជាខ្ញុំព្រះករុណាខ្ញុំ មានមោទនភាពណាស់ ដែលបានរួមចំណែកជាមួយនឹងព្រះតេជគុណ ជាមួយនឹងប្រជាពលរដ្ឋ រួមសុខរួមទុក្ខ»។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា បញ្ហាជម្លោះកំពុងកើតមាននៅតំបន់ និងនៅលើពិភពលោក គឺសុទ្ធតែជារឿងដែលតម្រូវឲ្យកម្ពុជាយកចិត្តទុកដាក់។

គួរបញ្ជាក់ថា បើតាម អង្គការ Human Rights Watch ផ្អែកលើការវិភាគរូបភាពថតដោយផ្កាយរណប នាថ្មីៗនេះ ពួកគេបានរកឃើញបទ​ឧក្រិដ្ឋប្រឆាំងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅប្រទេសមីយ៉ាន់ម៉ា ដែលធ្វើឡើងដោយរដ្ឋាភិបាលថ្មីក្នុងនោះមានដូចជា ការបណ្ដេញ ឬបង្ខំឱ្យប្រជាជនចាកចេញពីផ្ទះសម្បែង ការសម្លាប់ ឬការព្យាយាមសម្លាប់ ការរំលោភបំពានផ្លូវភេទ និងការធ្វើទុក្ខបុកម្នេញជាដើម៕